ស្របគ្នានឹងពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០១៨ នាថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ក្រសួងបរិស្ថាន បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ប្រកាសបើកយុទ្ឋនាការ «រួមគ្នាកាត់បន្ថយប្លាស្ទិក» តាមរយៈការបញ្ជ្រាបការយល់ដឹងបរិស្ថាននៅតាមសាលារៀន។ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេពេលនេះ រៀបចំឡើងដោយនាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយបរិស្ថាន បានប្រព្រឹត្តទៅនៅវិទ្យាល័យហ៊ុន សែន ប៊ុន រ៉ានី ផ្សារដើមផ្កូវ រាជធានីភ្នំពេញដោយមានការចូលរួម ពី ឯកឧត្តម ស៊ូ សូវុធ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយតំណាងក្រសួង ស្ថាប័នពាក់ព័ន្ឋ អាជ្ញាធររាជធានីភ្នំពេញ ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជាច្រើនកុះករ។
លោកជំទាវ ងិន លីណា អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន បានឱ្យដឹងថាវេទិកានាថ្ងៃនេះ ប្រារព្ធឡើងដើម្បីបង្កើនការយល់ដឹងដល់សាធារណជនអំពីបញ្ហាបរិស្ថាន ជាពិសេសការប៉ះពាល់នៃប្លាស្ទិកចំពោះបរិស្ថាន និងសុខភាពមនុស្ស។ លោកជំទាវបានបញ្ជាក់ដែរថា ការងារសំខាន់របស់យើងទាំងអស់គ្នា គឺរួមគ្នាទទួលខុសត្រូវលើបញ្ហាបរិស្ថាន គប្បីយកចិត្តទុកដាក់កាត់បន្ថយការប្រើប្រាសថង់ប្លាស្ទិក ចូលរួមការពារធនធានធម្មជាតិ ជីវៈចម្រុះ ដើម្បីការរស់នៅប្រកបដោយចីរភាព។
លោកជំទាវ សឿ សុជាតា មានប្រសាសន៍ថា ការបញ្ជ្រាបការយល់ដឹងនៅតាមសាលារៀន និងគ្រិះស្ថានឧត្តមសិក្សានានា ពិតជាមានសារៈសំខាន់ណាស់ និងឆាប់បានទទួលជ្រួតជា្របដល់សាធារណៈជន ហើយការកាត់បន្ថយចង់ប្លាស្ទិក គឺផ្តើមចេញពីយើងទាំងអស់គ្នា ដូច្នេះប្អូនៗជាយុវជន សិស្សានុសិស្ស គឺជាចលករយ៉ាងខ្លាំងក្នុងការផ្សព្វផ្សាយឱ្យកាន់តែប្រសិទ្ឋភាព ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ស៊ូ សូវុធ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា ការងារបរិស្ថានជាកិច្ចការដែលត្រូវបានពិភពលោក បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយតម្រូវឱ្យគ្រប់អ្នកពាក់ព័ន្ធទំាងអស់ទាំងក្នុងក្របខ័ណ្ឌសហគមន៍ សង្គមជាតិ តំបន់ និងពិភពលោក ត្រូវបន្តចូលរួមពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដោយខិតខំរិះរកវិធានការ និងដំណោះស្រាយឱ្យបានសមស្រប ដើម្បីរក្សាឱ្យបាននូវសុវត្ថិភាពនៃភពផែនដី វឌ្ឍនភាពសង្គម និងការរស់នៅដោយចីរភាព ។
ឯកឧត្តម ស៊ូ សូវុធ បានលើកទឹកចិត្តដល់មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋកុំបោះសំណល់ ឬថង់ប្លាស្ទិកចោលទៅក្នុងបរិស្ថាន ព្រោះសារធាតុគីមីនៅក្នុងប្លាស្ទិកអាចបង្កឱ្យមានការបំពុលដល់គុណភាពដី គុណភាពទឹក និងមានគ្រោះថ្នាក់ដល់ប្រព័ន្ឋអេកូឡូស៊ី ជាពិសេសជីវៈចម្រុះនៅក្នុងទឹក អាចច្រលំថាជាចំណីហើយលេបចូល និងជាតិពុលនេះអាចជ្រៀតចូលទៅក្នុងខ្លួនមនុស្សនៅពេលដែលយើងបរិភោគវាចូលទៅ និង សូមកុំដុតថង់ប្លាស្ទិក ព្រោះវានឹងភាយឧស្ម័នពុល ដែលធ្វើឱ្យប៉ះពាល់ស្រទាប់អូហ្សូនយើង ។
ជាមួយគ្នានេះ ឯកឧត្តមបានជំរុញឱ្យ ទិវានេះមាននៅក្នុងប្រតិទិនប្រចាំឆ្នាំ ដោយមន្ទីរបរិស្ថាននៅតាមបណ្តារាជធានី-ខេត្ត ធ្វើការសហការជាមួយ អាជ្ញាធរដែនដី និងបំផុសចលនាមហាជនឱ្យរៀបចំព្រឹត្តិការណ៍នេះ ទៅតាមទីតាំងនានា។
សូមបញ្ជាក់ថានៅក្នុងពិធីអបអរសាទរទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ៥ មិថុនាឆ្នាំ២០១៨នេះ ក្រសួងបរិស្ថានបានប្រកាសបើក យុទ្ធនាការ «រួមគ្នាកាត់បន្ថយប្លាស្ទិក»។ យុទ្ធនាការនេះមាន គោលបំណងបំផុសចលនាទូលំទូលាយកាត់បន្ថយប្លាស្ទិកនៅកម្ពុជា តាមគោលការណ៍ស្ម័គ្រចិត្ត ក៏ដូចជាជំរុញការអនុវត្តអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ ១៦៨ អនក្រ.បក ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ស្តីពីការគ្រប់គ្រងថង់ប្លាស្ទិកផងដែរ៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់