ថ្ងៃពុធ ៨ កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យលោកជំទាវ Donica Pottie ឯកអគ្គរដ្ឋទូតកាណាដា និង ឯកឧត្តម Patrick Simiyu Wanoto ឯកអគ្គរដ្ឋទូតកេនយ៉ា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ នៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតទាំងពីរមានបំណងស្វែងយល់ពីបទពិសោធន៍ និងលទ្ធផលនៃការធ្វើកំណែទម្រង់ក្នុងវិស័យបរិស្ថាននៅកម្ពុជា នៅក្នុងអាណត្តិកន្លងមក និងទិសដៅការងារអាទិភាព ដែលត្រូវអនុវត្តនៅក្នុងអាណត្តិទី៦ ហើយក៏បានជម្រាបនិងគោរពអញ្ជើញឯកឧត្តមរដ្ឋមន្ត្រី ចូលរួមជាភ្ញៀវកិត្តយសក្នុង«សន្និសីទ Bule Economy and the 2030 Agenda for Sustainable Development» លើកទី១ ដែលផ្តួចផ្តើមឡើងដោយប្រទេសកេនយ៉ា និងកាណាដា ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Nairobi ចាប់ពីថ្ងៃទី២៦-២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន អង្គការតំបន់ អង្គការអន្តរជាតិ គ្រឹះស្ថានឧត្តមសិក្សា ស្ថាប័នសិក្សាស្រាវជ្រាវ វិស័យឯកជន ថ្នាក់ដឹកនាំសហគមន៍ ស្ត្រី យុវជន និងជនជាតិភាគតិច ប្រមាណ ៦០០០ នាក់ មកពីជុំវិញពិភាពលោក។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ និងជម្រាបជូនឯកអគ្គរដ្ឋទូតទាំងពីរអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការថែរក្សាសុខសន្តិភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ដែលបានផ្តល់ឱកាសឱ្យប្រជាជនកម្ពុជាអាចរស់នៅដោយសេចក្តីថ្លៃថ្នូ សិទ្ធិសេរីភាព វិបុលភាព និងភាពសុខុដុមរមនា។ ជាមួយគ្នានេះ ក្នុងអាណត្តិកន្លងទៅក្រសួងបរិស្ថានសម្រេចបាននូវការធ្វើទំនើបកម្មស្ថាប័ន ដូចជាបានកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រង ដើម្បីឆ្លើយតបទៅនឹងវិសាលភាពការងារស្របតាមការវិវត្តនៃបរិបទសង្គមកម្ពុជា និងពិភពលោក ជាពិសេសការអនុវត្តនូវកំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ សំដៅធានាប្រសិទ្ធភាពនៃកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព។ នៅក្នុងអាណ្តិថ្មីនេះ ក្រសួងបរិស្ថានបានបន្តដាក់ចេញនូវគោលនយោបាយកំណែទម្រង់ស៊ីជម្រៅគ្រប់ជ្រុងជ្រោយ តាមរយៈការដាក់ឱ្យអនុវត្តនូវអភិក្រមនៃ «រដ្ឋបាលទំនើប» ដើម្បីកសាងបាននូវភាពជាអ្នកដឹកនាំ ការកសាងប្រព័ន្ធរដ្ឋបាលទំនើប លើកម្ពស់គុណតម្លៃមន្ត្រីរាជការ ស្រឡាញ់ខ្លួនឯង មានមោទនភាពជាតិ សុច្ចរឹតភាព សេវាកម្ម ឧត្តមភាព និងការអភិវឌ្ឍសមត្ថភាព ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក៏ដូចជារក្សាបាននូវនិរន្តភាពបរិស្ថាន និងកេរ្តិ៍ដំណែលធនធានធម្មជាតិរបស់កម្ពុជា សម្រាប់ជាប្រយោជន៍ដល់ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី បានឯកភាពដឹកនាំគណប្រតិភូក្រសួងបរិស្ថានចូលរួមក្នុងសន្និសីទដ៏មានសារៈសំខាន់នេះ ដើម្បីចែករម្លែកមេរៀនដកពិសោធរបស់កម្ពុជា ដែលបានសម្រេចបានក្នុងអាណត្តិកន្លងមក និងចូលរួមផ្តល់អនុសាសន៍នានាជមួយបណ្តាប្រទេសផ្សេងៗ ទៀត ដើម្បីរួមចំណែកកសាងសេដ្ឋកិច្ចបៃតង និងការលើកកម្ពស់ការអភិវឌ្ឍដោយចីរភាពទាំងក្នុងដែនគោក ដែនទឹក និងតំបន់សមុទ្រ។

ព័ត៌មានបន្ថែម

រាជរដ្ឋាភិបាលដាក់ចេញយុទ្ធសាស្ត្រ៤ ដើម្បីគាស់រំលើងបញ្ហាចេញ និងកាយយកកំណើនភ្ញៀវទេសចរមកវិញ
ថ្ងៃ អង្គារ, 17 កញ្ញា, 2019 រាជរដ្ឋាភិបាលដាក់ចេញយុទ្ធសាស្ត្រ៤ ដើម្បីគាស់រំលើងបញ្ហាចេញ និងកាយយកកំណើនភ្ញៀវទេសចរមកវិញ
អបអរសាទរ ពិធីបុណ្យភ្ជុំបិណ្ឌ
ថ្ងៃ អង្គារ, 17 កញ្ញា, 2019 អបអរសាទរ ពិធីបុណ្យភ្ជុំបិណ្ឌ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ អង្គារ, 6 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