សិក្ខាសាលាបណ្តុះបណ្តាលស្តីពី«ដំណើរការកសាងរបាយការណ៍ស្ថានភាពបរិស្ថាន» ដែលរៀបចំដោយនាយកដ្ឋានសេវាកម្មព័ត៌មានភូមិសាស្ត្រនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថានរយៈពេល ៤ ថ្ងៃត្រូវបានបើកជាផ្លូវការនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ ២០១៩ នេះក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន។ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា៖ «សិក្ខាសាលាបណ្តុះបណ្តាលនាថ្ងៃនេះ គឺ ដើម្បីផ្លាស់ប្តូរ និងពង្រឹងសមត្ថភាពយល់ដឹងបន្ថែម ជូនដល់ភាគីពាក់ព័ន្ធក្នុងការចូលរួមកសាងនូវរបាយការណ៍ស្ថានភាពបរិស្ថានថ្មីបន្តបន្ទាប់ទៀត ឱ្យកាន់តែទូលំទូលាយ ស៊ីជម្រៅ ច្បាស់លាស់ និងស៊ីសង្វាក់គ្នា។ ដូចនេះ ខ្ញុំស្នើសុំអង្គសិក្ខាសាលាទាំងមូលមេត្តាចូលរួមនិងយកចិត្តទុកដាក់លើមេរៀនស្តីពីដំណើរការនៃការកសាងរបាយការណ៍ស្ថានភាពបរិស្ថាននេះ និងចូលរួមផ្តល់ជាយោបល់សម្រាប់ការកសាងរបាយការណ៍ស្ថានភាព បរិស្ថានលើកទី៤ផងដែរ។ ទន្ទឹមនេះ ខ្ញុំក៏ស្នើសុំអង្គសិក្ខាសាលាទាំងមូល ជាពិសេសស្ថាប័ន និងអ្នកពាក់ព័ន្ធ មេត្តាចូលរួមសហការក្នុងការប្រមូល និងចងក្រងបាននូវព័ត៌មានតាមតម្រូវការ អាចទុកចិត្តបាន និងប្រកបដោយគុណភាពដែលអាចជូនដល់អ្នកធ្វើសេចក្តីសម្រេចចិត្តនានា ដើម្បីពង្រឹងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព។ កិច្ចការក្នុងវិស័យបរិស្ថានមានការពាក់ព័ន្ធជាអន្តរវិស័យ ដែលចាំបាច់ត្រូវមានការសម្របសម្រួលរវាងអ្នកពាក់ព័ន្ធដើម្បីសម្រេចបាននូវកិច្ចការជារួមនេះ»

ទាក់ទងនឹងការរៀបចំរបាយការណ៍ស្តីពីស្ថានភាពបរិស្ថានជាតិនេះ លោកជំទាវ ងិន លីណា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន បានប្រសាសន៍ថា របាយការណ៍ស្ថានភាពបរិស្ថានលើកទីមួយ ត្រូវបានរៀបចំឡើងដោយអង្គការអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជានៅឆ្នាំ ១៩៩៤។ បន្ទាប់មកក្នុងអំឡុងឆ្នាំ២០០០ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាបានសម្របសម្រួលកៀរគរជំនួយបច្ចេកទេស តាមរយៈអង្គការ DANIDA បានរៀបចំជាគម្រោងបណ្តុះបណ្តាលសមត្ថភាពដើម្បីចងក្រង របាយការណ៍ស្ថានភាព បរិស្ថានលើកទីពីរ ដែលពេលនោះមន្ត្រីនៃក្រសួងពាក់ព័ន្ធចំនួនប្រាំ ត្រូវបានបណ្តុះ បណ្តាល ដូចជា ក្រសួងបរិស្ថាន, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អតីតក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល, ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការកសាងរបាយការណ៍ស្ថានភាពបរិស្ថាន គឺជាកិច្ចការដ៏សំខាន់មួយក្នុងការចងក្រង និងប្រមូលផ្តុំរាល់ព័ត៌មានពាក់ព័ន្ធ ដើម្បីជូនដំណឹងពីលក្ខខណ្ឌបរិស្ថាន និងផលប៉ះពាល់នានា ដើម្បីប្រើប្រាស់ជាមូលដ្ឋានជួយសម្រួលដល់ការធ្វើសេចក្តីសម្រេចចិត្ត និងផែនការគ្រប់គ្រង សំដៅធានាបាននូវនិរន្តរភាពបរិស្ថាន និងជួយដល់អង្គភាព ឬស្ថាប័នទទួលបន្ទុកធ្វើការវាស់វែងពីវឌ្ឍនភាពដើម្បីសម្រេចបានគោលដៅជាតិសំខាន់ៗ ចូលរួមក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព។ ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា របាយការណ៍ស្ថានភាពបរិស្ថានជាតិជាឯកសារប្រមូលផ្តុំនូវព័ត៌មានបរិស្ថានសំខាន់ៗ រួមជាមួយនឹងការវាយតម្លៃនូវការវិវឌ្ឍប្រែប្រួលជាវិជ្ជមាន និងអវិជ្ជមានក្នុងវិស័យបរិស្ថាន។ តាមរយៈរបាយការណ៍នេះ ក៏បានចូលរួមផ្សព្វផ្សាយព័ត៌មាន និងផ្តល់ចំណេះដឹងអំពីបរិស្ថាន និងធនធានធម្មជាតិដល់សាធារណៈជនទូទៅ ព្រមទាំងផ្តល់នូវព័ត៌មានតាមបែបវិទ្យាសាស្ត្រសម្រាប់ការសិក្សាស្រាវជ្រាវ និងផ្តល់ចំណេះដឹងដល់សិស្ស និសិត្សផងដែរ។

