នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ក្រសួងបរិស្ថាន បានរៀបចំកិច្ចប្រជុំណែនាំអំពីនីតិវិធីនិងដំណើរការ នៃការប្រកួតជជែកពិភាក្សាអំពីបរិស្ថាន ទ្រង់ទ្រាយធំប្រចាំឆ្នាំ២០១៨ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់យុវជន និងនាំមកនូវគំនិតស្រាវជ្រាវថ្មីៗតាមបែបវិទ្យាសាស្រ្ត សម្រាប់បង្កើនកិច្ចគាំពារបរិស្ថាន អភិរក្សធនធានធម្មជាតិនិងជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការប្រកួតជជែកពិភាក្សារបស់និស្សិតបរិញ្ញាបត្ររបស់បណ្តាសាកលវិទ្យាល័យសរុបចំនួន១៣ នៅរាជធានីភ្នំពេញ និងខេត្ត ក្រោមអធិបតីភាពលោកជំទាវ ងិន លីណា អគ្គនាយកចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន។

កិច្ចប្រជុំបានដំណើរការដោយមានបង្ហាញជាក់លាក់អំពីគោលការណ៍និងនីតិវិធីនៃការប្រកួតពិភាក្សា ជំនាញមូលដ្ឋាននៃការជជែកពិភាក្សា លក្ខណៈវិនិច្ឆ័យនៃការដាក់ពិន្ទុ និងការចាប់ឆ្នោតជ្រើសរើសប្រធានបទនិងគូប្រកួត។

ការប្រកួតជជែកពិភាក្សាប្រចាំឆ្នាំនេះ មានរយៈពេល៣ខែ ចាប់ផ្តើមពីខែសីហា រហូតដល់ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយបែងចែកជា៣ដំណាក់កាល រួមមាន វគ្គប្រកួតដំបូង វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ។ ប្រធានបទសំខាន់សម្រាប់វគ្គប្រកួតដំបូង មាន៧ប្រធានបទ៖ ១) ការប្រើប្រាស់បច្ចេកវិទ្យាដែលធន់នឹងអាកាសធាតុក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ អាចឈានទៅរកការអភិវឌ្ឍសេដ្ឋកិច្ចបៃតងនៅកម្ពុជា, ២) កម្ពុជាគួរពង្រឹងការចាត់វិធានការបញ្ឈប់ការដុតសំណល់នៅទីចំហរ, ៣) ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន គឺជាឧបសគ្គរារាំងដល់ការអភិវឌ្ឍ, ៤) ការអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិជាកត្តាសំខាន់រួមចំណែកដល់កិច្ចការពារធនធានធម្មជាតិក្នុងប្រទេសកម្ពុជា, ៥) ការចូលរួមពីសហគមន៍មូលដ្ឋានជាកត្តាចាំបាច់បំផុតដើម្បីធានានិរន្តរភាព ទេសចរណ៍ធម្មជាតិ, ៦)ការការពារនិងអភិរក្សធនធានព្រៃឈើប្រឈមនឹងការអភិវឌ្ឍ និង ៧) សកលលោកនឹងមិនអាចសម្រេចបានគោលដៅអភិវឌ្ឍន៍ដោយចីរភាពទាំង១៧បានទេនៅឆ្នាំ២០៣០។

លទ្ធផលនៃការជជែកពិភាក្សាទាំងនេះ គឺជាមូលដ្ឋានដ៏ចាំបាច់សម្រាប់អ្នករៀបចំគោលនយោបាយ ដៃគូអភិវឌ្ឍន៍ និងអ្នកសិក្សាស្រាវជ្រាវនានា អាចប្រើប្រាស់សម្រាប់រៀបចំផែនការយុទ្ធសាស្រ្ត និងវិធានាការសមស្រប ចំណែកសាធារណជនក៏អាចបង្កើនការចូលរួមចំពោះកិច្ចគាំពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិរបស់ពួកគាត់កាន់តែមានប្រសិទ្ធភាពជាងមុន។

ពិធីបើកផ្លូវការនៃការប្រកួតវគ្គដំបូង នឹងចាប់ផ្តើមនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC)៕

ព័ត៌មានបន្ថែម

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ប្រគល់ធុងទឹកចម្រោះទឹកស្អាតជូនវិទ្យាល័យហ៊ុនសែនតាខ្មៅ ខេត្តកណ្តាល
ថ្ងៃ ពុធ, 20 តុលា, 2021 ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ប្រគល់ធុងទឹកចម្រោះទឹកស្អាតជូនវិទ្យាល័យហ៊ុនសែនតាខ្មៅ ខេត្តកណ្តាល
ការផ្តល់មធ្យោបាយគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឈានទៅមានភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ឱ្យស្អាត ឱ្យអស់ ទាន់ពេល និងមាននិរន្តរភាព គឺសម្រាប់យើងទាំងអស់គ្នា
ថ្ងៃ សៅរ៍, 16 តុលា, 2021 ការផ្តល់មធ្យោបាយគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឈានទៅមានភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ឱ្យស្អាត ឱ្យអស់ ទាន់ពេល និងមាននិរន្តរភាព គឺសម្រាប់យើងទាំងអស់គ្នា
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានដឹកនាំប្រតិភូ អញ្ជើញចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ
ថ្ងៃ សុក្រ, 15 តុលា, 2021 ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានដឹកនាំប្រតិភូ អញ្ជើញចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