រដ្ឋាភិបាលកម្ពុជាដាក់តំបន់២ដែមានទំហំជិត៦ពាន់ហិកតាជាតំបន់ប្រើប្រាស់ច្រើនយ៉ាង

108

រដ្ឋាភិបាលកម្ពុជាតាមរយៈសំណើរបស់ក្រសួងបរិស្ថាននៅថ្ងៃទី២៨ ខែវិច្ឆិកាថ្មីៗនេះ បាន​ចេញ​អនុក្រឹត្យ​ចំនួនពីរ​​ស្តីពីការ​បង្កើតតំបន់​«សសរ​ស្តម្ភ​សត្វតោ» និង«ភ្នំនាងកង្រី-ភ្នំទូកមាស»​ជាតំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​ដែលមានផ្ទៃដីសរុបជិត​៦ពាន់​ហិកតា(៥៩០២) ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់ក្រសួងបរិស្ថាន។

តំបន់ប្រើប្រាស់ច្រើនយ៉ាង ​«ភ្នំនាងកង្រី-ភ្នំទូកមាស»​ ​មាន​ផ្ទៃដី​៥០៦៣​ហិកតា ស្ថិត​ក្នុង​ភូមិសាស្ត្រ​ឃុំត្រងិល ឃុំពោធិ៍ ឃុំច្រណូក ឃុំដារ និង​ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្ត​កំពង់ឆ្នាំង។ ដោយឡែក​តំបន់​ប្រើប្រាស់ច្រើនយ៉ាង​«សសរ​ស្តម្ភ​សត្វតោ »​ ដែលមានផ្ទៃដីសរុបចំនួន៨៣៩ ស្ថិតក្នុងភូមិសាស្ត្រ ស្រុក​សំបូរ ខេត្តក្រចេះ​។

ការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងទាំងពីរនេះ មានគោលបំណងចំនួន៥ចំណុចធំៗ ទី១ ​ដើម្បី​​ធានា​ឱ្យមាន​ការ​ថែទាំទីជម្រក និងស្ថេរភាពនៃប្រពន្ធអេកូឡូស៊ី សារព័នមជ្ឈដ្ឋានធម្មជាតិ សត្វព្រៃ រុក្ខ​ជាតិ​ សម្រាប់យូរអង្វែង ទី២ រក្សាលំនឹងបរិស្ថាន ការពារ​និងអភិរក្សធនធានធម្មជាតិ និង​រួម​ចំណែក​ធន​ធាន​ធម្មជាតិ និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និង​ហានិភ័យ​គ្រោះ​មហន្តរាយ​ធម្មជាតិ ទី៣ លើកទឹកចិត្តឱ្យមានការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូច​ជា​អ្នក​ពាក់​ព័ន្ធក្នុង​ការ​ថែរក្សា ការពារ អភិរក្ស និងការប្រើប្រាស់ធនធានធម្មជាតិដោយ​និរន្តរភាព​ ទី៤ បង្កើន​តួនាទី​ប្រព័ន្ធ​អេកូឡូ​ស៊ីតំបន់ការពារធម្មជាតិ សម្រាប់ជាផលប្រយោជន៍​ដល់សង្គមជាតិគ្រប់ជំនាន់ និងទី៥ ផ្តល់​ផលិត​ផល​និង​សេវាកម្ម​ធម្មជាតិ​សម្រាប់​ប្រើប្រាស់​តាម​តម្រូវ​ការ​របស់​សហគមន៍។

សូមកត់សំគាល់ថា ​ តំបន់ប្រើប្រាស់ច្រើនយ៉ាង សំដៅ​ដល់តំបន់ក្នុងដែនដីគោក និង/ឬដែនទឹក ដែលក្នុងនោះ​មាន​សម្បូរណ៍ដោយប្រព័ន្ធធម្មជាតិ ដែល​​ពុំ​ទាន់រងការបំផ្លិចបំផ្លាញ និងតម្រូវឱ្យ​មាន​សកម្មភាព​​គ្រប់គ្រង ដើម្បីធានាការការពារ ការ​ថែទាំ​ធនធាន​ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី សម្រាប់​ពេល​យូរអង្វែង។ ទន្ទឹម​នឹង​នេះ​ដែរ​វាអាច​ផ្តល់ផលិតផល និង​សេវាកម្ម​ធម្មជាតិ​សម្រាប់​ការ​ប្រើប្រាស់​តាម​តម្រូវ​​ការ​របស់​សហគមន៍។

អនុក្រឹត្យដែលមានហត្ថលេខារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានបញ្ជាក់ថា ក្រសួង​បរិស្ថានមានសមត្ថកិច្ចរៀបចំ និងគ្រប់គ្រង តំបន់ប្រើប្រាស់ច្រើនយ៉ាងនេះ ដោយ​សហការ​ជាមួយ​ក្រសួង​​ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត និងកងកម្លាំងប្រដាប់អាវុធមានសមត្ថកិច្ច ដើម្បីធានា​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្សប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិ​ប្រកប​ដោយ​និរន្តរ​ភាព។

សូមបញ្ជាក់ថា ប្រព័ន្ធការពារធម្មជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជា មាន តំបន់​ការពារ​ធម្មជាតិ​ចំនួន​៥០​កន្លែង​ដោយបូកបញ្ចូលតំបន់ប្រើប្រាស់ច្រើនយ៉ាង«ភ្នំនាងកង្រី-ភ្នំទូកមាស»និង​«សសរស្តម្ភសត្វតោ» និង​របៀង​អភិរក្សជីវៈ​ចម្រុះ​​ប្រព័ន្ធ​តំបន់ការពារធម្មជាតិចំនួន៣កន្លែងដែលគ្រប់ដណ្តប់លើ​ផ្ទៃដី​ប្រមាណ​៧,៥លានហិកតា ស្មើ​នឹង​៤១%នៃផ្ទៃដីទូទាំងប្រទេស៕

 

 

ចែករំលែក