ក្រុង​សែនមនោរម្យ៖ ខ្សែ​គោ ខ្សែលួស ខ្សែកាប ត្រូវបាន​ដាក់លក់​គ្រប់​ទីកន្លែង​ក្នុងតម្លៃថោក។ សម្ភារទាំងនេះ​ត្រូវបាន​កែច្នៃ​ជា​អង្គប់ និង​អន្ទាក់​សម្រាប់​ប្រមាញ់​សត្វព្រៃ ក្នុង​កម្រិត​វិនាសកម្ម។

លោក សេង ទៀក នាយក​អង្គការ WWF ប្រចាំ​ប្រទេស​កម្ពុជា បាន​និយាយថា៖ «អន្ទាក់​ជា​ឃាតករ​លាក់មុខ និង​សម្លាប់​សត្វព្រៃ​ដោយ​ស្ងាត់ស្ងៀម​បំផុត ថ្វីដ្បិតតែ​អន្ទាក់​មានតម្លៃ​ថោក ងាយស្រួល​រក និង​ងាយស្រួល​ដំឡើង តែ​វា​អាច​សម្លាប់សត្វ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត។

ថ្លែង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍​ស្ថានភាព​សត្វ​ក្រចកជើង​ចម្ពាម​នៅ​តំបន់​ព្រៃ​ទេសភាព​ខ្ពង់រាប​ភាគ​ខាងកើត​ក្នុង​ខេត្ដ​មណ្ឌលគិរី លោកបាន​បន្ដថា៖ «អន្ទាក់​ធ្មេញ​ដែក និង​អន្ទាក់​ឆក់​អាច​សម្លាប់​សត្វព្រៃ​ផង ក៏មាន​លទ្ធភាព​អាច​សម្លាប់​មនុស្ស​ផងដែរ។ ដូច្នេះ អន្ទាក់​ធ្វើឱ្យ​ព្រៃ​ធម្មជាតិ​គ្មាន​សត្វព្រៃ»។

លោក សេង ទៀក និយាយថា ក្នុង​ទសវត្សរ៍​ទី៥០ ប្រទេស​កម្ពុជា ​ត្រូវបាន​អ្នកវិទ្យាសាស្ដ្រ និង​អ្នកស្រាវជ្រាវ​ពិពណ៌នា​ថា ជា​ឋានសួគ៌​របស់​សត្វព្រៃ​ក្នុង​ទ្វីបអាស៊ី និង​ជា​តំបន់​មួយ​ដែលមាន​សត្វព្រៃ​ច្រើនជាងគេ​ក្នុង​ពិភពលោក បន្ទាប់ពី​ទ្វីបអាហ្វ្រិក។

លោក​អះអាងថា៖ «ការលើកឡើង​នេះ ក៏មាន​ភ័ស្ដុតាង​បញ្ជាក់​ក្នុង​ភាពយន្ដ​ឯកសារ​ស្ដីពី​ការស្រាវជ្រាវ​សត្វ​គោព្រៃ ទន្សោង ខ្ទីង ក្របីព្រៃ​នៅ​កម្ពុជា​ដោយ​អ្នកវិទ្យាសាស្ដ្រ​ជនជាតិ​អាមេរិក​ក្នុង​ឆ្នាំ ១៩៥១»។

Content image – Phnom Penh Post

អន្ទាក់​មានតម្លៃ​ថោក តែ​នាំ​មហន្តរាយ​ច្រើន​អនេក។ រូបថត យូ​សុះ អាប់​ឌុល​រ៉ា​ស់​ហ៊ីមថ្មីៗនេះ អង្គការ WWF ក៏​បានចេញ​របាយការណ៍​មួយ​ស្ដីពី​វិបត្ដិ​អន្ទាក់​តំបន់​អាស៊ីអាគ្នេយ៍ និង​បាន​ប៉ាន់ប្រមាណ​ថា អន្ទាក់​ប្រមាណ ១២,៣ លាន​អន្ទាក់​ កំពុង​គំរាមកំហែង​ដល់​ការរស់នៅ​របស់​សត្វព្រៃ។

