នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍្ត​ ៤រោច​ ខែស្រាពណ៍​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវនឹងថ្ងៃ​ទី​៣០ ខែ​សីហា​ ឆ្នាំ​២០១៨ ឯកឧត្ដម ទិន ពន្លក អគ្គលេខាធិការ​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព បាន​ចូល​រួម​ជា​អធិបតី​បើក​សិក្ខា​សាលា​ពិគ្រោះ​យោបល់​ស្តីពី​ “ការ​បញ្ជ្រាប​ជីវ​សុវត្ថិភាព​ទៅ​ក្នុង​វិស័យ​ពាក់ព័ន្ធ​ ដោយ​ផ្ដោត​លើ​ពិធីសារ​កាតាហ្សេណា ស្តីពី​ជីវ​សុវត្ថិភាព និង​ពិធីសារ​បន្ថែម​ណាហ្គូយ៉ា-កូឡាឡាំពួរ​ស្តីពី​ការ​ទទួល​ខុសត្រូវ​ផ្នែក​ច្បាប់​ និង​សំណង​ការ​ខូចខាត” នៅ​រាជធានីភ្នំពេញ។

ឯកឧត្ដម ទិន ពន្លក អគ្គលេខាធិការ​ ក.ជ.អ.ច. បាន​មាន​ប្រសាសន៍​ថា​ ព្រះរាជា​ណាចក្រ​​កម្ពុជា​បាន​ក្លាយ​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​សហប្រជាជាតិ​ស្តីពី​ជីវៈចម្រុះ​នៅ​ឆ្នាំ​ ១៩៩៥ ពិធី​សារកា​តាហ្សេណា​ស្តីពី​ជីវសុវត្ថិភាព នៅឆ្នាំ ២០០០ និង​ពិធី​សារ​បន្ថែម​ស្តីពី​ការ​ទទួល​ខុស​ត្រូវ​ផ្នែក​ច្បាប់​ និង​សំណង​ការ​ខូចខាត ឆ្នាំ២០១៣។ អនុសញ្ញា​សហប្រជាជាតិ​ស្តីពី​ជីវៈចម្រុះ​យក​ចិត្ត​ទុកដាក់​ជា​ពិសេស​លើ​ការ​អភិរក្ស​ជីវៈចម្រុះ​ ការ​ប្រើប្រាស់​ប្រកប​ដោយ​និរន្តរភាព​នៃ​បំណែក​នៃ​ជីវៈចម្រុះ និង​ការ​បែងចែក​ប្រកប​ដោយ​យុត្តិធម៌​ និង​សមធម៌​នូវ​ផល​ប្រយោជន៍​ពី​ការ​ប្រើប្រាស់​ធនធាន​ពន្ធុ​នោះ ពិធី​សារ​កាតាហ្សេណា​ស្តីពី​ជីវសុវត្ថិភាព​ និង​ពិធី​សារ​បន្ថែម​ស្តីពី​ការ​ទទួល​ខុស​ត្រូវ​ផ្នែក​ច្បាប់ និង​សំណង​ការ​ខូចខាត​មាន​គោលបំណង​ធានា​ដល់​កម្រិត​សមស្រប​ក្នុង​ការ​ផ្លាស់ប្តូរ ទុកដាក់ និង​ការ​ប្រើប្រាស់​ប្រកប​ដោយ​សុវត្ថិភាព​នូវ​សារពាង្គកាយ​កែច្នៃ​រស់​ពី​បច្ចេកវិទ្យា​ជីវសាស្ត្រ​ទំនើប​ ដែល​អាច​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​ការ​អភិរក្ស និង​ការ​ប្រើប្រាស់​ជីវៈចម្រុះ​ប្រកប​ដោយ​ចីរភាព​ ដោយ​យក​ចិត្ត​ទុកដាក់​ផង​ដែរ​លើ​ហានិភ័យ​ចំពោះ​សុខភាព​មនុស្ស បរិស្ថាន និង​ជា​ពិសេស​លើ​ចលនា​ឆ្លងកាត់​ព្រំដែន​ប្រទេស​។