ឯកឧត្តម នេត្រ ភក្ត្រា បានបន្តថា ក្រសួងបរិស្ថានដែលមាននាយកដ្ឋានសេវាកម្មព័ត៌មានភូមិសាស្ត្រនៃ
អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថានជាសេនាធិការ ត្រូវរៀបចំរបាយការណ៍ស្ថានភាពបរិស្ថាននេះឱ្យបានទៀងទាត់។ ដូចនេះ ក្រោយពេលដែលរបាយការណ៍លើកទីបីត្រូវបានបញ្ចប់ នាយកដ្ឋានសេវាកម្មព័ត៌មានភូមិសាស្ត្រត្រូវរៀបចំផែនការដើម្បីកសាងរបាយការណ៍បន្ទាប់ទៀត។ ម្យ៉ាងវិញទៀត ដោយពិនិត្យឃើញថា ការរៀបចំរបាយការណ៍ស្ថានភាពបរិស្ថានទាមទារនូវការគាំទ្រ និងចូលរួម ទាំងការចែករំលែកទិន្នន័យព័ត៌មាន និងការរៀបចំសរសេររបាយការណ៍ រវាងអ្នកពាក់ព័ន្ធផ្សេងៗ នេះជាហេតុផលដែលយើងជួបជុំគ្នាក្នុង ថ្ងៃនេះដើម្បីចែករំលែក និងផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងវិធីសាស្ត្រក្នុងការចងក្រងរបាយការណ៍ស្ថានភាពបរិស្ថាន។ ការយល់ដឹងជាគោលការណ៍មូលដ្ឋានទៅលើខ្លឹមសារ និងបែបបទនៃការកសាងរបាយការណ៍ ក៏ដូចជាភាពចុះសម្រុង និងស៊ីសង្វាក់គ្នានៃប្រធានបទបរិស្ថានដែលនឹងត្រូវតាក់តែង ទាមទារឱ្យមានការចូលរួម សិក្សាស្វែងយល់ និងពិគ្រោះយោបល់ឱ្យបានទូលំទូលាយ។

 

 

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថាន រៀបចំសិក្ខាសាលាពិគ្រោះយោបល់បញ្ចប់លើ “សេចក្តីព្រាងរបាយការណ៍ស្ថានភាពបរិស្ថានជាតិ លើកទី៤”
ថ្ងៃ អង្គារ, 27 តុលា, 2020 ក្រសួងបរិស្ថាន រៀបចំសិក្ខាសាលាពិគ្រោះយោបល់បញ្ចប់លើ “សេចក្តីព្រាងរបាយការណ៍ស្ថានភាពបរិស្ថានជាតិ លើកទី៤”
សារលិខិតរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
ថ្ងៃ អង្គារ, 27 តុលា, 2020 សារលិខិតរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពនៃប្រភេទសត្វព្រៃសំខាន់ៗនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ឆ្នាំ២០១០-២០២០
ថ្ងៃ ចន្ទ, 26 តុលា, 2020 សន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពនៃប្រភេទសត្វព្រៃសំខាន់ៗនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ឆ្នាំ២០១០-២០២០