«ក្នុងនាមក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ និងអាជ្ញាធរខេត្តព្រះសីហនុ សូមចូលរួមអបអរសាទរចំពោះប្អូនសិស្សានុសិស្សជ័យលាភីនិទ្ទេសអេ (A) ទាំងអស់។ នេះជាជោគជ័យក្នុងជីវិតរបស់ប្អូនៗ ព្រមទាំងសូមចូលរួមរីករាយជាមួយនឹងមាតាបិតា អាណាព្យាបាលសិស្ស និងសូមវាយតម្លៃខ្ពស់ដល់មន្ត្រីរាជការពិសេសមន្ត្រីអប់រំ ដែលបានជួយបំប៉នដល់សិស្សានុសិស្ស បង្កលក្ខណៈងាយស្រួលក្នុងការសិក្សា ចូលរួមចំណែកក្នុងការបណ្តុះ បណ្តាលធនធានមនុស្សប្រកប ដោយគុណភាព ចូលរួមកសាង និងអភិវឌ្ឍធនធានមនុស្ស»។ នេះគឺជាប្រសាសន៍របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង
បរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុក្នុងឱកាសនៃពិធីសំណេះ
សំណាលជាមួយបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេស “A” នៅវិទ្យាល័យក្រុងព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១២ ខែតុលា​ ឆ្នាំ ២០១៩ នេះ។

​កម្មវិធីសំណេះសំណាលដែលរៀបចំឡើងដោយ រដ្ឋបាលសាលាខេត្តព្រះសីហនុមានការចូលរួមឯកឧត្ដម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ។ លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ មានធ្វើរបាយការណ៍ថា នៅក្នុងឆ្នាំសិក្សា ២០១៨- ២០១៩ ខេត្តព្រះសីហនុមានបេក្ខជនប្រឡងសរុប ១.៥៧០នាក់ ស្រី ៧៥០ នាក់ ប្រឡងជាប់ ១.២២៤ នាក់ ស្រី ៦០៥នាក់ ស្មើនឹង ៧៧.៩៦ ភាគរយ។ ក្នុងនោះសិស្សជាប់និទ្ទេស A ចំនួន ១៣ នាក់ (ស្រី ៦នាក់) សិស្សនិទ្ទេស B ចំនួន ៤៧ នាក់ (ស្រី ២៧នាក់) និទ្ទេសC ៨៥នាក់ (ស្រី ៤៩នាក់) និទ្ទេសD ចំនួន ២២១ នាក់ (ស្រី ១២០នាក់) និងនិទ្ទេសE ៨៥៨នាក់ (ស្រី ៤០៣នាក់)។

ដោយឡែក គ្រឹះស្ថានសិក្សាមានសិស្សប្រឡងទទួលបាននិទ្ទេសA មានចំនួន៥ ក្នុងនោះ ៖ ទី១-វិទ្យាល័យក្រុងព្រះសីហនុ មាននិទ្ទេស A ៥នាក់ ស្រី ២នាក់។ ទី២-វិទ្យាល័យជីវិតចំនួន ៣នាក់។ ទី៣) វិទ្យាល័យហ៊ុនសែនមិត្តភាពចំនួន ២នាក់។ ទី៤)-វិទ្យាល័យហ៊ុនសែនវាលរេញ ២នាក់ និងទី៥) វិទ្យាល័យហ៊ុនសែនព្រៃនប់ ចំនួន ០១ នាក់។
​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត ព្រះសីហនុ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមន្ត្រីការិយាល័យជំនាញ គណៈគ្រប់គ្រងវិទ្យាល័យ លោកគ្រូ អ្នកគ្រូ គ្រឹះស្ថានសាធារណៈ និងឯកជនបានខិតខំបង្ហាត់បង្រៀនក្មួយៗសិស្សជ័យលាភីក្នុងសម័យប្រឡង១៩ សីហា ២០១៩ បានទទួល លទ្ធផលល្អយ៉ាងត្រចេះត្រចង់ ក្នុងការកសាងសមត្ថភាព និងអភិវឌ្ឍធន ធានមនុស្សប្រកបដោយគុណភាពសមត្ថភាព និងគុណធម៌ ជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែង ពិសេសក្នុងពេលដែលកម្ពុជាឈានចូលជាប្រទេសចំណូលមធ្យមកម្រិតទាបក្នុងពេលដ៏ខ្លីខាងមុខ ហើយបន្តឡើងទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ តាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ បានជំរុញឱ្យប្អូនៗជាជ័យលាភីសិស្សនិទ្ទេស A និងនិងបេក្ឋជនប្រឡង ជាប់សញ្ញាបត្រទុតិយភូមិដទៃទៀតត្រូវខិតខំសិក្សាបន្ថែមទៀតនៅថ្នាក់ឧត្តមសិក្សា និងត្រូវចាប់យកឱកាសដែលខេត្តព្រះសីហនុកំពុងត្រូវការនាពេលបច្ចុប្បន្ន ដើម្បីធានានិរន្តរ ភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ឯកឧត្តម សាយ សំអាល់ ក៏បានជំរុញឲ្យមន្ត្រីអប់រំខេត្តព្រះសីហនុ បង្កើតចលនាប្រឡងប្រណាំងគ្រូគំរូ សាលារៀនគំរូ និងការប្រឡងប្រណាំងតាមសាលានីមួយៗផងដែរ ដើម្បីពង្រឹងគុណភាពសិក្សា ស្រប តាមចក្ខុវិស័យរបស់ក្រសួងអប់រំ និងរាជ រដ្ឋាភិបាលកម្ពុជា ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុរួមនឹងអាជ្ញាធរខេត្តបានចែករង្វាន់ជូនដល់សិស្សជ័យលាភីនិទ្ទេស A ចំនួន ១៣រូបដែលក្នុងម្នាក់ទទួលបានម៉ូតូ ០១គ្រឿង និងថវិកាចំនួន ១.០០០ ដុល្លារសហរដ្ឋអាមេរិក។ ដោយឡែកសិស្សនិទ្ទេស B បានទទួលបណ្ណសរសើរ ជាការលើកទឹកចិត្ត និងផ្តល់លិខិតសរសើរដល់សាលា ដែលមានសិស្សប្រឡងបាននិទ្ទេស A និងថវិកាមួយចំនួនផងដែរ ៕

 

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់