សិក្ខាសាលាស្តីពី «ការសិក្សាលទ្ធភាពដាំកូនឈើប្រភេទប៉ូឡូញ៉ា-គូតុង» និងពីធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងក្រសួងបរិស្ថាន និងក្រុមហ៊ុនវិស្វកម្មបៃតងគូតុងប៉េកាំងព្រមទាំងរវាងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រុមហ៊ុនសំណង់ធានយ័នគ្រុបនៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការបង្កើតយន្តការសម្របសម្រួលកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងពង្រឹងប្រសិទ្ធភាពការងាររបស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពត្រូវបានធ្វើ ឡើងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០១៦ នេះនៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា សិក្ខាសាលានៅថ្ងៃនេះ មិនត្រឹមតែជាសក្ខីភាពបញ្ជាក់ នូវ ការរីកចម្រើនមួយជំហានថ្មីទៀតនៃកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកញ្ចក់ឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់នូវការយកចិត្តទុកដាក់ របស់រាជ រដ្ឋាភិបាល ក៏ដូចជាក្រសួងបរិស្ថានក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារគ្រប់គ្រងបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព ជាពិសេស ការលើកកម្ពស់ជីវភាពប្រជាសហគមន៍តំបន់ការពារធម្មជាតិ។ ឯកឧត្តម សាយ សំអាល់ បានចាត់ទុកអនុស្សរណៈនៃការយោគយល់ដែលទើបតែត្រូវបានចុះ
ហត្ថលេខាជាឯកសារគោលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏មានសារៈសំខាន់សម្រាប់ធានាដល់ដំណើរការអនុវត្តគម្រោង និងកម្មវិធីរួមគ្នា ដែលអាចរួមចំណែកយ៉ាងសំខាន់ដល់ការងារដឹកនាំ គ្រប់គ្រង និងសម្របសម្រួលរបស់ក្រសួងបរិស្ថាន ក្នុងការធានារក្សាឱ្យបាននូវគុណភាពបរិស្ថាន តុល្យភាពប្រព័ន្ធអេកូឡូស៊ី និងការរស់នៅដោយចីរភាព ស្របតាមគោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់សហប្រជាជាតិ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឱ្យអង្គសិក្ខាសាលាទាំងមូលយកចិត្តទុកដាក់ពិនិត្យ ពិចារណា និងពិគ្រោះយោបល់ឱ្យបានស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ អំពីគំនិតផ្តួចផ្តើមស្តីពីការសាកល្បងដាំកូនឈើប្រភេទប៉ូឡូញ៉ា-គូតុង ដែលជាប្រភេទឈើងាយស្រួលក្នុងការដាំ រីកលូតលាស់លឿនផ្តល់ផលខ្ពស់ផ្នែកសេដ្ឋកិច្ច និងមានតម្រូវការទីផ្សារយ៉ាងទូលំទូលាយនៅប្រទេសចិន។
ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ បានលើកឡើងថា ក្រសួងបរិស្ថានបានធ្វើកំណែទម្រង់ ជាច្រើនរួមមានមានការអនុវត្តតាមបទបញ្ជាលេខ ០១ដោយមិនផ្តល់សម្បទានដីសេដ្ឋកិច្ចថ្មី ការធ្វើកំណែទម្រង់ស៊ីជម្រៅរវាងស្ថាប័នអភរិក្ស និងអភិវឌ្ឍដោយបានបែងចែកតួនាទីច្បាស់លាស់រវាងក្រសួងបរិស្ថាន និង ក្រសួងកសិកម្ម និងការបញ្ចប់ការកាប់ឈើទ្រង់ទ្រាយធំ ការបញ្ចប់ជម្លោះដីធ្លី និងការរៀបចំឱ្យមាននូវវេទិកាថ្នាក់ជាតិ រវាងរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល សហគមន៍ និងមន្រ្តីពាក់ព័ន្ធទាំងអស់ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា៖«ដំណើររបស់យើងគឺបានដើរមកច្រើនជំហាន ហើយនៅថ្ងៃនេះ គឺយើងបានបោះជំហានទៅលើវិថីថ្មីមួយទៀត គឺការសិក្សាលើលទ្ធភាពដាំដើមឈើ នៅលើដីដែលយើងមានស្រាប់ ដោយយើងត្រូវរកប្រភេទឈើណាដែលអាចមកជំនួសឈើព្រៃដែលយើងមានសព្វថ្ងៃនេះ ហើយឈើណាដែលអាចលូតលាស់លឿន គុណភាពអាចទទួលយកបាន ហើយប្រភេទឈើដែលមានទីផ្សារ សម្រាប់បងប្អូនប្រជាជនរបស់យើង។ ឧទាហរណ៍ ដើមឈើប្រភេទ PAULOWNIA-GUOTONGនេះជាប្រភេទឈើដែល មានតំលៃ គេដាំលម្អ និងយកកែច្នៃបានច្រើនប្រភេទ ឈើប្រភេទនេះវាត្រូវការដាំកន្លែងក្តៅ ហើយដោយសារយើងមានដីស្រាប់។ ម្យ៉ាងទៀត គឺផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាជនយើង អោយងាកមកចាប់អារម្មណ៍ទៅលើការដាំ និងសិក្សាឈើប្រភេទនេះ»។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ «សម្រាប់ប្រទេសកម្ពុជាយើង ប្រសិនបើលទ្ធផលនៃកិច្ចពិភាក្សា និងការសិក្សាបង្ហាញថា ការដាំកូនឈើប្រភេទនេះ ពិតជាអាចដំណើរការទៅបាន ស្របតាមទស្សនទានសេដ្ឋកិច្ចបរិស្ថាន ហើយធានារក្សាឱ្យបាននូវនិរន្តរភាពបរិស្ថាន សុវត្ថិភាពជីវៈចម្រុះ និងតុល្យភាពនៃប្រព័ន្ធអេកូឡូស៊ី នោះក្រសួងបរិស្ថាននឹងគិតគូររៀបចំឱ្យមានផែនការសកម្មភាពសម្រាប់ការអភិវឌ្ឍដំណាំឈើប្រភេទនេះ ដោយជំរុញ និងលើកទឹកចិត្តឱ្យមានការចូលរួមពីសហគមន៍មូលដ្ឋាន ក្នុងការដាំកូនឈើទាំងនេះនៅលើផ្ទៃដីព្រៃរេចរឹល និងតំបន់ផ្សេងៗទៀតនៅក្នុងសហគមន៍មូលដ្ឋាន»។ ចំពោះការអនុវត្តគម្រោងជាក់ស្តែង ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានឱ្យអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ និងអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននៃក្រសួងបរិស្ថាន រួមសហការជាមួយអ្នកជំនាញឯកទេសចិន អាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធ ដើម្បីបន្តសិក្សាស្វែងយល់ និងកំណត់គោលដៅអាទិភាពសម្រាប់ឱ្យគម្រោងនីមួយៗដំណើរការដោយរលូន និងសម្រេចបានជោគជ័យ ស្របតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់រវាងភាគីទាំងពីរ៕

he-phale_26-9-161 he-phalen_26-9-16

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
មហាជនប្រមាណជាង ១៥០០នាក់ ចូលរួមប្រារព្ធទិវាបរិស្ថានជាតិ ២៣វិច្ឆិកា នៅខេត្តតាកែវ
ថ្ងៃ អង្គារ, 25 វិច្ឆិកា, 2025 មហាជនប្រមាណជាង ១៥០០នាក់ ចូលរួមប្រារព្ធទិវាបរិស្ថានជាតិ ២៣វិច្ឆិកា នៅខេត្តតាកែវ