ទីក្រុងបោន-អាល្លឺម៉ង់៖ ឯកឧត្តម ឃុត ចាន់ដារ៉ា តំណាងវិស័យបរិស្ថានកម្ពុជា នៅថ្ងៃទី១៨ ខែវិច្ឆិកា ២០១៧នេះ បានដឹកនាំគណៈប្រតិភូវិស័យបរិស្ថានចូលរួមក្នុងសន្និសីទ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុលើកទី២៣  (COP២៣)  ដែលបានចាប់ផ្តើមពីថ្ងៃទី៦ ដល់១៧ ខែវិច្ឆិកា​ ឆ្នាំ២០១៧ នៅទីក្រុងបោន សាធារណៈរដ្ឋអាល្លឺម៉ង់។

ឯកឧត្តម ឃុត ចាន់ដារ៉ា បានថ្លែងបញ្ជាក់អំពីជំហរដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា​នៅ​ក្នុង​ការ​ចូល​រួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុតាមរយៈការផ្តល់សច្ចប័នដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ ​និងបានដាក់ជូននូវផែនការជាតិរួម​ចំណែក​អនុវត្ត​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ (NDC) ហើយទន្ទឹមនឹងនេះ កម្ពុជាក៏បានអំពាវនាវដល់គ្រប់ភាគីទាំងអស់ផ្តល់នូវការគាំទ្រដល់រាជរដ្ឋាភិបាលដើម្បីសម្រេចទិសដៅផែនការរបស់ខ្លួនដែល​នឹង​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ឲ្យ​បាន ២៧ ភាគរយ​ត្រឹម​ឆ្នាំ ២០៣០ នឹង​សន្យា​បង្កើន​ចំនួន​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​ឲ្យ​បាន​ចន្លោះ​ពី ៤៧ ទៅ ៦០ ភាគរយ។

សូមបញ្ជាក់ថា កម្ពុជា​យក​ចិត្តទុកដាក់ខ្លាំងចំពោះបញ្ហាប្រែប្រួលអាកាសធាតុនៅក្នុង​របៀបវារៈនៃការអភិវឌ្ឍ សំដៅរួម​ចំណែក​​អភិវឌ្ឍ​សេដ្ឋកិច្ច​ដែល​បញ្ចេញកាបូនទាប ព្រមទាំងធន់នឹងអាកាសធាតុ ធានា​ការ​អភិវឌ្ឍ​ដោយចីរភាព​ ដោយផ្តោតលើ ការធានាសន្តិសុខថាមពល ទឹក និងស្បៀងអាហារ​ ការកែលំអសុខភាព ការកសាង​សមត្ថភាព ការផ្ទេរបច្ចេកវិទ្យា ការទទួល​បាន​នូវ​ធនធានហិរញ្ញវត្ថុ និងការ​កាត់​បន្ថយភាពក្រីក្រ ដោយជាមួយគ្នា​នោះ រួមចំណែក​ជាមួយ​សហគមន៍​អន្តរជាតិ​ក្នុង​ការកាត់បន្ថយការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់។​ វិធានការសំខាន់ៗ៖ (១) ការកសាងសមត្ថភាព​ស្ថាប័ន (២) ការ រៀបចំ និងអនុវត្ត​ផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា (៣) ការ​បញ្ជ្រាប​​ការប្រែប្រួលអាកាសធាតុ ទៅក្នុង​ផែនការអភិវឌ្ឍន៍ (៤) ការកៀរគរធនធាន (៥) ការអភិវឌ្ឍថាមពលកកើតឡើងវិញ និងប្រសិទ្ធភាពថាមពល (៦) ការអភិរក្សព្រៃឈើ (៧) ការ​អនុវត្តគម្រោងនានាសំដៅកសាង​ភាពធន់របស់សហគមន៍ និងរបរ​ចិញ្ចឹម​ជីវិតដែល​មាននិរន្តរភាព។

ដោយឡែកលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres  បានគូសបញ្ជាក់ដល់សមាជិកទាំងអស់ពី ទឹកជំនន់ ខ្យល់ព្យុះ និងអគ្គីភ័យ បានកើតឡើងញឹកញាប់ និងកាន់តែសាហាវដែលកំពុងវាយប្រហារពិភពលោក៕

ទិដ្ឋភាពរបស់មេដឹកនាំពិភពលោកដែលបានចូលរួមក្នុងកិច្ចប្រជុំស្តីពីការប្រែប្រួលអាកាសធាតុនៅអាល្លឺម៉ង់។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់