ទីស្តីការក្រសួងបរិស្ថាន នៅថ្ងៃអង្គារ៍ ១១កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ សិក្ខាសាលាស្តីពី “ការអភិរក្សជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី” រៀបចំឡើង ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអេកូឡូស៊ី និងបរិស្ថាននៃប្រទេសចិន ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ នៃការអនុវត្តនូវបទបញ្ញាតិពាក់ព័ន្ធជីវៈចម្រុះ នៅកម្ពុជា និងប្រទេសចិន ក៏ដូចជាស្វែងយល់ពីតម្រូវការក្នុងកិច្ចសហប្រតិបត្តិការ និងស្ថានភាពនៃការអភិរក្សជីវៈចម្រុះរបស់កម្ពុជា និងស្វែងរកនូវកិច្ចសហប្រតិបត្តិការអន្តរជាតិថ្មីៗ ក្នុងការអភិរក្សជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ដែលស្របជាមួយនឹងគោលនយោបាយ “ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ”។

លោកជំទាវ ចាន់ សុម៉ាលី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្រសួងបរិស្ថាន និងលោក SHI Feng អនុប្រធាននៃមជ្ឈមណ្ឌលសហប្រតិបត្តិការបរិស្ថានអាស៊ាន-ចិន នៃក្រសួងអេកូឡូស៊ី និងបរិស្ថានចិន បានអញ្ជើញចូលរួមជាអធិបតីនៃវេទិកានេះ ព្រំទាំងមានការចូលរួមពី មន្រ្តីក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធ គ្រឹះស្ថានអប់រំ សិក្សាស្រាវជ្រាវ និងអង្គការដៃគូអភិវឌ្ឍន៍ ដែលសិក្ខាសាលានេះមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៨-១៩ ខែធ្នូ ឆ្នាំ២០១៨។

លោកជំទាវ ចាន់ សុម៉ាលី បានលើកឡើងថា នេះជាសិក្ខាសាលាលើកទី១ រៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថានកម្ពុជា និងក្រសួងអេកូឡូស៊ីនិងបរិស្ថានចិន ទាក់ទងនឹង“ការអភិរក្សជីវៈចម្រុះនិងប្រព័ន្ធអេកូឡូស៊ី” បន្ទាប់ពីក្រសួងទាំងពីរបានចុះ អនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងកិច្ចគាំពារបរិស្ថានកាលពីឆ្នាំ២០១៥។ លោកជំទាវបានបញ្ជាក់បន្ថែមថា ក្រសួងបរិស្ថាននៃប្រទេសទាំងពីរ កម្ពុជា ចិន ក៏បានចុះអនុស្សារណៈយោគយល់ចំនួន៣ ទៀត កាលពីថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងបរិស្ថានកម្ពុជា រួមមាន៖ ទី១).អនុស្សារណៈយោគយល់ស្តីពីការបង្កើត ការិយាល័យត្រៀមសម្រាប់បង្កើតមជ្ឈមណ្ឌលសហ ប្រតិបត្តិការកម្ពុជា-ចិន ទី២).អនុស្សារណៈយោគ យល់ស្តីពីការផ្តល់ឧបករណ៍ប្រព្រឹត្តកម្មសំអាតទឹកកខ្វក់ ដោយបាន(ផ្តល់ឧបករណ៍ទំនើបចំនួន២កន្លែង សម្រាប់តំលើងនៅខេត្តកែប និងក្រសួងបរិស្ថាន) និងទី៣).គឺជាអនុស្សារណៈយោគយល់ស្តីពីកិច្ច សហប្រតិបត្តិការសាកល្បងក្នុងការអភិរក្សជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា។

លោកជំទាវ បន្តថា ដើម្បីឱ្យការអភិវឌ្ឍ និងការអភិរក្សនៅអាណត្តិថ្មីនេះអនុវត្តទៅប្រកបដោយប្រសិទ្ធ ភាពទាំងការការពារ និងការអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះនោះ លុះត្រាតែមានការពង្រឹងសមត្ថភាពដល់មន្រ្តី ក៏ដូនជាអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមនៅក្នុងការផ្សព្វផ្សាយ និងការអនុវត្តឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីការអភិវឌ្ឍនេះមាននិរន្តរភាព៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់