ក្រសួងបរិស្ថានបានធ្វើការប្រគល់ពានរង្វាន់ និងវិញ្ញាបនបត្រដល់រាជធានី និងក្រុងរបស់ប្រទេសកម្ពុជាចំនួន៤ ដែលទទួលបានពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន និងវិញ្ញាបនបត្រទទួលស្គាល់ដីស្អាត ទឹកស្អាត និងខ្យល់ស្អាតអាស៊ាន ដែលបានសម្រេចក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ាន លើកទី១៦ ដែលបានរៀបចំឡើងដោយប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ កន្លងមក។

គួរបញ្ជាក់ថាកម្ពុជាទទួលបានវិញ្ញាបនបត្រចំនួន០៣ គឺក្រុងកែបជាទីក្រុងខ្យល់ស្អាត រាជធានីភ្នំពេញជាទីក្រុងទឹកស្អាត និងក្រុងសែនមនោរម្យជាទីក្រុងដីស្អាត។ ដោយឡែក ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ទទួលបានពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ានឆ្នាំ២០២១។
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួបរិស្ថានថ្លែងក្នុងពិធីដែលបានបរៀបចំឡើងនារសៀលថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០២២នេះឱ្យដឹងថាការទទួលបានពានរង្វាន់ និងវិញ្ញាបនបត្រទទួលស្គាល់ទាំងនេះ គឺដោយសារកត្ដាសុខសន្តិភាព និងស្ថេរភាពនយោបាយ ។រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងផ្តល់ភាពកក់ក្តៅ សន្តិភាព និងសុខុមាលភាពដល់ការរស់នៅរបស់ប្រជាពលរដ្ឋយើង ដោយបានកំណត់យកការអភិវឌ្ឍបៃតងជាគោលការណ៍សំខាន់នៃការរៀបចំផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ខ្លួន ក្នុងការឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលនឹងរួមចំណែករក្សាកំណើនសេដ្ឋកិច្ចជាតិ លើកកម្ពស់គុណភាពបរិស្ថាន និងកាត់បន្ថយភាពក្រីក្រ។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា ដើម្បីសម្រេចបេសកកម្មរបស់ខ្លួន ធានាបាននូវទីក្រុងស្អាតនិងបៃតង ក្រសួងបរិស្ថានបានដាក់ចេញនូវចក្ខុវិស័យដោយមានសសរស្តម្ភសំខាន់ៗចំនួន៤រួមមាន៖ ការធ្វើទំនើបកម្មស្ថាប័ន ការអភិរក្សជីវៈចម្រុះ និងការការពារធនធានធម្មជាតិ កិច្ចគាំពារបរិស្ថាន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយរួមបញ្ចូលគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពផងដែរ។ ទាក់ទងនឹងកិច្ចគាំពារបរិស្ថាន ក្រសួងបរិស្ថានបានចាត់វិធានការជាច្រើន ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន ដោយផ្តោតលើគុណភាពដី ទឹក និងខ្យល់។ល។ ដែលជាសូចនាករសំខាន់ក្នុងការផ្តល់ពានរង្វាន់និរន្តរភាពបរិស្ថានទីក្រុងអាស៊ាន និងវិញ្ញាបនបត្រទទួលស្គាល់និរន្ដរភាពបរិស្ថានទីក្រុងអាស៊ាន។
ទាក់ទិនក្នុងរឿងនេះដែរ ឯកឧត្តម ជា ស៊ីណា អនុរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងឱ្យដឹងថា ដោយមើលឃើញពីកំណើននៃបញ្ហាបរិស្ថាននៅតាមទីក្រុង និងក្នុងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ទីក្រុងក្នុង បណ្តាប្រទេសអាស៊ានប្រកបដោយភាពស្អាតនិងបៃតង ទើបនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ាននៅទីក្រុងហាណូយនាឆ្នាំ២០០៨ បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពរួមមួយសម្រាប់តំបន់ គឺការអភិវឌ្ឍទីក្រុងឱ្យមាននិរន្តរភាពបរិស្ថាន ដែលមានសូចនាករវាយតម្លៃសំខាន់ចំនួន៣ គឺខ្យល់ស្អាត ទឹកស្អាត និងដីស្អាត និងដោយបានធ្វើការប្រគល់ពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថាន (ASEAN ESC Award) លោកទី១ ដល់ទីក្រុងចំនួន ១០ នៅតាមប្រទេសអាស៊ាន ក្នុងនោះរាជធានីភ្នំពេញបានទទួលពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានលើកទី១ ផងដែរ។
ឯកឧត្តមបញ្ជាក់ថានៅឆ្នាំ២០១១ នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ានបានធ្វើការសម្រេចពង្រីកបន្ថែមលើការផ្តល់វិញ្ញាបនបត្រទទួលស្គាល់ទីក្រុងនិរន្ដរភាពបរិស្ថានអាស៊ានសម្រាប់ទីក្រុងធំ និងទីក្រុងតូចៗ ទៅតាមប្រភេទសូចនាករ គឺទីក្រុងមានខ្យល់ស្អាត ទីក្រុងមានទឹកស្អាត និងទីក្រុងមានដីស្អាត។

គួររំលឹកថា សម្រាប់កម្ពុជា រាជធានីភ្នំពេញបានទទួលពានរង្វាន់និរន្តរភាពបរិស្ថានទីក្រុងអាស៊ាននាឆ្នាំ២០០៨ និងឆ្នាំ២០១១ ទីក្រុងបាត់ដំបងបានទទួលនាឆ្នាំ២០១៣ ទីក្រុងកែបបានទទួលនាឆ្នាំ២០១៧ និងទីក្រុងព្រះស៊ីហនុបានទទួលនាឆ្នាំ២០២១កន្លងទៅថ្មីៗនេះ។ ទន្ទឹមនោះ ទីក្រុងសៀមរាបបានទទួលវិញ្ញាបនប័ត្រទទួលស្គាល់ទឹកស្អាតនាឆ្នាំ២០១៣ ទីក្រុងពោធិសាត់បានទទួលវិញ្ញាបនប័ត្រទទួលស្គាល់ទឹកស្អាតនាឆ្នាំ២០១៧ និងសម្រាប់ឆ្នាំ២០២១ កន្លងមកនេះ រាជធានីភ្នំពេញបានទទួលវិញ្ញាបនប័ត្រទទួលស្គាល់ទឹកស្អាត ទីក្រុងសែនមនោរម្យបានទទួលវិញ្ញាបនប័ត្រទទួលស្គាល់ដីស្អាត និងទីក្រុងកែបបានទទួលវិញ្ញាបនប័ត្រទទួលស្គាល់ខ្យល់ស្អាតដែលជាក្តីមោទនរបស់ជាតិយើង៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់