«យើងអាចនិយាយបានថា បរិស្ថាន ធម្មជាតិ និងសុខភាពនេះមានចំណងទាក់ទងគ្នារវាងមនុស្សនិងធម្មជាតិ ដែលមនុស្សចាំបាច់ត្រូវការធម្មជាតិក្នុងការទទួលបានខ្យល់ដកដង្ហើមដ៏បរិសុទ្ធ បរិស្ថាននិងអនាម័យល្អដើម្បីផាសុកភាពសម្រាប់មនុស្សរស់នៅ និងធម្មជាតិបានផ្តល់នូវអាហារូបត្ថម្ភ ដល់មនុស្សគ្រប់រូបយ៉ាងសម្បូណ៌បែប។ ធម្មជាតិអាចអត់មនុស្សបាន ប៉ុន្តែមនុស្សមិនអាចអត់ ធម្មជាតិបាននោះទេ គឺត្រូវការជាប្រចាំរាល់ថ្ងៃ។ ប្រសិនបើធម្មជាតិត្រូវបានបំផ្លាញ នោះជីវីតមនុស្សសត្វក៏ប្រឈមមុខនឹងការផ្លិចបំផ្លាញដូចគ្នា។ ការគោរព ស្រឡាញ់ ថែរក្សាអភិរក្សធនធានធម្មជាតិគឺជាការ គោរពស្រឡាញជីវិតមនុស្ស។ យើងគោរពធម្មជាតិ នោះធម្មជាតិនឹងផ្តល់ការគោរពនិងផលប្រយោជន៍យ៉ាងច្រើនដល់យើងវិញ»។ នេះជាការលើកឡើងរបស់ ឯកឧត្តម​ នេត្រ​ ភក្ត្រា​ រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅក្នុងឱកាស អញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍«មួយម៉ោងសម្រាប់ភពផែនដី»រៀបចំឡេីងនាថ្ងៃសៅរ៍​ ៩រោច​ ខែផល្គុន​ ឆ្នាំឆ្លូវ​ ត្រីស័ក្ក​ ព.ស.២៥៦៥​ ត្រូវនឹងថ្ងៃទី២៦​ ខែមីនា​ ឆ្នាំ២០២២​ ដោយមានការញ្ជើញចូលរួមពី​ ឯកឧត្តម​ តុប​ សុភ័ក​ រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម​ ញ៉ន​ សិទ្ធ​ អភិបាលរងខេត្តមណ្ឌលគីរី​ លោក​ សេង​ ទៀក​ នាយកប្រតិបត្តិ​នៃអង្គការ​ WWF-Cambodia សហភាពអឺរ៉ុប ក្រុមហ៊ុនHEINEKEN Cambodia ក្រុមហ៊ុន Smart Axiata ដោយមានការគាំទ្រ និងសហការពីមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ មន្ទីរពាណិជ្ជកម្មក្នុងខេត្តមណ្ឌលគិរី ក្រុមហ៊ុនThe Blue Circle, ក្រុមហ៊ុនUnilever, ក្រុមហ៊ុនCoca Cola ព្រមទាំងដោយមានការចូលរួមយ៉ាងល្អពីដៃគូផ្សព្វផ្សាយ និងក្រុមយុវជនរបស់យើងជាច្រើនទៀត។

នៅឆ្នាំនេះ គឺជាឆ្នាំទី ១៣ហើយ ដែលប្រទេសកម្ពុជាយើង បានចូលរួមប្រារព្ធទិវាមួយម៉ោងសម្រាប់ភពផែនដី។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា ទិវាមួយម៉ោងសម្រាប់ភពផែនដីគឺជាឱកាសល្អមួយសម្រាប់យើងទាំងអស់គ្នាបង្ហាញពីការយកចិត្តទុកដាក់ចំពោះធម្មជាតិ និងបរិស្ថានក៏ដូចជាប្រាប់ដល់អ្នកដទៃទៀតឱ្យបានយល់ពីសារៈសំខាន់នៃធនធានធម្មជាតិចំពោះជីវិតនៅលើភពផែនដី