នៅ​ទីស្តីការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃចន្ទ ១០កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានដឹក​នាំ​កិច្ចប្រជុំអន្តរក្រសួង ដើម្បី​ពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង សម្រាប់គម្រោងអាជីវកម្មខ្សាច់សំណង់ និងដីល្បាយខ្សាច់ នៅលើ​ផ្ទៃ​ដី​ទំហំ ២០​ហិក​តា ដែល​មាន ទីតាំង​ស្ថិត​នៅ​តាមដងទន្លេ​មេគង្គ ក្នុង​ភូមិកោះប៉ែន ​ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម របស់សហគ្រាស កង ម៉ារ៉ែន ដែល​​បាន​សិក្សា​វាយ​តម្លៃ​ដោយ​ក្រុម​ហ៊ុន​ទី​ប្រឹក្សា ស៊ី អ៊ី អេស ខូ អិលធីឌី​។
កិច្ច​ប្រជុំ​នេះមានការ​​ចូលរួមពីតំណាងឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋានពាក់ព័ន្ធនៃ​ក្រសួង​បរិស្ថាន តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរ៉ែ និង​ថាមពល ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា រដ្ឋាបាលខេត្ត​កំពង់ចាម មន្ទីរ​បរិស្ថាន​ខេត្តកំពង់ចាម តំណាង​នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន តំណាងអង្គការ DPA ​តំណាងម្ចាស់គម្រោង និង​ក្រុមហ៊ុនទីប្រឹក្សា។
កិច្ចប្រជុំនេះ បានសម្រេច​លទ្ធផល​សំខាន់​ៗ​​រួមមាន (១). អង្គប្រជុំគាំទ្រគម្រោងអាជីវកម្មខ្សាច់សំណង់ និងដីល្បាយខ្សាច់នេះ (២). ត្រូវ​កំណត់បរិមាណនៃ​ការធ្វើអាជីវកម្មបូមខ្សាច់​ក្នុង​ ០១ឆ្នាំ ឱ្យបាន​លម្អិត (៣). ត្រូវផ្អាក ឬកាត់បន្ថយសកម្មភាពអាជីវកម្មនៅក្នុងរដូវត្រីពងកូន (៤). ត្រូវដាំដើមឈើនៅ​ ទីតាំងការដ្ឋានស្តុកខ្សាច់ និង​ការដឹក​ជញ្ជូនខ្សាច់​ត្រូវ​គ្របប៉ាតង់ឱ្យបាន​ត្រឹមត្រូវ ដើម្បី​កាត់បន្ថយការ​ហុយ​ធូលី ព្រមទាំង​គោរព​ច្បាប់ស្តីពី​ចរាចរណ៍ផ្លូវគោក និងច្បាប់ស្តីពីផ្លូវថ្នល់ (៥). ត្រូវបំពាក់ប្រព័ន្ធ GPS នៅពេលបូមខ្សាច់ និង​ស្លាក​លេខទូកបូមខ្សាច់ ដើម្បីងាយស្រួលតាមដានសកម្មភាពបូមរបស់សហគ្រាស និង (៦). ត្រូវ​សហការ​ជាមួយ​ក្រុមហ៊ុនទីប្រឹក្សាធ្វើការកែសម្រួល​នូវចំណុច​ខ្វះខាត​នៅ​ក្នុង​របាយការណ៍​វាយ​តម្លៃហេតុប៉ះពាល់​បរិស្ថាន​និងសង្គមដំបូងសម្រាប់គម្រោងនេះ ដែល​សមាជិកអង្គប្រជុំបាន​ផ្តល់យោបល់។

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
មហាជនប្រមាណជាង ១៥០០នាក់ ចូលរួមប្រារព្ធទិវាបរិស្ថានជាតិ ២៣វិច្ឆិកា នៅខេត្តតាកែវ
ថ្ងៃ អង្គារ, 25 វិច្ឆិកា, 2025 មហាជនប្រមាណជាង ១៥០០នាក់ ចូលរួមប្រារព្ធទិវាបរិស្ថានជាតិ ២៣វិច្ឆិកា នៅខេត្តតាកែវ