ពិធីបញ្ចុះបឋមសិលាសាងសង់អាគារស្នាក់នៅរបស់សិក្ខាកាម បើកវគ្គបវណ្តុះបណ្តាលនាយទាហានថ្នាក់កងអនុសេនាតូច និងអនុសេនាធំថ្មើរជើងជំនាន់ទី២ និងបើកវគ្គបណ្តុះបណ្តាលមន្រ្តីឧទ្យានុរក្ស ជំនាន់ទី៧របស់ក្រសួងបរិស្ថាន

កំពង់ស្ពឺ ៖ ពិធីបញ្ចុះបឋមសិលាសាងសង់អាគារស្នាក់នៅរបស់សិក្ខាកាម បើកវគ្គបវណ្តុះបណ្តាលនាយទាហានថ្នាក់កងអនុសេនាតូច និងអនុសេនាធំថ្មើរជើងជំនាន់ទី២ និងបើកវគ្គបណ្តុះបណ្តាលមន្រ្តីឧទ្យានុរក្ស ជំនាន់ទី៧របស់ក្រសួងបរិស្ថាន បានដំណើរការក្រោមវត្តមានឯកឧត្តម ស្រ៊ុន ដារិទ្ឋិ រដ្ឋលេខាធិការ តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅសាលានាយទាហានសកម្ម ស្ថិតក្នុងស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្រ្តា នាយរងសេនាធិការចម្រុះ និងជានាយកសាលានាយទាហានសកម្ម បានឱ្យដឹងថា ៖ វគ្គបណ្តុះបណ្តាលនាថ្ងៃនេះ ពិតជាបានឆ្លើយតបទាន់ពេលវេលានូវគោលនយោបាយ កសាងធនធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន្ទ និងធនធានមនុស្សផ្នែកឧទ្យានុរក្សក្រសួងបរិស្ថាន ដែលជាតម្រូវការចាំបាច់របស់សង្គមជាតិ ហើយជាការឆ្លើយតបនូវបរិបទថ្មី នៃរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ ដែលបានដាក់ចេញនូវគោលនយោបាយកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកដោយនិរន្តរភាព ចីរភាព អភិវឌ្ឍនៈភាពសង្គម ។ ជាមួយគ្នានេះថ្នាក់ដឹកនាំសាលា និងនាយទាហាន របស់សាលានាយទាហានសកម្ម ត្រូវបន្តយកចិត្តទុកដាក់សហការជំរុញការងារហ្វឹកហ្វឺន ដើម្បីធានាបាននូវបរិមាណនិងគុណភាព ឆ្លើយតបទៅនឹងគោលនយោបាយកងយោធពលខេមរភូមិន្ទ ក្នុងការកសាងធនធាននាយទាហានវ័យក្មេងសម្រាប់បន្តវេណ ។

