សត្វត្រយងចង្កំកសគឺជាប្រភេទសត្វស្លាបដ៏កម្របំផុតនៅលើពិភពលោក ហើយមានការប្រឈមនឹងហានិភ័យខ្ពស់នៃការផុតពូជជាសកល ប្រសិនបើកត្តាគំរាមកំហែងនានានៅតែបន្តកើតមាន ក្នុងនោះមានការបរបាញ់ ការដាក់អន្ទាក់ និងការបាត់បង់ទីជម្រក។​ ចំនួនប្រជាសាស្ត្រជាសកលនៃសត្វស្លាបប្រភេទនេះមានចំនួនប្រហែល​១០០០ក្បាលតែប៉ុណ្ណោះ។ ការធ្វើជំរឿនទូទាំងប្រទេសកម្ពុជាក្នុងឆ្នាំ២០២២ បានកត់ត្រាចំនួន ៧៩២ក្បាល ដែលស្មើនឹង ៨០%នៃរបាយលើពិភពលោក។​ សត្វត្រយងចង្កំកស (Pseudibis davisoni) ត្រូវបានគេប្រទះឃើញនៅទូទាំងទ្វីបអាស៊ីអាគ្នេយ៍ ប៉ុន្តែសព្វថ្ងៃនេះ គេប្រទះឃើញ ប្រភេទសត្វសត្វត្រយងចង្កំកស មានវត្តមាននៅតំបន់ព្រៃរល្បោះភាគខាងជើង និងខាងកើតនៃប្រទេសកម្ពុជា​​ និងចំនួនរបាយផ្សេងទៀតត្រូវបានគេរកឃើញនៅលើកោះ Borneo នៃឧបទ្វីបអាស៊ីខាងត្បូង។ សត្វត្រយងចង្កំកសត្រូវបានគេចាត់ចូលជាប្រភេទរងគ្រោះជិតផុតពូជក្នុងបញ្ជីក្រហម IUCN Red List។

នៅក្នុងឆ្នាំ២០១៩ ក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ​ និងក្រុមអង្គការអភិរក្ស​ បានរួមគ្នាចាប់ផ្តើម អង្គេតតាមដានចំនួនសត្វត្រយងចង្កំកសនៅក្នុងប្រទេសកម្ពុជា ដោយធ្វើការរាប់ចំនួនសត្វនៅក្នុងរដូវវស្សា។​ ការរាប់នេះត្រូវបានធ្វើឡើងជារៀងរាល់ខែចាប់ពីខែកក្កដា ដល់ខែតុលា ដោយធ្វើការរាប់ចំនួននៅពេលសត្វហើរចូលទ្រនំ នៅពេលល្ងាច និងរាប់ចំនួននៅពេលសត្វហើរចាកចេញពីទ្រនំនៅព្រឹកបន្ទាប់។​ ការធ្វើបែបនេះជាការប៉ាន់ប្រមាណចំនួន និងការបម្រែបម្រួលចំនួនប្រជាសាស្ត្រនៃប្រភេទសត្វនេះ។ ចំនួនខ្ពស់បំផុតត្រូវបានរាប់ក្នុងឆ្នាំ២០១៣ ដែលបានកត់ត្រាសត្វស្លាបប្រភេទនេះចំនួន ៩៧៣​ក្បាល និងមានការកត់ត្រាទាបបំផុតត្រឹមចំនួន៥៣១ក្បាល ក្នុងឆ្នាំ២០១៨ គឺមានការថយចុះប្រមាណ ៤៧%។ ក្នុងកំឡុងពេលនៃការថយចុះនេះ ប្រទេសកម្ពុជាបានទទួលរងនូវការបាត់បង់ព្រៃឈើកម្រិតខ្ពស់ ពិសេសនៅទីតាំងសម្បទានដីសេដ្ឋកិច្ច។​ ការបាត់បង់ទីជម្រកគួបផ្សំនឹងមានការរំខាននៅកន្លែងសំបុកពងកូន និងទ្រនំរកចំណី បានជះឥទ្ឋិពលយ៉ាងខ្លាំងដល់ការធ្លាក់ចុះនៃរបាយសត្វប្រភេទនេះក្នុងប្រទេសកម្ពុជា។​
នៅឆ្នាំ២០២២ ជាឆ្នាំទី៤ ដែលបានបង្ហាញពីចំនួននៃការធ្វើជំរឿងបានកត់ត្រទិន្ន័យខ្ពស់បន្តបន្ទាប់គ្នា។​ លទ្ឋផលនេះ គឺជាការលើកទឹកចិត្តដែលបានបង្ហាញថា ការអភិរក្សមានភាពល្អប្រសើរឡើង ទោះជានៅតំបន់ខ្លះមានការថយចុះ តែចំនួនសរុបមានការកើនឡើង។​
