កម្មវិធីបោះជំរំ និងបំបួសដើមឈើ ក្រោមប្រធានបទ «ក្តីស្រឡាញ់ធនធានធម្មជាតិ និងជីវៈចម្រុះ» បានរៀបចំឡើងនៅតំបន់បេតិកភណ្ឌធម្មជាតិ “ភ្នំត្បែង» ក្នុងគោលបំណង បំផុសគំនិត និងស្មារតីស្រឡាញ់ និងអភិរក្សធនធានធម្មជាតិ ដល់ប្រជាជានទូទៅ និងផ្សព្វផ្សាយការយល់ដឹង និងចែករំលែកបទពិសោធន៍ការគ្រប់គ្រងធនធានធម្មជាតិ និងការប្រាស្រ័យទាក់ទងរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ដើម្បីរួមគ្នាការពារ និងអភិរក្សធនធានធម្មជាតិជីវៈចម្រុះ និងបរិស្ថាន។ កម្មវិធីនេះ បានប្រព្រឹត្តទៅនៅសហគមន៍តំបន់ការពារធម្មជាតិចាក់អង្រែ តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ស្ថិតនៅភូមិបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម គឹម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ព្រមទាំងមានការអញ្ជើញចូលរួមពីប្រជាសហគមន៍មូលដ្ឋាន យុវជនកាកបាតក្រហម កាយឫិទ្ធ សិស្សានុសិស្ស តំណាងស្ថាប័នរដ្ឋ និងវិស័យឯកជន ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងក្រុមអ្នកស្រលាញ់ និងអភិរក្សធនធានធម្មជាតិ ប្រមាណ៣៨០នាក់។

ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា កម្មវិធីបោះជំរំ និងបំបួសដើមឈើ ដែលក្រសួងបរិស្ថានរៀបចំឡើងនៅពេលនេះ គឺដើម្បីបំផុសស្មារតីឱ្យអ្នកទាំងអស់គ្នាស្រឡាញ់ និងការពារបរិស្ថាន។ ការថែរក្សាបរិស្ថាន និងការពារអភិរក្សធនធានធម្មជាតិ គឺទាមទារឱ្យមានការចូលរួមពីគ្រប់ភាគី ហើយយើងទាំងអស់គ្នារួមរួមគ្នា ទើបមានកម្លាំងរឹងមាំ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា យើងមានឱកាសអាចការពារបរិស្ថាន ធនធានធម្មជាតិ ក៏ដូចជាលើកស្ទួយជីវភាពសហគមន៍បាន គឺអាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព ហេតុនេះ សូមយើងទាំងអស់គ្នាចូលរួមថែរក្សាសុខសន្តិភាពដែលប្រមុខរាជរដ្ឋាភិបាល ស្វែងរកមកយ៉ាងលំបាក ឱ្យបានគង់វង្សជានិរន្តរ៍។
ក្នុងឱកាសនោះដែរ ឯកឧត្តម គឹម រិទ្ធី អភិបាលខេត្តព្រះវិហារ បានលើកឡើងថា ការជួបជុំគ្នានាពេលនេះ ជាឱកាសសម្រាប់គ្រប់ភាគីទាំងអស់ចូលរួមចែករំលែកនូវក្តីស្រឡាញ់ សាមគ្គីភាពរឹងមាំ ចូលរួមថែរក្សាបរិស្ថាន ក៏ដូចជាការពារ អភិរក្សធនធានធម្មជាតិរបស់យើង សម្រាប់អ្នកជំនាន់ក្រោយក្រោមម្លប់នៃសន្តិភាព។ ឯកឧត្តមឱ្យដឹងទៀតថា ជាឧទាហរណ៍ដូចជាបងប្អូនប្រជាសហគមន៍ ក្រៅពីចូលរួមការពារធនធានធម្មជាតិហើយនោះ គឺគាត់អាចរកចំណូលពីធម្មជាតិបានតាមរយៈជូនភ្ញៀវដើរកម្សាន្តព្រៃ ផ្ទះស្នាក់ ម្ហូបអាហារសម្រាប់ភ្ញៀវ ដែលអាចជួយឱ្យជីវភាពកាន់តែប្រសើរជាងមុន។ ឯកឧត្តមអភិបាលខេត្ត បានប្តេជ្ញាថា នឹងធ្វើឱ្យខេត្តព្រះវិហារក្លាយជាខេត្តម្ហូបអាហារសរីរាង្គ។

គួរបញ្ជាក់ឱ្យដឹងថា ក្រសួងបរិស្ថានបាននិងកំពុងគ្រប់គ្រងផ្ទៃដីជាង៧លានហិកតា ដែលបានបែងចែកជាឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់រ៉ាមសារ តំបន់បេតិកភណ្ឌ និងរបៀងអភិរក្សជីវៈចម្រុះ។ នៅតាមតំបន់ការពារធម្មជាតិទាំងអស់នេះ មានប្រជាសហគមន៍ជាច្រើនគ្រួសារ ដែលបាននិងកំពុងរស់នៅ ហើយពឹងផ្អែកទៅលើធនធានធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិទាំងអស់នោះ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ ដើម្បីធានាការការពារ និងគ្រប់គ្រងធនធានធម្មជាតិ និងជីវៈចម្រុះ ដោយនិរន្តរភាព ក្រសួងបរិស្ថានបានដាក់ពង្រាយឧទ្យានុរក្ស ចំនួន១២៦០នាក់ និងបានបង្កើត និងគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ ចំនួន១៩៣ តែអ្វីដែលសំខាន់បំផុត ដែលក្រសួងបរិស្ថានបាននិងកំពុងធ្វើ នឹងបន្តគិតគូជាយុទ្ធសាស្ត្រដោយបានដាក់ចេញនូវសកម្មភាពគ្រឹះជារៀងរាល់ឆ្នាំ ដើម្បីផ្លាស់ប្ដូរការគិតរបស់ ប្រជាជនទូទៅ និងបង្កើនការស្រឡាញ់ទៅលើធនធានធម្មជាតិ ជីវៈចម្រុះ និងបរិស្ថាន ដោយជំរុញឱ្យមានការ ចូលរួមពីប្រជាជន ទៅលើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ និងបរិស្ថាន៕

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ
ថ្ងៃ សុក្រ, 17 ឧសភា, 2024 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ
វេទិកាពិភពលោកស្តីពីសកម្មភាពអាកាសធាតុសាកល២០២៤ រៀបចំឡើងដើម្បីបង្កើនការយល់ដឹងអនាគតកម្ពុជា ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ
ថ្ងៃ សុក្រ, 17 ឧសភា, 2024 វេទិកាពិភពលោកស្តីពីសកម្មភាពអាកាសធាតុសាកល២០២៤ រៀបចំឡើងដើម្បីបង្កើនការយល់ដឹងអនាគតកម្ពុជា ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ
ប្រកាស ស្តីពី ការដាក់ឲ្យប្រើប្រាស់កម្មវិធីរដ្ឋបាលអេឡិចត្រូនិច (MoE EAdmin App)
ថ្ងៃ សុក្រ, 17 ឧសភា, 2024 ប្រកាស ស្តីពី ការដាក់ឲ្យប្រើប្រាស់កម្មវិធីរដ្ឋបាលអេឡិចត្រូនិច (MoE EAdmin App)