«ដើម្បីរក្សាបាននូវសុវត្ថិភាពទិន្នន័យរបស់ក្រសួងស្ថាប័ន ចាំបាច់ត្រូវមានមជ្ឈមណ្ឌលទិន្នន័យជាតិរួមមួយដើម្បីរក្សាទុកទិន្នន័យរបស់ក្រសួងស្ថាប័ន និងសម្រាប់មន្ត្រីម្នាក់ៗក៏ត្រូវសិក្សារៀនសូត្រពីការប្រើប្រាស់ប្រព័ន្ធឌីជីថល ការការពារសុវត្ថិភាព ទប់ស្កាត់ការលួចទិន្នន័យផ្សេងពីគណនីរបស់មន្ត្រីម្នាក់ៗ ឬរបស់ស្ថាប័ន។ ការការពារបាននូវសុវត្ថិភាពទិន្នន័យ គឺចូលរួមការពារសន្តិសុខអ៊ីនធឺណិត និងសន្តិសុខព័ត៌មានដែលមានសារៈសំខាន់ចំពោះសន្តិសុខជាតិ»។ នេះជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការការពារ និងទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត Cyber Security» លើកទី៣ ជូនដល់មន្ត្រីរាជការក្រសួងបរិស្ថាន និងមន្ទីរបរិស្ថាន ២៥ រាជធានី-ខេត្ត នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នាទីស្ដីការក្រសួងបរិស្ថាន។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងបន្ថែមថា ក្នុងរយៈពេលប្រមាណ៣០ឆ្នាំចុងក្រោយនេះ ប្រព័ន្ធផ្សព្វផ្សាយបែបទំនើប ដែលសំដៅដល់បណ្ដាញទំនាក់ទំនងសង្គម មានដូចជា Facebook, TikTok, Twitter, Instagram, និងTelegram ជាដើម បានចូលមកជំនួសតួនាទីប្រព័ន្ធផ្សព្វផ្សាយបែបបុរាណ ដែលមានដូចជា វិទ្យុ ទូរទស្សន៍ និងកាសែតជាដើម ដែលធ្លាប់ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់នូវព័ត៌មាន និងការកំសាន្ត ដល់ប្រជាពលរដ្ឋទូទាំងពិភពលោក។ ប្រព័ន្ធផ្សព្វផ្សាយបែបទំនើប មានភាពឆាប់រហ័ស និងពេញនិយម ក្នុងចំណោមអ្នកប្រើប្រាស់ តែទន្ទឹមនេះ វាក៏មានហានីភ័យខ្ពស់ចំពោះសន្តិសុខសុវត្ថិភាពព័ត៌មានផងដែរ ដែលទាមទានូវការស្វែងយល់ពីវិធីនៃការប្រើប្រាស់ និងការការពារប្រព័ន្ធសុវត្ថិភាព។
ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងផងដែរថា និន្នាកានៃការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ននេះគឺ ខ្លី ខ្លឹម និងលឿន។ ហេតុនេះហើយ ទើបបណ្ដាញផ្សព្វផ្សាយសង្គមបែបទំនើប ដែលអាចផ្តល់ព័ត៌មានបានលឿន បានចូលខ្លួនយ៉ាងឆាប់រហ័ស មកជំនួសប្រព័ន្ធផ្សព្វផ្សាយបែបបុរាណ។ យ៉ាងណាក្ដី នៅលើបណ្ដាញសង្គមបែបទំនើបទាំងអស់នោះ ក៏បានផ្តល់នូវព័ត៌មានមិនពិតជាច្រើនផងដែរ ដែលទាមទាឲ្យអ្នកប្រើប្រាស់ត្រូវចេះថ្លឹងថ្លែងនិងស្វែងយល់ ថាតើព័ត៌មានណាមួយពិត ឬមិនពិត ក្នុងនោះយើងត្រូវគិតទៅលើ២ចំណុច ទី១គឺ ប្រភពព័ត៌មាន និងទី២គឺ ភាពត្រឹមត្រូវសមហេតុផល ការពិតនៃព័ត៌មាននោះ។
ឯកឧត្តមបន្ថែមថា នៅក្នុងដំណើរនៃកាអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល និងគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល ប្រជាពលរដ្ឋចាំបាច់ត្រូវធ្វើអក្ខរកម្មឌីជីថល ការអភិវឌ្ឍខ្លួន ការសិក្សាស្វែងយល់ ដើម្បីប្រែក្លាយខ្លួនឲ្យដើរទាន់សភាពការណ៍នៃសង្គមឌីជីថលនេះ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់នូវអនុសាសន៍សំខាន់ៗដល់សិក្ខាកាមទាំងអស់ ត្រូវស្វែងយល់ពីបច្ចុប្បន្នភាពដំណើរឌីជីថលរបស់កម្ពុជាថាតើយើងស្ថិតនៅចំណុចណា បង្កើនការផលិតនិងផ្សព្វផ្សាយព័ត៌មានឲ្យបានទូលំទូលាយ និងពង្រឹងសន្ដិសុខសុវត្ថិភាពបណ្ដាញសង្គម ប្រព័ន្ធInternet និងការគ្រប់គ្រងទិន្នន័យ។

គួរបញ្ជាក់ថា សិក្ខាសាលានេះ មានវាគ្មិន២រូប អញ្ជើញមកពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួមធ្វើបទបង្ហាញ ដែលវាគ្មិនទី១គឺ លោក ម៉ុក ខេមរ៉ា ប្រធាននាយដ្ឋានរដ្ឋាភិបាលអេឡិចត្រូនិច ធ្វើបទបង្ហាញលើប្រធានបទស្ដីពី «ដំណើរកម្ពុជាទៅកាន់សេដ្ឋកិច្ច និងសង្គមឌីជីថល» និងវាគ្មិនទី២គឺ លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខបច្ចកវិទ្យាគមនាគមន៍និងព័ត៌មាន ធ្វើបទបង្ហាញស្តីពី «សន្តិសុខការប្រើប្រាស់បណ្តាញសង្គម»៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់