រូបសំណាកកូនដំរីធ្វើពីអន្ទាក់ព្រានព្រៃដាស់ស្មារតីសាធារណជនឱ្យរួមទប់ស្កាត់ការបរបាញ់សត្វព្រៃ និងស្រឡាញ់ធនធានធម្មជាតិ

262

រូបសំណាកកូនដំរីឈ្មោះឈូក ដែលកំពុងឈរយ៉ាងសង្ហារនេះកើតចេញពីគំនិតសិល្បៈ ប្រកបដោយទេពកោសល្យ និងការច្នៃប្រឌិតខ្ពស់ពីសិល្បករខ្មែរ ឡាយ សុភាព ដោយលោកបានសាងសង់រូបកូនដំរីនេះពីអន្ទាក់សត្វព្រៃ ដែលដកហូតចេញពីតំបន់ព្រៃនៃព្រះរាជាណាចក្រកម្ពុជា។ កាល​​​ពី​​​ខែកក្កដាឆ្នាំ២០១៧ កន្លងទៅ សិល្បករខ្មែរ បានបង្កើតរូបកូនដំរី ឈ្មោះឈូក ដែលសាងសង់ដោយអន្ទាក់ព្រានព្រៃរាប់រយរាប់ពាន់ ក្នុងនោះក៏មានអន្ទាក់ដាក់កូនដំរី ឈ្មោះឈូកផងដែរ ដែលយកពីតំបន់ព្រៃនៃខេត្តមណ្ឌលគិរី។ រូបចម្លាក់ធ្វើពីអន្ទាក់នេះ បង្កើតឡើងដើម្បីជាសារជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូប ត្រូវបឈ្ឈប់ការបរបាញ់ និងបញ្ឈប់ការបរិភោគសត្វព្រៃ និងឈប់ទិញសត្វព្រៃ ដើម្បីកាត់បន្ថយតម្រូវការសត្វព្រៃគ្រប់រូបភាព និងជំរុញឱ្យអ្នកបរបាញ់បញ្ចប់មុខរបររកសត្វព្រៃតទៅទៀត។

ឈូក គឺជាឈ្មោះកូនដំរី ដែលអ្នកអភិរក្សបរិស្ថាន បានផ្តល់ឱ្យ នៅពេលបានជួបកូនដំរីកំពុងជាប់អន្ទាក់ព្រាន និងជួយសង្រ្គោះ ជាមួយដំរីពីរ បីក្បាលទៀត ក្នុងព្រៃនៃខេត្តមណ្ឌលគីរី កាលពីឆ្នាំ២០០៧។ ឈូក បានត្រូវអន្ទាក់ព្រានប្រមាញ់ វាយកាត់ប្រអប់ជើងទាំងអស់។ កូនដំរី ត្រូវបានជួយសង្រ្គោះនៅមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ ដោយបានព្យាបាលជំងឺ និងបង្កើតជាជើងសិប្បនិម្មិតឱ្យដើរ។ រហូតដល់ពេលនេះ ឈូក មានសុខភាពល្អ និងរស់នៅដោយសុខសាន្តនៅទីនោះ។

សូមបញ្ជាក់ថា រូបភាពតំណាងកូនដំរី ដែលផលិតឡើងពីអន្ទាក់ព្រាន បានដាក់តាំងបង្ហាញកាលពីដើមខែសីហា នៅផ្សាទំនើប អីអនម៉ល រាជធានីភ្នំពេញ ក្នុងព្រឹត្តិការណ៍សិល្បៈ ក្រោមប្រធានបទអន្ទាក់ ដែលរៀបចំឡើងដោយអង្គការអភិរក្សសត្វព្រៃ និងសិល្បករខ្មែរ ដើម្បីជំរុញឱ្យមានការចូលរួមស្រឡាញ់ និងបឈ្ឈប់ការបរបាញ់ និងឈប់បរិភោគសាច់សត្វព្រៃ ព្រមទាំងចូលរួមថែរក្សការពារព្រៃឈើ និងជីវៈចម្រុះនៅកម្ពុជា។

ពីថ្ងៃនេះតទៅកូនដំរីឈូក នឹងដាក់តាំងបង្ហាញជូនសាធារណជន ភ្ញៀវជាតិ និងអន្តរជាតិ បានទស្សនាដោយសេរី នៅទីស្តីការក្រសួងបរិស្ថានដើម្បីពង្រឹងការស្វែងយល់ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ជាមួយដៃគូនានា ក្នុងការការពារធនធានធម្មជាតិនៅកម្ពុជា។ ក្រសួងបរិស្ថាន បានកំពុងបង្កើនការយកចិត្តទុកដាក់ ពង្រឹងការទប់ស្កាត់នូវបទល្មើសដែលប្រជាពលរដ្ឋ ដាក់អន្ទាក់ នៅក្នុងតំបន់ព្រៃការពារអោយមានប្រសិទ្ឋភាពខ្ពស់៕

ចែករំលែក