កូនដើមកោងកាងចំនួន ១០០០ ដើមត្រូវបានដាំនៅក្នុងតំបន់សហគមន៍នេសាទព្រែកត្នោត ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពតនៅព្រឹកថ្ងៃទី៣០ ខែមេសា​ ឆ្នាំ២០២២ នេះ ដែលជាកិច្ចសហការរវាងក្រសួងបរិស្ថាន រដ្ឋបាលខេត្ត រដ្ឋបាលជលផល និងសមាគមន៍អតីតនិស្សិតអាហារូបករណ៍ ឈីវីនីងប្រទេសអង់គ្លេសនៃកម្ពុជា (BCAAC) ក្រោមការគាំទ្រពីសំណាក់ស្ថានទូតអង់គ្លេសប្រចាំប្រទេសកម្ពុជា និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Prudential។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានដែលចូលរួមជាអធិបតីក្នុងពិធីដាំកូនកោងកាងនេះបានថ្លែងអំពាវនាវឱ្យប្រជាពលរដ្ឋជាពិសេសប្រជាពលរដ្ឋនៅក្នុងតំបន់ការពារធម្មជាតិសូមចូលរួមការពារនិងអភិរក្សដើមកោងកាង និងសូមចូលរួមដាំដើមកោងកាងបន្ថែម ដើម្បីនិរន្តរភាពនៃបរិស្ថាន និងជីវៈចម្រុះសមុទ្រ ដោយបានមានប្រសាសន៍ថា សកម្មភាពនៃការដាំកូនកោងកាងនៅពេលនេះគឺបានបង្ហាញថាយើងទាំងអស់គ្នាបានគិតគូរពី បញ្ហាបរិស្ថានជាពិសេសការប្រែប្រួលអាកាសធាតុ បានគិតគូរពីការការពារនិងថែរក្សាប្រព័ន្ធអេកូឡូស៊ីសមុទ្រ និង ដើមកោងកាង បានដើរតួនាទីសំខាន់ក្នុងការការពារពលរដ្ឋ ដែលរស់នៅមាត់សមុទ្រពីខ្យល់ព្យុះ ហើយដើមកោងកាងបានចូលរួមបង្កើតភាពសម្បូណ៌បែបនៃជីវៈចម្រុះដើម្បីចិញ្ចឹមជីវិតមនុស្ស។

ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការអភិរក្សដើមកោងកាង និងប្រព័ន្ធអេកូឡូស៊ីដែលជាប់ទាក់ទងត្រូវបានគេកំណត់ថាជាយុទ្ធសាស្ត្របន្ស៊ាំធម្មជាតិ និងវិធានការកាត់បន្ថយផលប៉ះពាល់ចំពោះការប្រែប្រួលអាកាសធាតុ។ ដើមកោងកាង គឺជាតំបន់ទ្រនាប់រវាងដី និងសមុទ្រ ទប់នឹងបញ្ហាធ្ងន់ធ្ងរនៃការហូរច្រោះតាមឆ្នេរសមុទ្រ និងការគំរាមកំហែងនៃការកើនឡើងនៃកម្ពស់ទឹកសមុទ្រ។ ព្រៃកោងកាងជួយគ្រប់គ្រងការហូរចូលរបស់ទឹកសមុទ្រមកលើដីធម្មជាតិ។ ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា ព្រៃកោងកាងជារបៀងយុទ្ធសាស្រ្តតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ ហើយក៏ជារនាំងប្រឆាំងនឹងគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ មិនតែប៉ុណ្ណោះបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ដោយមានតួនាទីយ៉ាងសំខាន់ជាកន្លែងរក្សាផលស្តុក ជាដែនជម្រក និងប្រភពមេពូជនៃមច្ឆធម្មជាតិដែលជាប្រភពធនធានសមុទ្រដ៏សម្បូរបែប ហើយចាំបាច់យើងត្រូវការរពារ អភិរក្ស និងដាំស្តារព្រៃកោងកាងឡើងវិញ។ ដើមកោងកាងមិនត្រឹមតែជួយក្នុងការការពារដីហូរច្រោះប៉ុណ្ណោះទេ តែវាក៏ដើរតួនាទីជាកាតាលីករក្នុងការនាំដីពីសមុទ្រមកដីគោកវិញផងដែរ។ កោងកាងផ្តល់នូវការបន្ស៊ាំធម្មជាតិទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ និងចូលរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។

ពិធីដាំកូនដើមកោងកាងនេះធ្វើឡើងក្នុងគោលបំណង ដើម្បីអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្ម ៩៦ ព្រះវស្សា និងខួបគម្រប់ ៧០ ព្រះវស្សា នៃការគ្រងរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រីយានីអង់គ្លេស អេលីហ្សាបេត្ស ទី២ ផងដែរ។ លោក យក់ សុធីរិទ្ធ ប្រធានសមាគម BCAAC បានថ្លែងថា ការចូលរួមដាំកូនដើមកោងនេះ ក៏ដើម្បីរួមចំណែកក្នុងកិច្ចការលើកកម្ពស់​ និងអភិរក្សដើមកោងកាងរបស់សហគមន៍មូលដ្ឋាន ចូលរួមលើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍នៃព្រៃកោងកាងចំពោះសេដ្ឋកិច្ចសហគមន៍មូលដ្ឋាន ស្វែងយល់អំពីកិច្ចអភិរក្សព្រៃកោងកាងរបស់ក្រសួងបរិស្ថាន រដ្ឋបាលខេត្តកំពត និងរបស់សហគមន៍នេសាទព្រែកត្នោត។ បង្កើនទំនាក់ទំនង និងការចូលរួមក្នុងកិច្ចការសង្គមននៃអតីតនិសិត្សអាហារូបករណ៍ ឈីវីនីង។