លោក​បានឱ្យដឹងថា៖ «តំបន់​ការពារ​ធម្មជាតិ​ចំនួន ១១ នៅក្នុង​ប្រទេស​កម្ពុជា ឡាវ វៀតណាម ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី បាន​ប្រមូល​អន្ទាក់​សរុប​ជាង ៣៧ ម៉ឺន​អន្ទាក់ ​ក្នុង​រយៈពេល ៩ ឆ្នាំ​ ពីឆ្នាំ ២០១០ ដល់​ឆ្នាំ ២០១៩»។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​អ្នកនាំពាក្យ​ក្រសួងបរិស្ថានបានឱ្យដឹងថា៖ «ដោយឡែកនៅ​កម្ពុជា យើង​អត់​ដឹងថា មាន​អន្ទាក់​ចំនួន​ប៉ុន្មាន​នៅក្នុង​តំបន់ការពារធម្មជាតិ​របស់​យើង​នោះទេ។ ប៉ុន្ដែ​ក្នុងមួយឆ្នាំៗ យ៉ាងហោចណាស់ ប្រមាណ ៥ ម៉ឺន​អន្ទាក់ ត្រូវបាន​ដោះចេញ​ពី​តំបន់ការពារធម្មជាតិ​របស់​យើង»។

លោក​បន្ដថា រូបភាព​តាម​កាមេរ៉ា​តាមដានមើលឃើញថា សត្វព្រៃ​មួយចំនួន​មាន​ពិការភាព និង​សត្វ​ខ្លះទៀត ជើង​ជាប់អន្ទាក់។

អ្នកនាំពាក្យ​រូបនេះ​បាន​ថ្លែង​ក្នុង​ដំណើរ​ដឹកនាំ​ក្រុម​អ្នកសារព័ត៌មាន​ទៅកាន់​តំបន់​ព្រៃ​ទេសភាព​ខ្ពង់រាប​ភាគ​ខាងកើត កាលពី​ពាក់កណ្ដាល​ខែមករា​ថា៖ «ចំពោះ​អន្ទាក់ យើង​មិនដឹងថា ពេលណា​វា​ខូច​នោះទេ។ អ៊ីចឹង វា​លាក់​មុខ រង់ចាំតែ​សត្វ​ដើរមក​ជាប់​តែម្ដង។ ជួនកាល ម្ចាស់​អន្ទាក់ក៏​ភ្លេចខ្លួន​ថា ខ្លួនឯង​បានដាក់​នៅ​កន្លែង​ណា​ថែមទៀត»។

ជាម​ន្ដ្រី​ឧ​ទ្យា​នុ​រក្ស​នៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ដែលមាន​បទពិសោធ​ការពារ​សម្បត្ដិ​ធម្មជាតិ និង​ដោះស្រាយ​បញ្ហា​អន្ទាក់​ជាង ១០ ឆ្នាំ លោក មិន ធឿន បាន​អះអាង អន្ទាក់​ស្ថិតនៅ​ពាសពេញ​ព្រៃ ដែល​រង់ចាំ​ប្រហារ​សត្វ​គ្រប់ពេលវេលា លើសពី​ការ​បរបាញ់​អាចមាន​ខុស និង​មាន​ត្រូវ។

មន្ដ្រី​ឧ​ទ្យា​នុ​រក្សដែល​វិ​វត្ដ​ពី​ព្រានប្រមាញ់​សត្វព្រៃបាន​និយាយថា៖ «ពីមុន មានតែ​ការ​បរបាញ់​ដោយ​ប្រើ​កាំភ្លើង និង​ការ​ប្រហារ​ត្រូវបាន​ធ្វើឡើង​តែ​លើស​ត្វ​ជា​ជម្រើស​ប៉ុណ្ណោះ តែ​បច្ចុប្បន្ន មាន​អន្ទាក់ ដែល​រង់ចាំ​ប្រហារ​សត្វ​គ្រប់​ទាំងអស់»។

Content image – Phnom Penh Post

អ្នកជំនាញ​អង្គការ WWF ពិនិត្យមើល​ឧបករណ៍​ឆក់។ រូបថត យូ​សុះ អាប់​ឌុល​រ៉ា​ស់​ហ៊ីម ជាមួយ​មនោសញ្ចេតនារ​បស់​មហាជន សត្វ​ទន្សោង ១ ក្បាល​ ដែល​ត្រូវបាន​មើលឃើញ​សម្រក់​ទឹកភ្នែក ពេល​ជាប់អន្ទាក់​ព្រាន​ជាច្រើន​ថ្ងៃ មុនពេល​ត្រូវបាន​សង្គ្រោះ​នៅក្នុង​ដែនជម្រកសត្វព្រៃ សង្ឃ​រុក្ខ​វ័ន ខេត្ដ​ឧត្ដរ​មានជ័យ។ ជា​អ​កុល​ស ទន្សោង​អភ័ព្វ ១ ក្បាល​នេះ បាន​ស្លាប់​ព្រោះតែ​សុខភាព​ចុះខ្សោយ និង​អាការ​របួស​ធ្ងន់ធ្ងរ។

