យុវជនខេត្តមណ្ឌលគិរី សរុបប្រមាណជាង១០០នាក់ ដែលជាមន្រ្តី/បុគ្គលិកវ័យក្មេងបម្រើការងារនៅតាមរដ្ឋបាលថ្នាក់ខេត្ត ក្រុង ស្រុក មន្ទីរវិស័យ និងសិស្សានុសិស្ស បានចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលស្តីពីការប្រែប្រួលអាកាសធាតុ ដើម្បីទទួលបានចំណេះដឹងថ្មីៗទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងវិធានការសម្រាប់បន្ស៊ាំនិងកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅកម្រិតសហគមន៍។ វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) និង ឯកឧត្តម ឈឹម កាន អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងជាប្រធានសហភាពសហព័ន្ធយុវជនខេត្ត ដែលមានរយៈពេល២ថ្ងៃ គឺថ្ងៃអង្គារ-ពុធ ៦-៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣០-៣១ ខែតុលា ឆ្នាំ២០១៨ នៅសណ្ឋាគារអេម៉ារីអូ ខេត្តមណ្ឌលគិរី។

ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការក.ជ.អ.ច. បានមានប្រសាសន៍ថា ស្របពេលដែលប្រទេសនានាទូទាំងពិភពលោក ក៏ដូចជាប្រទេសកម្ពុជា បានជួបប្រទះនូវបាតុភូតធម្មជាតិមិនប្រក្រតីកាន់តែញឹកញាប់ និងធ្ងន់ធ្ងរឡើងៗ ការប្រែប្រួលអាកាសធាតុបាននិងកំពុងធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចជាតិ។ ដូចនេះ យើងមិនអាចនៅស្ងៀម ឬរង់ចាំមិនធ្វើសកម្មភាពទៀតឡើយ យើងទាំងអស់គ្នាចាំបាច់ត្រូវចាត់វិធានការឆ្លើយតបឱ្យបានទាន់ពេលវេលា។

ជាមួយគ្នានេះដែរ ឯកឧត្តម ឈឹម កាន អភិបាលរងខេត្ត និងជាប្រធានស.ស.យ.ក. ខេត្ត បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន ដែលបានជ្រើសរើសយកខេត្តមណ្ឌលគិរីដែលជាខេត្តដាច់ស្រយាល ដើម្បីផ្តល់ឱកាសដល់យុវជនខេត្តអាចរៀនសូត្របង្កើនចំណេះដឹងរបស់ខ្លួន ជាពិសេសពាក់ព័ន្ធនឹងការរៀបចំគោលនយោបាយរបស់រាជរដ្ឋាភិបាល និងចំណេះដឹងវិទ្យាសាស្ត្រថ្មីៗសម្រាប់ចូលរួមដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុនៅថ្នាក់មូលដ្ឋាន។

នៅថ្ងៃទី១ សិក្ខាកាមបានទទួលចំណេះដឹងស្តីពីមូលហេតុនិងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ យន្តការឆ្លើយតបនៅថ្នាក់ជាតិនិងអន្តរជាតិ ជម្រើសបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ជម្រើសកាត់បន្ថយឧស្ម័ផ្ទះកញ្ចក់ និងការផ្សព្វផ្សាយចំណេះដឹងប្រែប្រួលអាកាសធាតុ។ នៅថ្ងៃទី២ សិក្ខាកាមទាំងអស់នឹងចុះរៀនសូត្រជាក់ស្តែងអំពីការគ្រប់គ្រងទូទៅក្នុងដែនជម្រកសត្វព្រៃសីមា ការអនុវត្តគម្រោងលក់ឥណទានកាបូន គម្រោងចិញ្ចឹមសត្វនិងដំណាំតាមគ្រួសារ និងសមិទ្ធផលនៃគម្រោងលក់ឥណទានកាបូនសម្រាប់ជួយជីវភាពប្រជាជនក្នុងសហគមន៍ នៅទីស្នាក់ការដែនជម្រកសត្វព្រៃកែវសីមា និងនៅក្នុងសហគមន៍អូររណា។

វគ្គបណ្តុះបណ្តាលនេះរៀបចំដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក.ជ.អ.ច. សហការជាមួយសាលាខេត្តមណ្ឌលគិរី និងសហភាពសហព័ន្ធយុវជនខេត្តមណ្ឌលគិរី ដោយមានការគាំទ្រថវិកាពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា(CCCA)។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់