កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ បានដឹកនាំក្រុមការងាររួមមាន ឯកឧត្តមអគ្គលេខាធិការរង តំណាងនាយកដ្ឋានប្រែប្រួលអាកាសធាតុ និង​នាយកដ្ឋានរដ្ឋបាល ផែនការនិងថវិកា​ ដើម្បីពិភាក្សា​ការងារជាមួយ លោកជំទាវឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា ទាក់ទងនឹងការត្រៀម​រៀបចំសន្និសីទកំពូលលើកទី២៦ ក្រោមអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ(COP26) ឆ្នាំ២០២០ ដែលប្រទេសអង់គ្លេសធ្វើជាម្ចាស់ផ្ទះ។ លោកជំទាវឯកអគ្គរាជទូត បានលើកឡើងអំពីជំហររបស់ប្រទេសអង់គ្លេសក្នុងការអនុវត្តការប្តេជ្ញាចិត្តក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ (គោលដៅមិនបញ្ចេញឧស្ម័ន GHG ក្នុងរយៈពេលវែង-Net Zero Emission Target) ក្នុងរបាយការណ៍ NDC។ វិស័យមួយចំនួនដែលអង់គ្លេសគាំទ្ររួមមាន ការអភិវឌ្ឍបៃតង ការបន្ស៊ាំនិងកសាងភាពធន់ ហិរញ្ញប្បទានបៃតង ថាមពលកកើតឡើងវិញ​ ការបង្កើតថាមពលពីសំណល់ និងដំណោះស្រាយផ្អែកលើធនធានធម្មជាតិ។ល។ ជាការឆ្លើយតប ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការ បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការកសាងគោលនយោបាយ និងផែនការ​យុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ភាពជឿជាក់និងការគាំទ្រពីថ្នាក់ដឹកនាំជាន់ខ្ពស់។ ឯកឧត្តមបន្តថា ប្រទេសអង់គ្លេសបានជួយគាំទ្រកម្ពុជាក្នុងកិច្ចការពារបរិស្ថាន(ប្រតិភូកម្ពុជាក៏បានធ្វើទស្សនកិច្ចទៅប្រទេសអង់គ្លេសថ្មីៗនេះដើម្បីស្វែងយល់ពីការគ្រប់គ្រងសំណល់) និងការឆ្លើយតបនឹងប្រែប្រួលអាកាសធាតុ ពិសេសគាំទ្រដល់ការរៀបចំរបាយការណ៍ NDC ដំបូង និងការរៀបចំក្របខណ្ឌត្រួតពិនិត្យតាមដានការអនុវត្តវិធានការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ​នៅកម្ពុជា។ ឯកឧត្តមក៏បានលើកឡើងពីសាររបស់ឯកឧត្តមប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនិងជារដ្ឋមន្រ្តីក្រសួងបរិស្ថានក្នុងការស្នើអង់គ្លេសឱ្យពិចារណាអំពីការទិញកាបូនពីកម្ពុជាក្នុងតម្លៃសមរម្យ និងគាំទ្រឧស្សាហកម្មឈើដែលមាន​និរន្តរភាព ដើម្បីចូលរួមបង្កើតការងារនិងការពារបរិស្ថាន។
ជាមួយគ្នានោះដែរ ឯកឧត្តម ស៊ុំធី អគ្គលេខាធិការរង​ និងជា​ប្រធានក្រុមការងាររងអាស៊ានស្តីពី​ការប្រែប្រួលអាកាសធាតុ បានលើកឡើងពីតួនាទី​របស់ប្រធាន និងវឌ្ឍនភាពផែនការ​សកម្មភាពការងាររយៈពេលបីឆ្នាំ (២០២០-២០២២) និងការសម្របសម្រួលការងារជាមួយប្រទេសវៀតណាម និងប្រទេសថៃ ក្នុងការរៀបចំសេចក្តី​ព្រាងថ្លែងការរួមពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ និងផែនការការងាររបស់ក្រុមការងារ​ប្រែប្រួលអាកាសធាតុអាស៊ាន ។ ប្រទេសវៀតណាមនឹងទទួលធ្វើជា​ម្ចាស់ផ្ទះ​រៀបចំកិច្ចប្រជុំត្រៀមនៅចុងខែមេសាខាងមុខ​ ដើម្បី​រៀបចំសេចក្តី​ព្រាងសេចក្តីថ្លែងការរួមសម្រាប់សន្និសីទកំពូល​លើកទី២៦ និងផែនការការងាររបស់ក្រុមការងារ​ប្រែប្រួលអាកាសធាតុអាស៊ាន ហើយប្រទេសថៃនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំផ្លូវការនៅក្នុងខែមិថុនា ឬកក្កដា ឆ្នាំ២០២០ ដើម្បីពិនិត្យ​បញ្ចប់លើសេចក្តីព្រាងថ្លែងការរួមអាស៊ាននេះផងដែរ៕

ព័ត៌មានបន្ថែម

កិច្ចប្រជុំ ស្តីពី ការស្នើសុំទីតាំងដំឡើងស្ថានីយត្រួតពិនិត្យគុណភាពខ្យល់
ថ្ងៃ ព្រហស្បតិ៍, 26 វិច្ឆិកា, 2020 កិច្ចប្រជុំ ស្តីពី ការស្នើសុំទីតាំងដំឡើងស្ថានីយត្រួតពិនិត្យគុណភាពខ្យល់
កម្មវិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទីរបស់ក្រុមប្រឹក្សាឃុំក្នុងការចូលរួមគ្រប់គ្រងតំបន់ការពារធម្មជាតិ
ថ្ងៃ ពុធ, 25 វិច្ឆិកា, 2020 កម្មវិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទីរបស់ក្រុមប្រឹក្សាឃុំក្នុងការចូលរួមគ្រប់គ្រងតំបន់ការពារធម្មជាតិ
កិច្ចប្រជុំតាមប្រព័ន្ធអនឡាញស្ដីពី ការវាយតម្លៃសេវាកម្មអេកូឡូស៊ី​នៅកម្ពុជា
ថ្ងៃ ពុធ, 25 វិច្ឆិកា, 2020 កិច្ចប្រជុំតាមប្រព័ន្ធអនឡាញស្ដីពី ការវាយតម្លៃសេវាកម្មអេកូឡូស៊ី​នៅកម្ពុជា