«ភាពជោគជ័យរបស់ប្អូនៗសិស្សានុសិស្សទាំងអស់ជាក្ដីសង្ឃឹមថ្មីរបស់ខេត្តព្រះសីហនុ និងជាទំនួលខុសត្រូវដ៏ខ្ពស់សម្រាប់ខ្លួនឯង និងសង្គមជាតិផងដែរ»។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងប្រគល់រង្វាន់ម៉ូតូដល់ សិស្សនិទ្ទេស «A» នៅវិទ្យាល័យក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នារសៀលថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ។ ។

ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់បន្ថែមទៀតថា លោកគ្រូ អ្នកគ្រូ ក៏ជាចំណែកមួយដ៏សំខាន់ក្នុងការចូលរួមដុសខាត់កែច្នៃទំពាំងដែលជាអ្នកស្នងប្រទេសជាតិ និងខេត្តព្រះសីហនុ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍកម្ពុជាប្រកបដោយចីរភាព។ ជាមួយគ្នានេះ ឯកឧត្តមក៏បាននាំនូវការសួរសុខទុក្ខរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្រ្ដីនាពេលអនាគត ដែលជានិច្ចកាលលោកតែងគិតគូរ និងខិតខំស្វែងរកវ៉ាក់សាំងដើម្បីចាក់ជូនប្រជាពលរដ្ឋ ដើម្បីឱ្យមានភាពស៊ាំក្នុងសហគមន៍ ក៏ដូចជាប្អូនៗសិស្សានុសិស្ស ដែលធ្វើឱ្យការប្រឡងរបស់ប្អូនៗប្រព្រឹត្តទៅដោយជោគជ័យ។

គួរបញ្ជាក់ឱ្យដឹងថា តាមរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានឱ្យដឹងថា ឆ្នាំសិក្សា២០២០-២០២១ សម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បេក្ខជនដាក់ពាក្យប្រឡងមានចំនួន១,៣៥២នាក់ ស្រី ៧១០នាក់ ប្រឡងជាប់ចំនួន១,០២៣នាក់ ស្រី ៥៦២នាក់ ស្មើនឹង៧៥,៦៧ភាគរយក្នុងនោះ៖ និទ្ទេសA មានចំនួន២០នាក់ (ស្រី០៩នាក់) ក្នុងនោះវិទ្យាល័យហ៊ុនសែនក្រុង ចំនួន០៧នាក់ វិទ្យាល័យ ហ៊ុន សែន មិត្តភាព ចំនួន៣នាក់ វិទ្យាល័យជីវិត ចំនួន០៣នាក់ វិទ្យាល័យ ហ៊ុន សែន ព្រៃនប់ចំនួន០២នាក់ វិទ្យាល័យ ហ៊ុន សែន វាលរេញ ចំនួន០២នាក់ វិទ្យាល័យសុវណ្ណភូមិចំនួន០២នាក់ និងវិទ្យាល័យស្ទឹងហាវចំនួន០១នាក់។ សិស្សនិទ្ទេសB មានចំនួន៦៧នាក់(ស្រី៤៣នាក់) និទ្ទេសC មានចំនួន១៧០នាក់ (ស្រី៩៩នាក់) និទ្ទេសD មានចំនួន៣៧២នាក់ (ស្រី២០៩នាក់) និងនិទ្ទេសE មានចំនួន៣៩៤នាក់ (ស្រី២០២នាក់)។

សម្រាប់សិស្សានុសិស្សជ័យលាភីនាពេលនេះ ទទួលបានការលើកទឹកចិត្តរួមមាន៖ និទ្ទេសA ចំនួន២០នាក់ ក្នុងម្នាក់ៗទទួលបានម៉ូតូ០១គ្រឿង និងថវិកា៥០០ដុល្លារ, និទ្ទេសB ចំនួន៦៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២០០ដុល្លារ និងនិទ្ទេសC ចំនួន១៧០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១០០ដុល្លារ។

គួររម្លឹកឱ្យដឹងថា អមដំណើរឯកឧត្តម សាយ សំអាល់ អញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស «A,B,C» នៅខេត្តព្រះសីហនុ មានការចូលរួមពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើនរូបទៀត៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់