កិច្ចប្រជុំជាលើកដំបូង ក្រុមការងារសហប្រតិបត្តិការ ផែនការ និងថវិកា (ក.ស.ផ.ថ.)

34

កាលពីរសៀលថ្ងៃអង្គារ ២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងបរិស្ថាន ក្រុមការងារសហប្រតិបត្តិការ ផែនការ និងថវិកា (ក.ស.ផ.ថ.) បានរៀបចំកិច្ចប្រជុំជាលើកដំបូង ក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ និងជាប្រធានក្រុមការ ក.ស.ផ.ថ. និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកនៃក្រុមការងារ។ អង្គប្រជុំបានពិភាក្សាទៅលើរបៀបរបបការងារថ្មីរបស់ក្រុមការងារ ដែលមានតួនាទី និងភារកិច្ចដូចបានចែងនៅក្នុងសេចក្តីសម្រេច ការទទួលខុសត្រូវខ្ពស់ ក្នុង ការសម្របសម្រួល ការរៀបចំគោលនយោបាយ យុទ្ធសាស្រ្ត កិច្ចព្រមព្រៀងផ្សេងៗ ទាំងក្របខណ្ឌជាតិ និងអន្តរជាតិ ជាពិសេស តួនាទី លេខាធិការដ្ឋានដែលជាសេនាធិការយ៉ាងសំខាន់ក្នុងការសម្របសម្រួល ដំណើរការទាំងមូលរបស់ក្រុមការងារ។ ឯកឧត្តមប្រធានក្រុមការងារ បានសំណូមពរឱ្យគ្រប់អង្គភាពក្រោមឱវាទក្រសួងបរិស្ថាន បន្តសហការ និងផ្តល់នូវរាល់ឯកសារ ឬការទំនាក់ទំនងណាមួយ ដែលក្រុមការងារស្នើសុំ ឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព ជាពិសេស ការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយក្រសួង ស្ថាប័ន ដៃគូ និងអង្គការជាតិ និងអន្តរជាតិផងដែរ៕

ចែករំលែក