ក្នុងឱកាសនោះ ឯកឧត្តម ស្រ៊ុន ដារិទ្ឋិ ក្នុងនាមឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ បានមានប្រសាសន៍ថា ៖ វគ្គបណ្តុះបណ្តាលនេះ គឺបានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់អំពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការបន្តអភិវឌ្ឍធនធានមនុស្ស ទាំងក្នុងវិស័យយោធា និងវិស័យស៊ីវិល រួមទាំងមន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថានឱ្យមានសមត្ថភាព និងគុណធម៌ខ្ពស់បន្ថែមទៀត នៅក្នុងបុព្វហេតុការពារជាតិនិងប្រជាជន ក៏ដូចជាកិច្ចគាំពារបរិស្ថាន ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ និងការអភិវឌ្ឍដោយចីរភាព។ ឯកឧត្តម បានលើកឡើងដែរថា ថ្វីត្បិតតែវគ្គបណ្តុះបណ្តាលនេះមានរយៈពេលខ្លី ប៉ុន្តែវាគឺជាគ្រឹះដ៏មានសារៈសំខាន់បំផុតសម្រាប់ការកសាងសមត្ថភាពជំនាញជាមូលដ្ឋានរបស់នាយទាហាន និងមន្រ្តីឧទ្យានុរក្សទាំងអស់ ទាំងទ្រឹស្តីនិងការអនុវត្តជាក់ស្តែងនៅទីវាល ។ លើសពីនេះទៅទៀត ដោយស្ថានភាពពិភពលោកបច្ចុប្បន្នមានភាពមានការវិវត្តន៍យ៉ាងលឿន ជាពិសេសបច្ចេកវិទ្យា ការអប់រំបន្តតាមគ្រប់រូបភាព គឺជាកត្តាចាំបាច់ដែលសិក្ខាកាមទាំងអស់ ត្រូវតែខិតខំអភិវឌ្ឍចំណេះដឹងរបស់ខ្លួនឱ្យបានជាប្រចាំ ដោយក្នុងនោះគួររៀបចំឱ្យមានវគ្គ វិក្រឹត្យការ និងសុក្រឹត្យការឱ្យបានច្រើនផងដែរ ។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តាំផ្ញើរដល់សិក្ខាកាមទាំងអស់ សូមយកចិត្តទុកដាក់ និងត្រង់ត្រាប់ស្តាប់នូវការពន្យល់ និងធ្វើរាល់លំហាត់ដែលយោធាចារ្យ និងគ្រូឧទ្ទេសក៏បានដាក់ឱ្យ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីក្រេបជញ្ជក់ឱ្យបាននូវចំណេះដឹង និងជំនាញពិតប្រាកដ សម្រាប់យកទៅបំពេញភារៈកិច្ចនៅតាមអង្គភាពរៀងៗខ្លួន ក្នុងបុព្វហេតុឧត្តុង្គឧត្តមរបស់ជាតិ ប្រជាជន និងមាតុភូមិជាទីស្នេហានៃយើងទាំងអស់គ្នា។
សូមបញ្ជាក់ថា អាគារស្នាក់នៅរបស់សិក្ខាកាម១ខ្នង ដែលធ្វើពិធីបញ្ចុះបឋមសិលានាពេលនេះ មានទទឹង៩ម៉ែត្រ បណ្តោយ៤០ម៉ែត្រ កំពង់១ជាន់ មាន៥បន្ទប់ ដែលជាថវិការរបស់សាលានាយទាហានសកម្មផ្ទាល់ សម្រាប់ត្រៀមទទួលនិស្សិតនាយទាហានសកម្មជំនាន់ទី២៣ ចំនួន២០០នាក់ ដែលនឹងចាប់ផ្តើមការសិក្សានាខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខ។ដោយឡែក វគ្គបណ្តុះបណ្តាលមន្រ្តីឧទ្យានុរក្ស ជំនាន់ទី៧របស់ក្រសួងបរិស្ថាន មានរយៈពេល១ខែ គឺចាប់ពីថ្ងៃទី១៦ ខែតុលា ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយក្នុងនោះមានមុខវិជ្ជា ចិត្តសាស្រ្ត យុទ្ឋវិធីថ្នាក់មូលដ្ឋាន សង្គ្រោះបឋម ការរស់នៅតំបន់ព្រៃភ្នំ លំហាត់របៀប និងកាយសិក្សាយោធា និងកីឡា ៕

ព័ត៌មានបន្ថែម

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ជ័យលាភីសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២១ និងពិធីសម្ពោធសួនជីវចម្រុះ«សួនព្រឹទ្ធាចារ្យជុំហ៊ល» និងសួនអំណាន«ព្រឹទ្ធាចារ្យលឹមណៃ»
ថ្ងៃ សៅរ៍, 18 កញ្ញា, 2021 ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ជ័យលាភីសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២១ និងពិធីសម្ពោធសួនជីវចម្រុះ«សួនព្រឹទ្ធាចារ្យជុំហ៊ល» និងសួនអំណាន«ព្រឹទ្ធាចារ្យលឹមណៃ»
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជួបពិភាក្សាជាមួយឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំនៅកម្ពុជា
ថ្ងៃ ពុធ, 15 កញ្ញា, 2021 ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជួបពិភាក្សាជាមួយឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំនៅកម្ពុជា
ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាពប្រគល់រថយន្តសង្គ្រោះបន្ទាន់ ចំនួន ០១គ្រឿង ដែលជាអំណោយរបស់អង្គការ The Society for Promotion of Japanese Diplomacy
ថ្ងៃ ពុធ, 15 កញ្ញា, 2021 ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាពប្រគល់រថយន្តសង្គ្រោះបន្ទាន់ ចំនួន ០១គ្រឿង ដែលជាអំណោយរបស់អង្គការ The Society for Promotion of Japanese Diplomacy