ភ្នំពេញ ៖ ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន បានលើកទឹកចិត្តលោកគ្រូអ្នកគ្រូចូលរួមបណ្តុះគំនិតសិស្សានុសិស្ស និងប្រជាពលរដ្ឋ ឱ្យនាំគ្នាស្រលាញ់បរិស្ថាននៅជុំវិញខ្លួន ពិសេសដើមឈើ និងទុកដាក់សម្រាមឱ្យបានត្រឹមត្រូវ។ ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងពិធីប្រគល់ធុងសំរាម ឧបត្ថម្ភពីក្រុមហ៊ុនកូកាកូឡា ដល់សាលារៀនចំនួន១១ ក្នុងរាជធានីភ្នំពេញ នាសាលាសាលាបឋមសិក្សាភ្នំដូនពេញ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ទីរបរិស្ថានរាជធានី មន្ទីរអប់រំ យុវជន និងកីឡា នាយកសាលា និងលោកគ្រូអ្នកគ្រូ តំណាងក្រុមហ៊ុនកូកាកូឡា មួយចំនួន នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០។
លោក រស់ សោភា នាយកផ្នែកច្បាប់ និងកិច្ចការសាធារណៈ របស់ក្រុមហ៊ុនកូកាកូឡា បានឱ្យដឹងថា គោលបំណងដែលក្រុមហ៊ុនសហការជាមួយក្រសួងបរិស្ថានផ្តល់ធុងសំរាមដល់សាលារៀន ដើម្បីចូលរួមក្នុងការគ្រប់គ្រងសំណល់ឱ្យបានត្រឹមត្រូវ ព្រមទាំងការបញ្ជ្រាបការយល់ដឹងអំពីការបែកចែកសំរាមទៅតាមប្រភេទ «អាចកែច្នៃបាន មិនអាចកែច្នៃបាន និងសំណល់សរីរាង្គ» ព្រោះថាសំរាមទាំងនោះនឹងនៅតែមានតម្លៃ ប្រសិនបើយើងបោះចោលទៅតាមប្រភេទវាឲ្យបានត្រឹមត្រូវ ។ ក្រុមហ៊ុនកំពុងព្យាយាមធ្វើគ្រប់សកម្មភាពដើម្បីសម្រេចឲ្យបាននៅត្រឹមឆ្នាំ២០៣០ នូវគោលដៅ «ប្រមូល» និង«កែច្នៃ» ឲ្យបាន ៥០% នៃចំនួនសំបកវេចខ្ចប់សរុបដែលយើងបានប្រើប្រាស់។ គោលដៅចីរភាពមួយនេះ ជាគំនិតផ្តួចផ្តើមជាសកលរបស់ក្រុមហ៊ុនកូកា-កូឡាពិភពលោក ក្រោមគម្រោងឈ្មោះថា «ពិភពលោកគ្មានសំរាម» ដោយយើងចាប់ផ្តើមអនុវត្តនូវរូបមន្តសរសរស្តំ ៣ គឺ «រចនា» «ប្រមូលកែច្នៃ» និង «ចាប់ដៃគូសហការ» ។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានបញ្ជាក់ឱ្យដឹងថា កន្លងមកក្រសួងបរិស្ថានបានចូលរួមលើកកម្ពស់អនាម័យបរិស្ថានតាមសាលារៀននៅក្នុងរាជធានីភ្នំពេញ ក្នុងមានសាលារៀនមួយចំនួនបានទទួលសម្ភារៈ ដូចជាឡ ដុតសំរាម ធុងចម្រោះទឹកស្អាត ធុងសំរាម ការដាំដើមឈើ បណ្តុះបណ្តាលគ្រូបង្គោលសាលាមេត្រីបរិស្ថានជាដើម។ នៅក្នុងពេលនេះ ការផ្តល់ធុងសំរាមតាមសាលារៀន និងរួមចំណែកបន្ថែមទៀតដល់ការអប់បរិស្ថាន ជាពិសេសការចូលរួមរបស់លោកគ្រូ ង្នកគ្រូ និងសិស្សានុសិស្សយកចិត្តទុកដាក់លើការថែទាំសុខភាព និងអនាម័យតាមសាលារៀន និងផ្សាភ្ជាប់ទៅសហគមន៍។
ក្នុងឱកាសនោះ ឯកឧត្តម ជួប ប៉ារីស៍ លើកឡើងថា កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធ ជាពិសេសការយល់ដឹងពីការគ្រប់គ្រងសំណល់រឹងរបស់សិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋ នឹងធ្វើឱ្យបរិស្ថានកម្ពុជាមានភាពប្រសើរឡើង». ឯកឧត្តម ជួប ប៉ារីស៍ បានបញ្ជាក់បន្ថែមថា បញ្ហាអនាម័យបរិស្ថាន មិនមែនជារបស់នណាម្នាក់នោះទេ គឺទាមទារឱ្យមានការចូលរួមសហការទាំងអស់គ្នា ដើម្បីបរិស្ថានស្អាត ទីក្រុងមានសោភណ្ឌភាពល្អ និងប្រជាពលរដ្ឋមានសុខភាពល្អ។ ឯកឧត្តម បានបញ្ជាក់ថា បើគ្រប់គ្នាស្រលាញ់បរិស្ថាន ការពារនិងថែរក្សាព្រៃឈើឱ្យបានគង់វង្ស មិនត្រឹមតែបានផ្តល់ជាម្លប់ ទប់ស្កាត់គ្រោះធម្មជាតិប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវជាជម្រកសត្វគ្រប់ប្រភេទ និងជាប្រយោជន៍ដល់មនុស្សជាតិថែមទៀតផង ។ ឯកឧត្តមអគ្គនាយក ក៏បានថ្លែងអំណរគុណចំពោះកិច្ចសហការនេះ ហើយបានលើកឡើងថា«ការគ្រប់គ្រងសំណល់និងបរិស្ថាន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល គឺជាកាតព្វកិច្ចរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងវិស័យឯកជន និងប្រជាពលរដ្ឋគ្រប់រូបផងដែរ៕

ព័ត៌មានបន្ថែម

កិច្ចពិភាក្សាអំពីកិច្ចសហការលើការងារគ្រប់គ្រងសំរាម សំណល់រឹង ជាមួយក្រុមហ៊ុន Infrastructure Asia (IA) និង Singapore Corporation Enterprise (SCE)
ថ្ងៃ ពុធ, 24 កុម្ភៈ, 2021 កិច្ចពិភាក្សាអំពីកិច្ចសហការលើការងារគ្រប់គ្រងសំរាម សំណល់រឹង ជាមួយក្រុមហ៊ុន Infrastructure Asia (IA) និង Singapore Corporation Enterprise (SCE)
ពិធីប្រគល់រង្វាន់ និងវិញ្ញាបនបត្រដល់ជ័យលាភី ការប្រកួតវីដេអូបែបអត្ថាធិប្បាយ
ថ្ងៃ អង្គារ, 23 កុម្ភៈ, 2021 ពិធីប្រគល់រង្វាន់ និងវិញ្ញាបនបត្រដល់ជ័យលាភី ការប្រកួតវីដេអូបែបអត្ថាធិប្បាយ
កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន
ថ្ងៃ អង្គារ, 23 កុម្ភៈ, 2021 កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន