ក្រសួងបរិស្ថាននៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ​២០១៧ បានបើកសន្និបាតរយៈពេលបីថ្ងៃបូកសរុបលទ្ធផលការងារបរិស្ថាន​​ឆ្នាំ​២០១៧ និងទិសដៅការងារឆ្នាំ​២០១៨នៅទីស្តីការក្រសួងបរិស្ថាន​ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិនឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីស្តីទី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាង​ដ៏ខ្ពង់ខ្ពស់ ​សម្តេច អគ្គមហាសេនា​បតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្នុងពិធីបើកសន្និបាត ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងពីសមិទ្ធ​ផល​ការងារឆ្នាំ​២០១៧ និងទិសដៅការងារឆ្នាំ២០១៨ ដោយនៅក្នុងនោះក្រសួងបានកំណត់ទិសដៅយុទ្ធសាស្រ្ត​គឺការកំណត់យការធ្វើទំនើបកម្មស្ថាប័ន កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព ដែលជាសសរស្តម្ភ និងជាមូលដ្ឋានគ្រឹះ សម្រាប់ការរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាព ដើម្បីធានាឱ្យបាននូវការអភិវឌ្ឍដោយចីរភាពស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍​ជាតិ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់អង្គការសហប្រជាជាតិ។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីសមិទ្ធផលរបស់ក្រសួងបរិស្ថានដែលបានសម្រេចដែលរួម​មានការទំនើបកម្មស្ថាប័ន កិច្ចគាំពារបរិស្ថាន ការងារការពារ និងអភិរក្សធនធានធម្មជាតិ ការអភិវឌ្ឍ​ដោយ​ចីរភាព ការងារអប់រំ និងផ្សព្វផ្សាយព័ត៌មានបរិស្ថាន។

ក្រោយការបញ្ចប់សន្ទរកថារបស់ឯកឧត្តមរដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន បានសង្តត់ធ្ងន់ថា ក្រសួងបរិស្ថានបាននិងកំពុងដើរតួយ៉ាង​សំខាន់​ក្នុងនាមជាស្ថាប័ន​និយតករ ក្នុងការ​​រៀបចំ និងផ្តួចផ្តើមឱ្យមានការធ្វើកំណែទម្រង់សំខាន់ៗនៅ​ក្នុងវិស័យបរិស្ថាននិងធនធានធម្មជាតិ ក៏ដូចជា​ជំរុញឱ្យអ្នក​ពាក់ព័ន្ធ​ទាំងអស់ចូលរួមអនុវត្តកម្មវិធីកំណែទម្រង់ទាំងនេះឱ្យមានប្រសិទ្ធភាព ដើម្បីធានារក្សា​​ឱ្យបាននូវតុល្យភាព​រវាង​ការអភិរក្សនិងការអភិវឌ្ឍ​​។

សូមបញ្ជាក់ថា ការងារបរិស្ថានជាកិច្ចការសកល និងមានលក្ខណៈ​​អន្តរវិស័យ ដែលត្រូវបានពិភពលោក​យកចិត្ត​ទុក​ដាក់យ៉ាង​ខ្លាំងក្នុងពេលបច្ចុប្បន្ននេះ ហើយក៏ជាកិច្ចការ​ដែលទាមទារឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ទាំងក្នុងក្រប​ខ័ណ្ឌ​ជាតិ តំបន់ និងពិភពលោក ក្នុងការ​រួមគ្នាថែរក្សា ការពារ និងស្វែងរកវិធានការដោះស្រាយបញ្ហាប្រឈម ដើម្បីធានាឱ្យ​បាននូវ​គុណភាព​បរិស្ថាន តុល្យភាព​នៃប្រព័ន្ធអេកូឡូស៊ី ការរស់នៅដោយចីរភាព និងសុវត្ថិភាពនៃភពផែនដី។

ក្នុងក្របខណ្ឌជាតិ  ការងារបរិស្ថានទាមទារឱ្យមានការចូលរួមពីគ្រប់​ក្រសួង ស្ថាប័ន រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ វិស័យឯកជន និងអ្នកពាក់ព័ន្ធ ក្នុងការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រ ច្បាប់ និង​លិខិត​បទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យបរិស្ថាននិង​ធនធានធម្មជាតិ ស្របតាម​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព។ នៅចំពោះមុខ​កិច្ចការដ៏ចម្បងនេះ រាជរដ្ឋាភិបាលបាន​ប្រកាន់​ខ្ជាប់នូវជំហរ​វិជ្ជមាន ក្នុងការពង្រឹង​ប្រសិទ្ធភាព​​​ការងារ​គ្រប់​គ្រងបរិស្ថាន និងធនធានធម្មជាតិ ដោយ​បានជំរុញ​ឱ្យ​ក្រសួង ស្ថាប័ន និង​អ្នក​ពាក់ព័ន្ធ បន្តចូល​រួម​អនុវត្តឱ្យបានជោគ​ជ័យនូវយុទ្ធសាស្រ្តចតុកោណ​ដំណាក់កាល​ទី៣ របស់រាជរដ្ឋា​ភិ​បាល និងផែនការ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍ជាតិ​ តាមរយៈការពង្រឹងតួនាទីរបស់​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍ដោយ​ចីរភា​ព ដែលជា​យន្តការសម្របសម្រួលការរៀបចំគោលនយោបាយ ផែនការ​យុទ្ធសាស្រ្ត ផែនការ​សកម្មភាព និង​លិខិត​បទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រង​ធនធាន​ធម្មជាតិ ការអភិរក្ស​ជីវៈចម្រុះ ការប្រែប្រួលអាកាសធាតុ ការប្រើប្រាស់បច្ចេកវិទ្យាបៃតង និងការអភិវឌ្ឍ​ដោយចីរភាព។ល។

 

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់