រដ្ឋមន្ត្រីបរិស្ថានជួប ពិភាក្សាការងារជាមួយប្រធានJICAផ្តោតលើការគ្រប់គ្រងតំបន់ការពារធម្មជាតិ កិច្ចគាំពារបរិស្ថាន និងការគ្រប់គ្រងសំណល់

29
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ស៊ុហ្កាណុ យូអីជី ប្រធានទីភ្នាក់ងារជប៉ុន (JICA)ក្នុងជំនួបថ្ងៃទី០២ ខែតុលា។ រូបភាព៖ វិសាល

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅថ្ងៃទី០២ ខែតុលានេះ បានអនុញ្ញាតឱ្យលោក ស៊ុហ្កាណុ យូអីជី ប្រធានទីភ្នាក់ងារជប៉ុន (JICA)  បានជួបពិភាក្សាការងារនៅទីស្តីការក្រសួងបរិស្ថានពាក់ព័ន្ធនឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងកិច្ចគាំពារបរិស្ថាន ជាពិសេសការគ្រប់គ្រងសំណល់រឹង រាវ និងការវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ជូនលោកប្រធានJICA ថា រាជរដ្ឋាភិបាលកម្ពុជាបានបើកទំព័រថ្មីលើការគ្រប់គ្រងធនធានធម្មជាតិ និងកិច្ចគាំពារបរិស្ថាន ហើយបានកំណត់គោលនយោបាយ និងគោលដៅជាយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការបង្កើនប្រសិទ្ធភាពនៃការងារនេះ។ ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ជូនភាគីជប៉ុនអំពីផែនការយុទ្ធសាស្ត្រ និងអាទិភាពការងារមួយចំនួនក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ជាពិសេសព្រៃឈើ ការគ្រប់គ្រងសំណល់រឹ រាង និងការកែលម្អប្រព័ន្ធលូរដោះទឹកភ្លៀងដើម្បីបញ្ជៀសការលិចទីក្រុងនៅពេលមានភ្លៀងខ្លាំង ព្រមទាំងការពង្រឹងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម។

ដើម្បីសម្រេចគោលដៅជាយុទ្ធសាស្ត្រនេះ ឯកឧត្តមរដ្ឋមន្ត្រី តាមរយៈលោកប្រធានJICA បានស្នើសុំរាជរដ្ឋាភិបាលជប៉ុនផ្តល់កិច្ចសហការ និងការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងបរិស្ថានក្នុងការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងកិច្ចគាំពារបរិស្ថាន ស្របតាមគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងបំណងប្រាថ្នារបស់កម្ពុជា។

ជាការឆ្លើយតប លោកប្រធានJICA បានគាំទ្រសំណើ និងអនុសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី ហើយបានប្តេជ្ញាផ្តល់កិច្ចសហការនិគាំទ្រកាន់តែខ្លាំងក្លាបន្ថែមទៀតដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងបរិស្ថាន ក្នុងការបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានធម្មជាតិ ការគ្រប់គ្រងសំណល់រឹង រាវ និងការអភិវឌ្ឍដោយចីរភាព ស្របតាមគោលដៅជាយុទ្ធសាស្ត្រដែលរារដ្ឋាភិបាលបានកំណត់៕

ឯកឧត្តម​សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ រូបភាព៖ វិសាល
លោក ស៊ុហ្កាណុ យូអីជី ប្រធានទីភ្នាក់ងារជប៉ុន (JICA)។ រូបភាព៖ វិសាល

 

ចែករំលែក