ព្រមទាំងចូលរួមស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមជាច្រើនដែលកំពុងកើតឡើង នាពេលបច្ចុប្បន្នជាពិសេសការ ប្រែប្រួលអាកាធាតុ ការខូចខាតប្រព័ន្ធអេកូឡូស៊ីដែលជាកត្តាគំរាមកំហែងជាសកលដល់មនុស្ស និងធម្មជាតិ។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា៖«ទិវានេះផ្តល់ឱកាសសម្រាប់យើងចូលរួមអបអរសាទរ ក៏ប៉ុន្តែវាក៏ជាពេលដែលយើងត្រូវបង្ហាញឆន្ទៈដ៏មោះមុតចំពោះការការ ពារបរិស្ថាន និងធនធានធម្មជាតិជាតិផងដែរ ហើយការការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិនេះមិនមែនធ្វើត្រឹមរយៈ ពេល ១ ម៉ោងនៃការប្រារព្ធទិវានេះទេ គឺយើងត្រូវធ្វើជាប្រចាំប្រកបដោយការទទួលខុសត្រូវខ្ពស់។ អ្វីដែលយើងទាំងអស់គ្នា អាចធ្វើបានគឺការសន្សំសំចៃការប្រើប្រាស់ចរន្តអគ្គិសនី ការញែកសំរាមតាមប្រភេទតាមបច្ចេកទេសនិងវេចខ្ចប់ឱ្យបានត្រឹមត្រូវ ការសន្សំសំចៃការប្រើប្រាស់ទឹក និងត្រូវរិះរកគ្រប់មធ្យោបាយដើម្បីស្តុកទឹកទុកប្រើប្រាស់ ការបន្តដាំដើមឈើបន្ថែមនៅតំបន់ព្រៃរិចរិល និងចូលរួមទប់ស្កាត់ការបំផ្លិចបំផ្លាញ ធនធានធម្មជាតិ ជីវៈចម្រុះគ្រប់ប្រភេទ និងមិនបរិភោគសាច់សត្វព្រៃ ព្រមទាំងចូលរួមប្រើប្រាស់ឈើកែច្នៃ ជាជាងការ ប្រើប្រាស់ឈើពីធម្មជាតិ ដើម្បីកាត់បន្ថយសម្ពាធលើព្រៃធម្មជាតិ។ ធម្មជាតិមានសារៈសំខាន់ណាស់សម្រាប់ជីវិតមនុស្ស និងការអភិវឌ្ឍ។ បើធម្មជាតិបាត់បង់ អនាគតមនុស្សជាតិនឹងមិនស្ថិតស្ថេរ»។
ប្រទេសកម្ពុជាបានចាប់ផ្តើមប្រារព្ធទិវាមួយម៉ោងសម្រាប់ភពផែនដីក្នុងឆ្នាំ២០១០ ហើយទិវានេះបានក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏មានប្រជាប្រិយភាពក្នុងចំណោមមហាជនទូទាំងប្រទេសជាពិសេសយុវជនរហូតដល់បច្ចុប្បន្ន។ ទិវានេះមានដើមកំណើតនៅក្នុងទីក្រុងស៊ីដនីក្នុងឆ្នាំ២០០៧ ទិវាមួយម៉ោងសម្រាប់ភពផែនដីបានក្លាយជាចលនាដើម្បីបរិស្ថានធំជាងគេមួយនៅលើសកលលោក ដែលវាបានបំផុសការចូលរួមពីបុគ្គលម្នាក់ៗ សហគមន៍ គ្រឹះស្ថានរដ្ឋ និងឯកជន និងស្ថាប័ននានានៅក្នុងប្រទេសជាង១៩០ប្រទេសឲ្យចូលរួមធ្វើសកម្មភាពដើម្បីបរិស្ថានសម្រាប់ការផ្លាស់ប្តូរជាវិជ្ជមាន។ នៅពេលចាប់ផ្តើមដំបូង ទិវាមួយម៉ោងសម្រាប់ភពផែនដីផ្តោតលើវិបិត្តនៃបម្រែបម្រួលអាកាសធាតុ។ ប៉ុន្តែនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទិវាសកលលោកមួយនេះបានផ្តោតលើបញ្ហានៃការបាត់បង់ធនធានធម្មជាតិជាសំខាន់ ក្នុងគោលបំណងដើម្បីបង្កើតជាចលនាសកលមួយដែលមានភាពតជាប់គ្នាឥតដាច់សម្រាប់ឈានទៅសម្រេចឲ្យបាននូវនិរន្តរភាពនៃធម្មជាតិ។ ចលនានៃទិវានេះបានផ្តល់សារៈសំខាន់ដល់តួនាទីរបស់បុគ្គលម្នាក់ៗក្នុងការចូលរួមស្វែងរកដំណោះស្រាយដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃបរិស្ថានសព្វថ្ងៃ ព្រមទាំងលើកគុណតម្លៃនៃឥទ្ធិពលមហាសាលនៃភាពរួមកំលាំងសាមគ្គីគ្នាដោយមនុស្សរាប់លាននាក់ដើម្បីបង្កើតឲ្យមានការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់ភពផែនដីទាំងមូល។
ប្រធានបទឆ្នាំនេះ៖ អនាគតដែលយើងប្រាថ្នា
ជារៀងរាល់ឆ្នាំ Earth Hour ផ្តល់ឱ្យមនុស្សជុំវិញពិភពលោកនូវឱកាសដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់ពួកគេចំពោះធម្មជាតិ និងប្រាប់ដល់អ្នកដទៃទៀតឱ្យយល់ពីសារៈសំខាន់នៃធម្មជាតិសម្រាប់ជីវិតរស់នៅរបស់មនុស្ស ក៏ដូចជាកត្តាគំរាមកំហែងដែលមានចំពោះមនុស្ស និងភពផែនដី។ វាជាពេលវេលាមួយសម្រាប់គ្រប់គ្នាប្រារព្ធការអបអរ ប៉ុន្តែវាក៏ជាពេលវេលាសម្រាប់យើងម្នាក់ៗសម្តែងជាសាធារណៈអំពីតម្រូវការក្នុងការធ្វើសកម្មភាពជាវិជ្ជមានសម្រាប់ភពផែនដីផងដែរ។ ក្នុងឆ្នាំ២០២២នេះ ទិវាមួយម៉ោងសម្រាប់ភពផែនដីជាឱកាសមួយដើម្បីអំពាវនាវឱ្យផ្តល់អាទិភាពលើការយកធម្មជាតិជាស្នូលនៃការបង្កើតដំណោះស្រាយសម្រាប់កសាងសង្គមមនុស្សជាតិឱ្យប្រសើរឡើងក្រោយវិបត្តិ COVID-19។
ទាំងក្នុងអំឡុងពេលនៃយុទ្ធនាការផ្សព្វផ្សាយ និងនៅក្នុងកម្មវិធីធំថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ប្រជាជននៅកម្ពុជា និងនៅលើពិភពលោកនឹងនិយាយ ចែករំលែកចំណេះដឹង និងពិភាក្សាអំពីសារៈសំខាន់នៃធម្មជាតិ និងភាពចាំបាច់នៃសាមគ្គីភាពរួមគ្នាក្នុងការការពារបរិស្ថាន និងកសាងអនាគតមួយសម្រាប់ភពផែនដីប្រកបដោយនិរន្តរភាព។
គួរបញ្ជាក់ផងដែរថា​ ការរៀបចំទិវានេះ​ ក៏មានដាក់បញ្ចាំងនូវផ្ទាំងទស្សនីយភាពល្ខោនស្បែក​ ដែលជាកេរ្ត៍មរតកវប្បធម៍ខ្មែរតាំងយូរលុងមក​ របាំជនជាតិដេីមភាគតិច​ ពូនង​ និងពូតាង​ សិល្ប:ចម្រៀងសម័យ​ និងមានការតាំងបង្ហាញនូវផលិតផលកសិផលរបស់ប្រជាសហគមន៍ផងដែរ។

រូបថតដោយ ឆែម ចាន់ធឿន

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