ឯកឧត្ដម ទិន ពន្លក បន្ត​ទៀតថា​ ជា​ការ​ឆ្លើយតប​ទៅ​នឹង​ហានិភ័យ​ដែល​អាច​កើត​មាន​ រាជរដ្ឋាភិបាល​នៃ​ព្រះរា​ជា​ណាចក្រ​កម្ពុជា​បាន​យក​ចិត្ត​ទុកដាក់​ខ្ពស់​លើ​ការ​បង្ការ និង​ទប់ស្កាត់​បញ្ហា​ប្រឈម​ពី​ការ​ប្រើប្រាស់​ និង​ការ​បញ្ចេញ​សារពាង្គ​កាយ​កែច្នៃរស់​ទៅ​ក្នុង​បរិស្ថាន​ធម្មជាតិ ទាំង​ដោយ​ចេតនា និង​អចេតនា​ ដោយ​បាន​អនុម័ត​ច្បាប់​ស្តីពី​ជីវ​សុវត្ថិភាព អនុក្រឹត្យ​ស្តីពី​យន្តការ និង​នីតិវិធី​អនុវត្ត​ច្បាប់​ស្តីពី​​ជីវសុវត្ថិភាព ក្រប​ខណ្ឌ​ជីវ​សុវត្ថិភាព​ជាតិ​ និង​ផែនការ​សកម្មភាព​ជាតិ​ស្តីពី​ជីសុវត្ថិភាព និង​ជីវ​បច្ចេកវិទ្យា​ទំនើប។ ក្រៅ​ពីនេះ រាជរដ្ឋាភិបាល​បាន​ និង​កំពុង​ជំរុញ​ឲ្យ​មាន​ការ​បញ្ជ្រាប​ជីវសុវត្ថិភាព ជា​ពិសេស​ការ​ទទួល​ខុសត្រូវ​ផ្នែក​ច្បាប់ និង​សំណង​ការ​ខូចខាត​បណ្តាល​មក​ពី​សារពាង្គកាយ​កែច្នៃ​រស់​ទៅ​ក្នុង​បរិស្ថាន​ធម្មជាតិ​ទៅ​ក្នុង​វិស័យ​ពាក់ព័ន្ធ ដូច​ជា​វិស័យ​កសិកម្ម ធនធាន​ទឹក ទេសចរណ៍ អប់រំ​ឧស្សាហកម្ម ជាដើម។

សូមបញ្ជាក់ថា កិច្ចពិភាក្សា​នាពេលនេះប្រមូល​ធាតុ​ចូល​ផ្សេង​ៗ​ ពីអ្នកចូលរួមពាក់ព័ន្ធ ដើម្បី​អនុវត្ត​ការងារ​ជីវសុវត្ថិភាព​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព និង​ទទួល​បាន​ជោគជ័យ​៕

ព័ត៌មានបន្ថែម

ថវិកាប្រជាពលរដ្ឋ និងថវិកាសង្ខេបឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន
ថ្ងៃ ពុធ, 21 កុម្ភៈ, 2024 ថវិកាប្រជាពលរដ្ឋ និងថវិកាសង្ខេបឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន
សហរដ្ឋអាម៉េរិកពង្រឹងកិច្ចសហប្រតិបត្តិការលើការងារអាទិភាពបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិដោយចីរភាព
ថ្ងៃ ពុធ, 4 តុលា, 2023 សហរដ្ឋអាម៉េរិកពង្រឹងកិច្ចសហប្រតិបត្តិការលើការងារអាទិភាពបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិដោយចីរភាព
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនៈភាពរបស់នាយកដ្ឋានវាយតម្លៃហេតុប់ះពាល់បរិស្ថាន
ថ្ងៃ សុក្រ, 22 កញ្ញា, 2023 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនៈភាពរបស់នាយកដ្ឋានវាយតម្លៃហេតុប់ះពាល់បរិស្ថាន