លោក នេត្រ ភក្ដ្រា ក៏បាន​លើកឡើង​អំពី​សត្វ​ទន្សោង ដែល​បាន​ស្លាប់​នៅ​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខ​វ័ន ខេត្ដ​ឧត្ដរមានជ័យ ដោយសារ​ជាប់អន្ទាក់​នោះ​ផងដែរ​ថា វា​បាន​ជាប់អន្ទាក់​ប្រមាណ ១០ ថ្ងៃ។

លោក​និយាយថា៖ «កត្ដា​នាំឱ្យ​ទន្សោង​នោះ​ស្លាប់ ដោយសារ ទី១ វា​អត់​ចំណី ទី២ វា​អត់​ទឹក ដែល​ធ្វើឱ្យ​សត្វ​ខ្សោយ។ វា​រើបម្រះ​ខ្លាំង ខណៈ​ជើង​ជាប់អន្ទាក់ ហើយ​ពេល​មន្ដ្រី​យើង​សង្គ្រោះ​វា​មក វា​បាន​ស្លាប់បាត់​បង់ជីវិត»។

លោក នេត្រ ភក្ត្រា អះអាងថា បញ្ហា​គ្រោះថ្នាក់​ជាង​គឺ អន្ទាក់​ខ្សែឆក់។ វា​អាចមាន​ប្រវែង​រហូតដល់​រាប់រយ​ម៉ែត្រ​ក្នុង ១ ខ្សែ។ ព្រាន​រាយ​ដាក់​ខ្សែលួស​នៅតាម​ព្រៃ ដោយ​ភ្ជាប់​ជាមួយ​ក្បាល​អាគុយ​អគ្គិសនី។ ព្រាន​នៅ​ពួន​ចាំ​ចុច​កុងតាក់​អគ្គិសនី​ពេល​ឃើញ​សត្វព្រៃ​ដើរកាត់​លួស។ វា​អាចធ្វើ​ឱ្យស្លាប់ ឬ​សន្លប់។

ដោយ​បច្ច័យ​នេះ ពេលធ្វើ​ដំណើរ​ក្នុងព្រៃ មន្ដ្រី​ឧ​ទ្យា​នុ​រក្ស និង​សត្វ​នុ​រក្ស មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះថ្នាក់​ដោយសារ​អន្ទាក់ ជាពិសេសអន្ទាក់​ឆក់។

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​រូបនេះ បាន​លើកឡើងថា ស្ថានភាព ១០ ឆ្នាំ​ចុង​ក្រោយនេះ ទន្សោង​ដែលជា​សត្វព្រៃ​ដ៏​កម្រ​ក្នុង​ពិភពលោក​មាន​ចំនួន​ធ្លាក់ចុះ​រហូតដល់ ៧២ ភាគរយ​នៅ​កម្ពុជា ដែល​នៅ​សេសសល់​ត្រឹម​ប្រមាណ ៨៥៦ ក្បាល ​នៅ​ដែនជម្រកសត្វព្រៃ​ទាំង។

Content image – Phnom Penh Post

សកម្មភាព​ពិនិត្យមើល​លទ្ធផល​ការងារ​អភិរក្ស​សត្វ។ រូបថត យូ​សុះ អាប់​ឌុល​រ៉ា​ស់​ហ៊ីម ចន្លោះ​ឆ្នាំ ២០១០ និង​ឆ្នាំ ២០២០ សត្វ​ឈ្លូស ជា​ប្រភេទ​សត្វ​កម្រ​មួយ​ដែរ ធ្លាក់ចុះ​ប្រមាណ ៥២ ភាគរយ ត្រឹម​ចំនួន ៣ ៣៥០ ក្បាល ខណៈ​ជ្រូកព្រៃ​ធ្លាក់ចុះ ១៨ ភាគរយ​នូវ​ចំនួន ៤ ០១៧ ក្បាល។

លោក​បាន​បញ្ជាក់ថា៖ «វា​ជា​និន្នាការ​នៃ​ការធ្លាក់ចុះ វា​មកពី​កត្ដា​ពិភពលោក ដែល​បណ្ដាលមកពី​ការបាត់បង់​ជម្រក ជាពិសេសអន្ទាក់ជា​ឃាតករ​លាក់​មុខ ដែល​ប្រហារ​សត្វ​គ្រប់​ប្រភេទ»។

