ខេត្តត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃចន្ទ ៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមជាអធិបតីសម្ពោធស្ថានីយផលិតទឹកស្អាតសហគមន៍មួយកន្លែងស្ថិតនៅក្នុងភូមិយាកត្បូង ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន តំណាងគណៈអភិបាលខេត្តត្បូងឃ្មុំ តំណាងដៃគូអភិវឌ្ឍន៍ អាជ្ញាធរមូលដ្ឋាន តំណាងមន្ទីរពាក់ព័ន្ធ ព្រះសង្ឃ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមួយចំនួន។

លោក Nick Beresford នាយកកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំប្រទេសកម្ពុជា បានលើកឡើងថាការប្រើប្រាស់ទឹកស្អាតពិតជាមានសារសំខាន់ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយការទទួលបានទឹកស្អាតប្រើប្រាស់នេះអាចលើកកម្ពស់ភាពធន់នឹងការប្រែប្រួលអាកាសធាតុតាមរយៈការប្រើប្រាស់ទឹកដោយសន្សំសំចៃ និងមានសុវត្ថិភាព ដល់សហគមន៍មូលដ្ឋាន និងសាលារៀន។ លោក Nick Beresford ថ្លែងអំណរគុណដល់ក្រសួងបរិស្ថាន កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជាដំណាក់កាលទី៣ និងដៃគូនានា ដែលរៀបចំឱ្យគម្រោងទឹកស្អាតនេះលេចជារូបរាងឡើង។

ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងថា ការទទួលបានទឹកស្អាត និងមានសុវត្ថិភាពសម្រាប់ប្រើប្រាស់ និងបរិភោគពិតជាមានសារសំខាន់ណាស់ ដោយសារបងប្អូនប្រជាពលរដ្ឋនៅតាមតំបន់មួយចំនួនក្នុងខេត្តនេះពុំទាន់ទទួលបានទឹកស្អាតសម្រាប់បរិភោគនៅឡើយ។ ការទទួលបានទឹកស្អាត និងសុវត្ថិភាពសម្រាប់បរិភោគ និងប្រើប្រាស់ នឹងជួយលើកកម្ពស់សុខភាព និងសុខមាលភាពគ្រួសារ តាមរយៈការកាត់បន្ថយហានិភ័យពីជំងឺឆ្លងផ្សេងៗ។

ក្នុងឱកាសនោះ ឯកឧត្តម ទិន ពន្លក បានមានប្រសាសន៍ថា ការទទួលបានការផ្គត់ផ្គង់ទឹកដែលមានសុវត្ថិភាព គឺមានសារសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋរបស់យើង ក្នុងការធានានូវអនាម័យ និងសុខភាពល្អ ជាពិសេសនៅក្នុងបរិបទដែលប្រទេសយើង ក៏ដូចជាពិភពលោកទាំងមូល កំពុងតែប្រឈមនឹងការគំរាមកំហែងនៃជំងឺកូវីដ-១៩។ ជាពិសេស ប្រជាពលរដ្ឋអាចទទួលបាននូវទឹកស្អាតមានសុវត្ថិភាពក្នុងតម្លៃដែលទាបជាងទីផ្សារ ដែលអាចរួមចំណែក ការពារពីជំងឺផ្សេងៗ និងថែទាំសុខភាពរបស់ប្រជាពលរដ្ឋយើង ព្រមទាំងមានការកាត់បន្ថយការចំណាយទៅលើការព្យាបាលផងដែរ។ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៥នេះ មានមហិច្ឆិតាធ្វើយ៉ាងណាឱ្យ៩០% នៃប្រជាពលរដ្ឋនៅទូទាំងប្រទេសអាចទទួលបានការផ្គត់ផ្គង់ទឹកមូលដ្ឋាននៅតាមតំបន់ជនបទ និង ៣៣%ទៀតអាចទទួលបានការផ្គត់ផ្គង់ទឹកដែលប្រកបដោយសុវត្ថិភាពត្រឹមឆ្នាំ២០២៣។ ឯកឧត្តម បានបន្ថែមទៀតថា ការគិតគូរអំពីសុខភាព សុខុមាលភាពគឺជាកត្តាសំខាន់សម្រាប់ប្រជាពលរដ្ឋ ហើយការថែទាំសុខភាព និងការអប់រំជាកត្តាចំបងដែលប្រជាពលរដ្ឋ ជាពិសេសអាណាព្យាបាលត្រូវគិតគូរ និងដើម្បីការពារខ្លួនពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យសិស្សានុសិស្សខំប្រឹងប្រែងសិក្សារៀនសូត្រដោយអនុវត្តតាមគន្លងថ្មីក្នុងបរិបទនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ ឯកឧត្តមបានសង្កត់ធ្ងន់ថា មានតែការសិក្សាទេដែលអាចផ្លាស់ប្តូរជីវភាពនិងជីវិតរស់នៅរបស់យើងទាំងអស់គ្នា។

គម្រោងស្ថានីយទឹកស្អាតនេះ ត្រូវបានផ្តួចផ្តើមឡើងដោយក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន ក្រោមគម្រោងជំនួយឥតសំណងរបស់កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជាដំណាក់កាលទី៣ (CCCA3)។ គម្រោងស្ថានីយទឹកស្អាតនេះ នឹងចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាព និងសុខមាលភាពរបស់សហគមន៍មូលដ្ឋាន ហើយក៏នឹងផ្តល់ទឹកសម្រាប់បរិភោគដោយឥតគិតថ្លៃជារៀងរាល់ថ្ងៃ ដល់សាលារៀនចំនួនបី នៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលជាផ្នែកមួយចូលរួមគំាទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលលើវិស័យផ្គត់ផ្គង់ទឹកស្អាតផងដែរ។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់