ខេត្តបាត់ដំបង៖ តំណាងក្រសួងស្ថាប័នរដ្ឋ អង្គការមិនមែនរដ្ឋាភិបាលចំនួន២២គម្រោងដែលកំពុងធ្វើការលើផ្នែកបន្ស៊ាំ កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងកាត់បន្ថយភាពងាយរងគ្រោះរបស់ប្រជាជន ក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ ព្រមទាំងដៃគូអភិវឌ្ឍន៍ សរុបចំនួន៩៥នាក់ ក្នុងនោះស្រ្តី២៨នាក់ បានចូលរួមនៅក្នុង “សិក្ខាសាលាចែករំលែកបទពិសោធន៍ស្តីពីគម្រោងប្រែប្រួលអាកាសធាតុ” រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២០ដល់២១ ខែមិថុនា ឆ្នាំ២០១៨ នៅសណ្ឋាគារខេមរាបាត់ដំបង ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តគម្រោងដែលទទួលមូលនិធិពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា (Cambodia Climate Change Alliance: CCCA) សំដៅស្វែងរកតម្រូវការចាំបាច់ក្នុងការបង្កើនប្រសិទ្ធភាពនៃការអនុវត្តគម្រោងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុទាំងនៅថ្នាក់ជាតិនិងសហគមន៍នៅដំណាក់កាលចុងក្រោយនៃការអនុវត្តគម្រោង។

ថ្លែងក្នុងពិធីបើកសិក្ខាសាលា លោក ស៊ុំ ធី ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជាប្រធានគ្រប់គ្រងកម្មវិធីCCCA បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលរបស់គម្រោងទាំង២២ដែលបានកំពុងអនុវត្ត ដើម្បីបង្កើនសមត្ថភាពមន្ត្រី ក៏ដូចជាស្ថាប័ន ផ្តល់ផលប្រយោជន៍ផ្ទាល់ដល់ប្រជាជននៅមូលដ្ឋាន ជាពិសេសគឺការចងក្រងនូវមេរៀនបទពិសោធន៍ជាច្រើនទាំងការរៀបចំគោលនយោបាយ ការសិក្សាស្រាវជ្រាវ និងការងារអនុវត្តសាកល្បង។

លោក ជូលៀន ឆេវីឡាដ មន្រ្តីត្រួតពិនិត្យមូលនិធិគម្រោងប្រែប្រួលអាកាសធាតុ និងជាតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានបញ្ជាក់ថាក្រសួងស្ថាប័នរដ្ឋចំនួន១៤បានទទួលមូលនិធិជំនួយឥតសំណងពីកម្មវិធីCCCA សម្រាប់អនុវត្តសកម្មភាពអាទិភាពដែលមានក្នុងផែនការសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុតាមវិស័យរបស់ខ្លួន ក្នុងនោះគម្រោងចំនួន៨ បានចាប់ផ្តើមអនុវត្តនៅឆ្នាំ២០១៥ ចំណែកចំនួន៦ទៀតនៅឆ្នាំ២០១៧។ ក្រៅពីនេះ គម្រោងស្ថាប័នរដ្ឋ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៨ ក៏បានទទួលមូលនិធិលើផ្នែកស្រាវជ្រាវនិងច្នៃប្រឌិតដោយផ្តោតលើអាទិភាពប្រែប្រួលអាកាសធាតុនៅឆ្នាំ២០១៦ ផងដែរ។

អ្នកអនុវត្តគម្រោងនិងមន្រ្តីរៀបចំផែនការ បានរួមគ្នាពិភាក្សាទៅលើទិដ្ឋភាពសំខាន់ៗចំនួន៣ រួមមាន ១) បទពិសោធន៍ល្អៗដែលអនុវត្តកន្លងមក បញ្ហាប្រឈម និងវិធីដោះស្រាយបញ្ហាប្រឈមទាំងនោះ ២) យុទ្ធសាស្រ្តធានានិរន្តរភាពគម្រោង ផែនការពង្រីកវិសាលភាព និង៣) ការគ្រប់គ្រងរដ្ឋបាលនិងហិរញ្ញវត្ថុគម្រោង។ សិក្ខាសាលានេះ រៀបចំដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដោយមានការគាំទ្រពីកម្មវិធីCCCA។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់