លោក​លើកឡើងថា៖ «តាម​ការសិក្សា នៅក្នុង​ឆ្នាំ ២០១០ ចំនួន​សត្វព្រៃ​មាន​ច្រើន ហើយ​ចំនួន​អន្ទាក់​មាន​តិចតួច។ ប៉ុន្ដែ​ក្រោយមក ចំនួន​សត្វ​មានការ​ថយចុះ ខណៈ​ចំនួន​អន្ទាក់​មានការ​កើនឡើង។ អន្ទាក់​ជា​បញ្ហា​ប្រឈម​សម្រាប់​ជីវចម្រុះ ជា​ពិ​សសសម្រាប់​សត្វព្រៃ»។

ជាមួយ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​មន្ដ្រី​ឧ​ទ្យា​នុ​រក្ស អង្គការ​ដៃគូ ប្រជា​សហគមន៍ ដែល​បាន​ចូលធ្វើ​សត្វ​នុ​រក្ស​នេះ តំបន់​ការពារ​ធម្មជាតិ​មួយចំនួន​មានការ​កើនឡើង​នូវ​ចំនួន​សត្វព្រៃដូចជា ទោច​ថ្ពាល់​លឿង ស្វា​កន្ទុយ​ស ក្ងោក និង​ជ្រូកព្រៃ​នៅ​ដែនជម្រកសត្វព្រៃ​កែវ​សីមា។

លោក នេត្រ ភក្ដ្រា បាន​និយាយដៃ​កាន់​សៀវភៅ​ស្ដីពី​ការស្រាវជ្រាវ​ស្ថានភាព​សត្វ​ក្រចកជើង​ចម្ពាម រយៈពេល ១០ ឆ្នាំ​ថា៖ «ឆ្នាំ ២០២០ អន្ទាក់​ជិត ៥ ម៉ឺន ត្រូវបាន​ដោះចេញ​ពី​ដែនជម្រកសត្វព្រៃ​នៅ​ទូទាំងប្រទេស​កម្ពុជា​ក្នុងចំណោម​តំបន់​ការពារ ៦៨ កន្លែង។ ដោយឡែក ក្នុង​ខេត្ដ​មណ្ឌលគិរីអន្ទាក់​ជិត ១ ម៉ឺន ត្រូវបាន​ដោះចេញ​ពី​តំបន់ការពារធម្មជាតិ​ក្នុង​ខេត្ដ​មណ្ឌលគិរី ដែល​អាចជួយ​សង្គ្រោះ​សត្វព្រៃ​មួយចំនួន»។

លោក សេង ទៀក ក៏បាន​ទទួលស្គាល់​នូវ​លទ្ធផល​ការងារ​របស់​ក្រុមមន្ដ្រី​ឧ​ទ្យា​នុ​រក្ស និង​ដៃគូ​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​បទល្មើស​នានា​ក្នុង​ដែនជម្រកសត្វព្រៃ និង​តំបន់ការពារធម្មជាតិ។

លោក​និយាយថា៖ «ឧ​ទ្យា​នុ​រក្ស​បំពេញការងារ​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត។ ចន្លោះ​ឆ្នាំ ២០១៣ ដល់​ឆ្នាំ ២០១៩ មន្ដ្រី​ឧ​ទ្យា​នុ​រក្ស បាន​ប្រមូល​អន្ទាក់​សរុប​ជាង ២ ម៉ឺន​អន្ទាក់ អន្ទាក់​ឆក់​ជាង ៥ ពាន់។ ដោយឡែក ក្នុង​ឆ្នាំ ២០២០ អន្ទាក់ ៤ ៧៧២ អន្ទាក់ ត្រូវបាន​ប្រមូល និង​សត្វព្រៃ​រស់​ចំនួន ១០៩ ក្បាល ត្រូវបាន​ដោះលែង រួមទាំង​ជនសង្ស័យ ៤២ នាក់ ​ត្រូវបាន​ចាប់ខ្លួន»។

Content image – Phnom Penh Post

លោក នេត្រ ភក្ត្រា និង លោក សេង ទៀក (ឆ្វេង​ទី២)។ រូបថត យូ​សុះ អាប់​ឌុល​រ៉ា​ស់​ហ៊ីមមន្ដ្រី​ឧ​ទ្យា​នុ​រក្ស​របស់​ក្រសួង​បរិស្ថាន​ជាង ១ ២០០ នាក់ ដែល​គ្រប់គ្រង​តំបន់​អភិរក្ស​ព្រៃ​មាន​ទំហំ​ជាង ៧,៣ លាន​ហិកតា ដែល​ស្មើ ៤១ ភាគរយ​នៃ​ផ្ទៃដី​ប្រទេស​កម្ពុជា។

