រដ្ឋមន្រ្តីបរិស្ថាន ស្នើឱ្យCEO ម៉ាស្ទ័រក្លឹបបង្កើតពានរង្វាន់សម្រាប់អាជីវកម្មគិតគូរពីបរិស្ថាន

16

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានស្នើឱ្យប្រធានCEO ម៉ាស្ទ័រក្លឹបបង្កើតពាន់សម្រាប់ការប្រកួតប្រជែង​ក្រុម​ហ៊ុនដែលយកចិត្តទុកដាក់លើវិស័យបរិស្ថាន។ ការថ្លែងយ៉ាងដូចនេះរបស់ឯកឧត្តមរដ្ឋមន្ត្រីគឺធ្វើឡើងក្នុងឱកាសនៃ​ការអញ្ជើញជាអធិបតីភាពក្នុងពិធីចែកពានរង្វាន់របស់CEO ម៉ាស្ទ័រក្លឹប​កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០១៧ នៅ​សណ្ឋាគារ​​សុខាភ្នំពេញ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា នាពេលបច្ចុប្បន្ននេះក្រុមហ៊ុនមួយចំនួនកំពុងតែយកចិត្ត​ទុកដាក់​ខ្ពស់​លើ​ផល​ប៉ះពាល់​​បរិស្ថានដោយបង្កើតយន្តការដើម្បីសំអាតភាពកខ្វក់ ហើយក្រុមហ៊ុនមួយចំនួនផ្សេងទៀតក៏បាន និងកំពុង​បន្ត​យក​ចិត្ត​ទុក​ដាក់លើ​វិស័យ​ដ៏សំខាន់មួយនេះដែលគួរកោតសរសើរ។

​ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ៖“ឆ្នាំ​២០១៨ CEO គួរតែពិចារណាទៅលើ​អាជីវកម្មដែល​យក​ចិត្ត​ទុក​ដាក់​លើ​វិស័យបរិស្ថានព្រោះក្រុមហ៊ុនជាច្រើនបានយកចិត្តទុកដាក់លើវិស័យនេះ”។

ការស្នើឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីគឺធ្វើឡើងនៅពេលដែលសង្គមកម្ពុជាបានឈានដល់របត់ថ្មីមួយដែលគិតគូរពីវិស័យនេះដោយចេញនូវកិច្ចការងារជាច្រើនដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍនាពេលច្ចុប្បន្ន និងបញ្ជៀបចំណេះដឹងដល់ប្រជាពល​រដ្ឋ​ជាទូទៅ ដូចជាការសម្រួលរចនាសម្ព័ន្ធស្ថាប័ន ការលើកទឹកចិត្តមន្ត្រីរាជការ និងការបណ្តុះបណ្តាលបន្ថែមជាដើម។

ក្នុងពិធីចែកពានរង្វាន់ដល់ម្ចាស់អាជីវកម្មប្រមាណ៥០០នាក់ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងកោតសរសើរចំពោះ​សហគ្រិននារី​ដែលកំពុងកើនឡើងគួរឱ្យកត់សម្គាល់ដែលជាការបង្ហាញឱ្យឃើញពីរបត់ថ្មីរបស់សង្គមកម្ពុជា ដែលស្ត្រីជាមេផ្ទះផង និងជាអ្នករកស៊ី ម្ចាស់ក្រុមហ៊ុនដ៏ចំណានផង។ ទន្ទឹងនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូស​បញ្ជាក់ថា៖ “ពាណិជ្ជករទាំងអស់ពិតជាអនាគតនៃកម្ពុជា ដើម្បី​នាំនា​វា​កម្ពុជា​ទៅ​កាន់​ត្រើយ​សុភមង្គល”៕

ចែករំលែក