ចំនួនខ្ពស់បំផុតត្រូវបានកត់ត្រានៅដែនជម្រកសត្វព្រៃសៀមប៉ាង (៣៧៧ក្បាល) និងនៅតំបន់ព្រៃលិចទឹកទន្លេមេគង្គ (៣២៦ក្បាល)។ ការរាប់ចំនួនផ្សេងទៀត ត្រូវបានធ្វើឡើងនៅតំបន់កោះស្រឡាយ ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព លំផាត់ ស្រែពក និងភ្នំព្រេច។ ការធ្វើជំរឿនប្រចាំឆ្នាំ ត្រូវបានសម្របសម្រួលដោយក្រុមការងារអភិរក្សសត្វត្រយងកម្ពុជា (CIWG) ដែលបានបង្កើតឡើងដោយ ក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB) អង្គការជីវិតធម្មជាតិនៅកម្ពុជា(NLC) ក្រុមហ៊ុន រ៉ាយហ្ស៊ីងហ្វីនិក(RP) អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) និងអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ(WWF)។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាលកម្ពុជា សូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួម ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃ ដែលលទ្ធផលពេលនេះបានបង្ហាញពីការកើនឡើងនូវប្រភេទសត្វព្រៃមួយចំនួនក្នុងនោះមានសត្វត្រយងកង្កំកសផងដែរ។ នេះបង្ហាញពីប្រសិទ្ធភាពនៃការអនុវត្តផែនការសកម្មភាពនានារបស់ក្រសួងបរិស្ថាន និងអង្គការដៃគូ និងបង្ហាញពីភាពប្រសើរឡើងនៃការអភិរក្សធនធានធម្មជាតិនៅកម្ពុជា ការយល់ដឹងរបស់ប្រជាពលរដ្ឋ ការផ្លាស់ប្តូរឥរិយាបថសាធារណជនចំពោះសត្វព្រៃ។ ក្រសួងបរិស្ថាននិងដៃគូទាំងអស់នឹងបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីផ្តល់ជម្រកសុវត្ថិភាពដល់សត្វព្រៃតាមរយៈការអនុវត្តច្បាប់ ការបង្កើត សេដ្ឋកិច្ចមូលដ្ឋាន និងការធ្វើយុទ្ធនាការផ្សេងៗដើម្បីផ្លាស់ប្តូរឥរិយាថសាធារណជន។ ក្រសួងបរិស្ថានបន្តអំពាវនាវដល់ប្រជាពលរដ្ឋបញ្ឈប់ការដាក់អន្ទាក់ ការបរបាញ់ និងការហូបសាច់សត្វព្រៃ និងការជួញដូរសត្វព្រៃ»។
លោក សេង ទៀក នាយកអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ(WWF)ប្រចាំប្រទេសកម្ពុជា បានសាទរចំពោះកំណើននៃចំនួនសត្វត្រយងចង្កំកសក្នុងប្រទេសកម្ពុជា។ លោកថានេះជាលទ្ធផលវិជ្ជមាននៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការអភិរក្សប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុតនៅលើពិភពលោក។ សត្វត្រយងចង្កំកសចំនួន ៣២៦ ក្បាល ព្រមទាំងទ្រនំរបស់ពួកវាចំនួន ១៧កន្លែង ត្រូវបានកត់ត្រាថា ឃើញមាននៅដែនជម្រកសត្វព្រៃសំបូរក្នុងតំបន់ទេសភាពព្រៃលិចទឹកមេគង្គ នាខេត្តក្រចេះ ដែលចំនួននេះបានកើនឡើង ២៩% ក្នុងឆ្នាំ២០២២ ធៀបនឹងចំនួន ២៥២ ក្បាល ដែលបានកត់ត្រាក្នុងឆ្នាំ២០២១។ លោកបន្តថា៖ «អង្គការWWF មានសេចក្តីសោមនស្សរីករាយ និងសូមអបអរសាទរចំពោះលទ្ធផលវិជ្ជមាននៃជំរឿនសត្វត្រយ៉ងចង្កំកសក្នុងឆ្នាំនេះ។ សូមអរគុណដល់ក្រសួងបរិស្ថាន សមាជិកទាំងអស់នៃក្រុមការងារអភិរក្សសត្វត្រយ៉ងចង្កំកសនៅកម្ពុជា សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធដែលចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការងារអភិរក្សសត្វកម្រ។ ក្នុងនាមជាសមាជិកនៃក្រុមការងារអភិរក្សសត្វត្រយ៉ងចង្កំកសកម្ពុជា អង្គការWWFប្តេជ្ញាបន្តកិច្ចសហការរួមគ្នាជាមួយអាជ្ញាធរដែលមានទំនួលខុសត្រូវ អង្គការក្រៅរដ្ឋាភិបាលជាដៃគូ រួមនឹងសហគមន៍មូលដ្ឋានការពារសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជបំផុតនេះ តាមរយៈការគាំទ្រការអនុវត្តច្បាប់ក្នុងការការពារទីជម្រក ក៏ដូចជាយន្តការការពារសំបុកដោយសហគមន៍មូលដ្ឋាន។ អង្គការWWF បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមក្នុងកិច្ចសហប្រតិបត្តិការក្នុងផែនការសកម្មភាពអភិរក្សរួម ដើម្បីធ្វើយ៉ាងណាអាចអោយសត្វស្លាបដ៏កម្រនេះរស់រាន្តកាន់តែប្រសើរនាថ្ងៃអនាគត»។
លោក Jonathan Charles Eames OBE, ប្រធានក្រុមហ៊ុន​ Rising Phoenix Co. Ltd. បានមានប្រសាសន៍ថា៖ «នៅក្រុមហ៊ុន Rising Phoenix បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង មិនត្រឹមតែរាប់ចំនួនសត្វប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចាត់វិធានការដើម្បីការពារទីជម្រកសត្វដ៏ធំបំផុតដែលស្ថិតនៅខាងក្រៅ ដែនជម្រកសត្វព្រៃសៀមប៉ាង។ ក្រុមការងាររបស់យើង បានខិតខំប្រឹងប្រែង និងលះបង់ពេលវេលា ក្នុងការការពារធនធានដ៏សំខាន់នេះ ដោយធ្វើការស្វែងរក និងតាមដានសំបុកសត្វត្រយងចង្កំកស ដែលបានរកឃើញសំបុកប្រមាណ៤៥ សំបុកក្នុងមួយឆ្នាំ»។

លោក ប៊ូ វរសក្ស នាយកអង្គការធម្មជាតិនៅកម្ពុជា បានមានប្រសាសន៍ថា៖ «ប្រទេសកម្ពុជាគាំទ្រដល់ចំនួនប្រជាសាស្ត្រសត្វត្រយងចង្កំកសច្រើនជាងគេនៅលើពិភពលោក លទ្ឋផលជំរឿងក្នុងឆ្នាំ ២០២២នេះ បានបង្ហាញពីអនាគតដ៏ជោគជ័យ។ អង្គការជីវិតធម្មជាតិនៅកម្ពុជា សូមថ្លែអំណរគុណចំពោះក្រសួងបរិស្ថាន ដែលបានដឹកនាំក្រុមការងារអភិរក្សសត្វត្រយងកម្ពុជា។ យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការគាំទ្រដល់ក្រុមការងារអភិរក្សនេះ ដើម្បីរៀបចំនិងអនុវត្តផែនការសកម្មភាពអភិរក្សសត្វត្រយងកម្ពុជាកុំឱ្យផុតពូជ»។

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