ដោយឡែក ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ភ្នំ​ព្រេច មាន​មន្ដ្រី​ឧ​ទ្យា​នុរក្ស ៥១ នាក់ និង​សត្វ​នុ​រក្ស ៤៦ នាក់ និង​ក្រុម​ល្បាត​សហគមន៍ ៥៨៨ នាក់ ​លើ​ផ្ទៃដី​ជិត ៦ ពាន់​គីឡូ​ម៉ែត្រការ៉េ ក្នុង​ខេត្ដ​មណ្ឌលគិរី។

ការ​រ៉ាប់រង​ល្បាត​លើ​វិសាលភាព​ផ្ទៃដី​ដ៏​ធំធេង​ទាំងនេះ មន្ដ្រី​ឧ​ទ្យា​នុ​រក្ស​ចាំបាច់​ត្រូវ​ទទួលបាន​ការបណ្ដុះបណ្ដាល​ជំនាញ​លើ​ភារកិច្ច​របស់ខ្លួន។

លោក សេង ទៀក លើក​ហេតុផល​ថា៖ «បើសិន​មានការ​ជួយ​សត្វ​ជាប់អន្ទាក់ យើង​មិនអាច​ចេះតែ​ចូល​បាន​នោះទេ ជាពិសេស​សត្វធំៗ ពីព្រោះ​ពួកវា​ជា​សត្វព្រៃ ដែល​ប្រយុទ្ធ​ការពារ​ខ្លួន​វា​ជានិច្ច»។

ក្រុម​សង្គ្រោះ​តម្រូវឱ្យមាន​ថ្នាំ​សន្លប់​សម្រាប់​បាញ់​សត្វ​ជាមុន រួច​ការ​ដោះ​អន្ទាក់ និង​ថែទាំ​នៅ​ទីកន្លែង ឬ​យកទៅ​ថែទាំ​នៅ​ទីស្នាក់ការ​មុនពេល​លែង។

លោក នេត្រ ភក្ដ្រា បាន​លើកឡើងថា៖ «មន្ដ្រី​ឧ​ទ្យា​នុ​រក្ស​របស់​យើង​ទទួល​ការបណ្ដុះបណ្ដាល​លើ​ចំណេះដឹង​ផ្នែក​ច្បាប់​ដែល​ពាក់ព័ន្ធ។ ពួកគេ​ក៏ត្រូវ​យល់​អំពី​ការសង្គ្រោះ​បឋម​ថា​តើ​ពួកគេ​ជួយ​សត្វ​តាមរបៀប​មេ​៉​ច បើ​សត្វព្រៃ​ជួប​បញ្ហា ពីព្រោះ​មន្ដ្រី​របស់​យើង​មិន​ត្រឹមតែ​ការពារ​ព្រៃ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​ជួយសង្គ្រោះ​សត្វ​ជាប់អន្ទាក់​ថែមទៀត»។

លោក​បន្ថែមថា៖ «យើង​ត្រូវមាន​ជំនាញ​បន្ថែម និង​សម្ភារ​សង្គ្រោះ​បន្ថែម ដើម្បី​ក្រុមការងារ​ដែល​ចុះ​ល្បាត​ជាមួយគ្នា ក្នុងករណី​ជួប​ជាមួយ​សត្វ​ជាប់អន្ទាក់ យើង​អាចជួយ​ទាន់ពេលវេលា»។

ជាមួយនឹង​កង្វល់​ពី​ហានិភ័យ​នៃ​ការវិនាស​សត្វព្រៃ និង​ក្ដីសង្ឃឹម​ក្នុងការ​ស្ដារ​ចំនួន​សត្វព្រៃ​ក្នុង​ដែន​ជម្រក​នានា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​រូបនេះ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ បញ្ឈប់​ការទទួល​ទាន​សត្វ​សាច់​ព្រៃ ហើយ​និយាយថា ទេ ចំពោះ​សាច់​សត្វព្រៃ ដើម្បី​បញ្ឈប់ការ​បរបាញ់​សត្វ​ដោយ​ខុសច្បាប់។

លោក​បាន​បញ្ជាក់ថា៖ «យើង​ក៏​សុំ​អំពាវនាវ​ដល់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ រួមទាំង​ខេត្ដ​ស្ទឹងត្រែង រតនគិរី ក្រចេះ និង​មណ្ឌលគិរី ចូរ​សហការ​ជាមួយគ្នា​ក្នុងការ​បង្ក្រាប​ការជួញដូរ​សត្វព្រៃ និង​ការលក់​សាច់​ព្រៃ​ខុសច្បាប់​ក្នុង​តំបន់​របស់ខ្លួន»៕

ប្រភពភ្នំពេញ ប៉ុស្តិ៍

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់