ការប្រកួតដណ្តើមជ័យលាភីយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០១៨ ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
—————————————
និស្សិតសាកលវិទ្យាល័យចំនួន ៨ ក្នុងរាជធានីភ្នំពេញ បានឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតជជែកពិភាក្សាអំពីបញ្ហាបរិស្ថាន ឆ្នាំ២០១៨ ដែលបានរៀបចំឡើងដោយនាយកដ្ឋានអប់រំបរិស្ថាន នៅថ្ងៃអង្គារ៍ ៧កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកជំទាវ ងិន លីណា អគ្គនាយកចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន និងដោយមានការចូលរួមតំណាងអគ្គនាយកដ្ឋានជំនាញនៃក្រសួងបរិស្ថាន និស្សិត សាស្ត្រាចារ្យ និងអង្គការដៃគូជាច្រើននាក់។

លោក ជៀប ប៊ុនអ៊ាង ប្រធាននាយកដ្ឋានអប់រំបរិស្ថាន បានឱ្យដឹងថា ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះមានប្រធានបទសំខាន់ចំនួន៤ រួមមាន៖ ១. ទោះបីអនុវត្តគោលការណ៍ “ការប្រើប្រាស់ និងផលិតកម្មដោយចីរភាព” ក៏មិនអាចកាត់បន្ថយសម្ពាធនៃការប្រើប្រាស់ធនធានធម្មជាតិបានឡើយ ដរាបណាកំណើនប្រជាជនលើពិភពលោកនៅតែកើនឡើង ២.ការចូលរួមរបស់សាធារណជន គឺជាកត្តាដ៏ចាំបាច់ដើម្បីកាត់បន្ថយការបំពុលទឹកនៅកម្ពុជាឱ្យមានប្រសិទ្ធភាពខ្ពស់ ៣.ការគ្រប់គ្រងធនធានធម្មជាតិតាមបែបសហគមន៍ប្រសើរជាងការគ្រប់គ្រងតាមបែបគ្រប់គ្រងមជ្ឈការ ៤.ការជំរុញការអប់រំបរិស្ថាន អាចធ្វើឱ្យទិសដៅអភិវឌ្ឍន៍ដោយចីរភាពសម្រេចបានជោគជ័យ។ តាមរយៈប្រធានបទទាំងបួនខាងលើនេះ គឺជាការឆ្លើយតបទៅនឹងការអភិវឌ្ឍរបស់ក្រសួងបរិស្ថានជំរុញនូវការចូលរួម ក៏ដូចជាការផ្សព្វផ្សាយទៅដល់មហាជនទូទៅក្នុងការអនុវត្តកិច្ចគាំពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះនៅកម្ពុជាឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល។

លោកជំទាវ ងិន លីណា បានចាត់ទុកថា វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ នៃការប្រកួតដណ្តើមជ័យលាភីយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០១៨ គឺជាជំហានថ្មីមួយទៀតដែលសាកលវិទ្យាល័យទាំង៨នេះត្រូវធ្វើការប្រកួតប្រជែងដើម្បីជ្រើសរើស យកសាលាជ័យលាភីចំនួន៤ ដើម្បីចូលរួមវគ្គប្រកួតជុំចុងក្រោយដណ្តើមយកជ័យលាភីឯកនាខែវិច្ឆកាខាងមុខ។ លោកជំទាវ បានកោតសរសើរដល់និស្សិតទាំងអស់ ដែលបានចូលរួមប្រកួតក្នុងកម្មវិធី ដែលជាការបង្ហាញពីការយល់ដឹង និងការចូលរួមក្នុងវិស័យបរិស្ថាន និងសូមឱ្យសិស្សនិស្សិតប្រកាន់ភ្ជាប់នូវគោលគំនិតរបស់ខ្លួនទាក់ទងទៅនឹងប្រធានបទដែលបានដាក់ជូន និងជាពិសេសការចូលរួមប្រែក្លាយជាការអនុវត្តជាក់ស្តែង។

សូមបញ្ជាក់ថា វគ្គដំបូងនៃការប្រកួតដណ្តើមជ័យលាភីយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០១៨ មាននិស្សិតមកពី១៦ សាកលវិទ្យាល័យចូលរួម។ គណៈកម្មការរៀបចំបានរកឃើញនិស្សិតមកពីគ្រឹះស្ថានឪត្តមសិក្សាចំនួន ៨ បានឆ្លងចូលរួមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាថ្ងៃនេះ ក្នុងនោះមានសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ សាកលវិទ្យាល័យមេគង្គកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិគ្រប់គ្រង សាលាជាតិកសិកម្មព្រែកលៀប សាលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

ព័ត៌មានបន្ថែម

មន្ទីរបរិស្ថាន​ខេត្ត​បាត់ដំបង​
ថ្ងៃ ចន្ទ, 27 មករា, 2020 មន្ទីរបរិស្ថាន​ខេត្ត​បាត់ដំបង​
លទ្ធផលគុណភាពខ្យល់បានបង្ហាញថា ស្ថានភាពគុណភាពខ្យល់នៅរាជធានីភ្នំពេញត្រឹមម៉ោង ១២ ថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២០
ថ្ងៃ ចន្ទ, 27 មករា, 2020 លទ្ធផលគុណភាពខ្យល់បានបង្ហាញថា ស្ថានភាពគុណភាពខ្យល់នៅរាជធានីភ្នំពេញត្រឹមម៉ោង ១២ ថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២០
ប្រពៃណីវប្បធម៌ នៃធម្មជាតិ កើតមានរហូតដល់សព្វថ្ងៃនៅក្នុងតំបន់អង្គរ ខេត្តសៀមរាប
ថ្ងៃ អាទិត្យ, 26 មករា, 2020 ប្រពៃណីវប្បធម៌ នៃធម្មជាតិ កើតមានរហូតដល់សព្វថ្ងៃនៅក្នុងតំបន់អង្គរ ខេត្តសៀមរាប