ចូលរួមក្នុងពិធីដាំកូនដើមកោងកាងនេះដែរ លោកជំទាវ Tina Redshaw ឯកអគ្គរាជទូតអង់គ្លេសប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា “ស្របពេលដែលយើងប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៩៦ ព្រះវស្សា និងខួបគម្រប់ ៧០ ព្រះវស្សានៃការគ្រងរាជ្យសម្បតិ្ត (The Platinum Jubilee) របស់ព្រះមហាក្សត្រីយានី អេលីហ្សាបេត្សទី២ ខ្ញុំមានសេចក្តីរំភើបរីករាយដែលបានចូលរួមពិធីដាំដើមកូនកោងកាងចំនួន ១០០០ ដើម ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមម្លប់បៃតង (The Queen’s Green Canopy Initiative)។ លោកជំទាវឯកអគ្គរាជទូត មានមោទកភាពដែលកិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យនេះ មានការចូលរួមពីមិត្តភ័ក្តិ និងសហការីរបស់យើង ដើម្បីចូលរួមលើកកម្ពស់បរិស្ថាន តាមរយៈការដាំដើមឈើ និងបង្កើតជាកេរដំណែលមួយ ដើម្បីជាកិត្តិយសដល់ខួបគម្រប់ ៧០ ព្រះវស្សានៃការគ្រងរាជ្យសម្បតិ្តរបស់ព្រះមហាក្សត្រីយានី អេលីហ្សាបេត្សទី២ ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់មនុស្សជំនាន់ក្រោយ និងមិត្តភាពរវាងចក្រភពអង់គ្លេស និងកម្ពុជា។

កម្ពុជាមានផ្ទៃដីព្រៃកោងកាងសរុបប្រមាណចំនួន ៥៨,៨០០ហិកតាដែលក្នុងនោះនៅខេត្តកែបមានទំហំ ១,០០៥ហិកតា ខេត្តកំពតមានទំហំ ១,៩៦៦ហិកតា ខេត្តព្រះសីហនុ មានទំហំ ៩,៣៥២ហិកតា និងខេត្តកោះកុងមានទំហំ ៤៦, ៥២៩ហិកតា។ ព្រៃកោងកាងជាប្រភេទព្រៃដុះលូតលាស់នៅតាមតំបន់ឆ្នេរទឹកភ្លាវ ក្រោមឥទ្ធិពលទឹកជោនាចពីសមុទ្រ និងជាទីប្រសព្វជាមួយទឹកសាប ដែលមានប្រភពពីតំបន់ឆ្នេរដីគោក។ ព្រៃកោងកាងជាសម្បត្តិធម្មជាតិមហាសាល សម្រាប់មនុស្សជាតិទូទៅ ពិសេសប្រជាជនដែលរស់នៅ និងប្រកបមុខរបរអ្នកនេសាទតំបន់សមុទ្រ។ ដោយឡែកយោងតាមរបាយការណ៍សហគមន៍នេសាទព្រែកត្នោត ក្រុងបូកគោ ចាប់តាំងពីការបង្កើតសហគមមន៍នេសាទ តាំងពី ឆ្នាំ២០១១ មក កូនដើមកោងកាងចំនួនជាង ៥ម៉ឺនដើមត្រូវបានដាំជាង ១២០ហិកតា។ ក្រៅពីដើមកោងកាង សហគមន៍នេសាទព្រៃត្នោតមានធនធានធម្មជាតិនៅបាតសមុទ្រផ្សេងទៀតគឺស្មៅសមុទ្រ និងផ្កាថ្មសមុទ្រ។ ឯកឧត្តម នៃ គង់​ អភិបាលរងនៃគណៈអភិបាលខេត្តកំពត បានថ្លែងអំពាវនាវដល់ប្រជាសហគមន៍នៅសង្កាត់ព្រែកត្នោតចូលរួមការពារនិងអភិរក្សព្រៃកោងកាងសម្រាប់ជាផលប្រយោជន៍សម្រាប់សហគមន៍។

ចូលរួមគាំទ្រក្នុងពិធីដាំកូនដើមកោងកាងនេះដែរ លោក លី សាលីន ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុន Prudential បានលើកឡើងថា​ គោលដៅសំខាន់បំផុតរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា គឺជួយឲ្យមនុស្សគ្រប់រូបទទួលបានអ្វីដែលល្អបំផុតក្នុងជីវិត ហើយរបៀបវារៈ ESG របស់យើង គាំទ្រគោលបំណងនេះ តាមរយៈកាផ្តួចផ្តើមជាច្រើន រួមមានការដាំដើមកោងកាងដែលធ្វើឡើងក្នុងថ្ងៃនេះផងដែរ។ នេះជាគោលដៅមួយក្នុងចំណោមគោលដៅជាច្រើនក្នុងការជួយកាត់បន្ថយនូវផលប៉ះពាល់បរិស្ថានរបស់យើង។ យើងសង្ឃឹមថាព្រឹត្តិការណ៍នេះ នឹងបង្កើនការយល់ដឹងក្នុងចំណោមអ្នកចូលរួមទាំងអស់ហើយពួកគេនឹងបន្តបង្កើតទម្លាប់នេះ ជាមួយមិត្តភ័ក្តិនិងគ្រួសាររបស់ពួកគេបន្ទាប់ពីសកម្មភាពថ្ងៃនេះ៕

រូបថតដោយ ឆែម ចាន់ធឿន

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