តើបងប្អូនបានស្គាល់តំបន់បេតិកភណ្ឌភ្នំត្បែងហើយឬនៅ ហើយ តំបន់នេះអ្វីដែលគួរឱ្យទាក់ទាញ?

118
ទឹកជ្រោះភ្នំត្បែង។

បង្កើតឡើងកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ​២០១៦ ដោយ​ចំណារ​របស់​រាជ​​រដ្ឋាភិបាលកម្ពុជា តាមរយៈ​សំណើ​របស់​រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំបន់បេតិកភណ្ឌភ្នំត្បែង មាន​ផ្ទៃដីប្រមាណ​២ម៉ឺន​៥ពាន់​​ហិក​តា​(២៥.២៦៩,៤១) ដែលមានភូមិសាស្ត្រជាប់ស្រុកចំនួនបួន គឺស្រុកសង្គមថ្មី ស្រុកៃ គូលែន ស្រុករវៀង និងក្រុងព្រះវិហារ។

តំបន់បេតិកភណ្ឌមួយនេះ មានភាពល្អឯកលើសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ទឹកជ្រោះចំនួន៣ដំណាក់តាំង​ពីកំពូលរហូតជើងភ្នំ និងមានទេសភាពចំការចេករបស់ប្រជាពលរដ្ឋតាមដងផ្លូវទៅកាន់ភ្នំត្បែងដែលមានកម្ពស់ប្រមាណ៤០០ម៉ែត្រដែលអ្នកធ្វើដំណើរត្រូវឆ្លងកាត់កាំជណ្តើរ១៣៨០កាំ។ មិនត្រឹមតែប៉ុណ្ណោះ ភ្នំត្បែងគឺជាទីតាំងប្រវត្តិសាស្ត្រដែលពលរដ្ឋកម្ពុជាគោរពបូជា ទីសក្ការៈ​ទាំងនោះរួមមាន ថ្មបីដុំជាដើម។

តើមានមូលហេតុអ្វីបានជារដ្ឋាភិបាលកម្ពុជាដាក់តំបន់ធម្មជាតិភ្នំត្បែងនេះទៅជាតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង?

មានមូលហេតុសំខាន់ៗយ៉ាងហោចចំនួន៥ចំណុចដែលរដ្ឋាភិបាលកម្ពុជាចង់បាននោះគឺ ទី១ការការពារ​តួនាទី​ផ្នែកប្រព័ន្ធអេកូឡូស៊ីសម្រាប់ជាប្រយោជន៍របស់មនុស្សគ្រប់ជំនាន់ ទី២ ការកម្រិតដល់ការប្រើប្រាស់ធនធាន​ជីវៈចម្រុះ ធនធានធម្មជាតិ នៃតំបន់ធម្មជាតិនេះ ទី៣ ការការពារសោភ័ណភាព ទេសភាពធម្មជាតិ និង​តម្លៃ​ធម្មជាតិ នៃតំបន់នេះសម្រាប់បម្រើដល់ការកំសាន្ត ការទស្សនា ការអប់រំ ការសិក្សាស្រាវជ្រាវ វិទ្យាសាស្ត្រ និង​ជំនឿ ដែលគ្រប់សកម្មភាពទាំងនេះពុំបង្កការគំរាមកំហែងដល់បរិស្ថាន ធម្មជាតិ និងវប្បធម៌​នៅ​ក្នុង​មូលដ្ឋាន ទី៤ ការផ្តល់សេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព និងទី៥ ការលើក​កម្ពស់​ការ​ចូលរួម​របស់​សហគមន៍មូលដ្ឋានក៏ដូចជាសាធារណជនក្នុងការចូលរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការ​អភិរក្ស​ជីវៈចម្រុះនិងធនធានធម្មជាតិក្នុងតំបន់។

បច្ចុប្បន្នតំបន់បេតិកភណ្ឌភ្នំត្បែង បានក្លាយ​ជាទីចាប់​អារម្មណ៍​របស់ភ្ញៀវ​ទេសចរណ៍​ជាពិសេស​យុវជន​ក្នុងការ​កំសាន្ត​ចុងសប្តាហ៍ដោយការបោះតង់ជាក្រុម និងជាលក្ខណៈគ្រួសារជាដើម។

សូមធ្វើដំណើរទៅកាន់តំបន់បេតិកភណ្ឌភ្នំត្បែងទាំងអស់គ្នាដើម្បីទទួលបានចំណីអារម្មណ៍ប្លែកពីទេសភាព និងខ្យល់អាកាសបរិសុទ្ធ៕

ដោយ៖ ស៊ុន មេសា

 

 

 

ចែករំលែក