“ ស្រ្តីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិ“ គឺជាប្រធានបទ នៃការអបអរសាទរ ខួបលើកទី១០៧ ទិវាអន្តរជាតិនារី ៨មិនា ឆ្នាំ២០១៨។ នៅក្នុងនោះដែរ នារីនៃក្រសួងបរិស្ថាន បានជួបជុំអបអរសាទរទិវានារីអន្តរជាតិ ៨ មិនាយ៉ាងអធឹកអធម និងរិករាយ ក្រោមអធិបតីភាព លោកជំទាវ មាស ម៉ូរិន អនុរដ្ឋលេខាធិការ តំណាងឯកឧត្តម សាយ សំអាល់រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកជំទាវ ឌិត នីតា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន ឯកឧត្តម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការជានារីចំណុះក្រសួងបរិស្ថាន មន្រ្តីនារីមកពីមន្ទីរបរិស្ថានទាំង២៥ រាជធានី ខេត្ត នាថ្ងៃ៣រោច ខែផល្គុន ន.ព ២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលធនធានតំបន់ឆ្នេរ នាខេត្តកែប។

លោកស្រី មាស ច័ន្ទធីតា ប្រធានសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន បានបញ្ជាក់ថា កម្មវិធីនេះ រៀបចំឡើងដើម្បីរំលឹកពីការតស៊ូរបស់ស្រ្តី ក្នុងការទាមទារសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងការទទួលបានសិទ្ធស្មើគ្នារវាងបុរស និងស្រ្តី។ ព្រឹត្តិការណ៍ ៨ មីនា រំលេចពីតម្លៃ នៃសន្តិភាព ការលើកកម្ពស់វប្បធម៌អហិង្សា ដែលរដ្ឋាភិបាល បាននឹងកំពុងគាំទ្រជំរុញអោយមានការចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរស ទាំងស្រ្តី ដើម្បីវឌ្ឍនភាពសង្គម ឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្រ្តី ក៏ដូចជាសុខមាលភាពសង្គម ដោយទប់ស្កាត់ និងកាត់បន្ថយអំពើហឹង្សា។នាឱកាសនេះដែរ លោកជំទាវ ឌិត នីតា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព បានចូលរួមផ្តល់នូវអនុសាសន៍ល្អៗ និងលើកទឹកចិត្តដល់មន្រ្តីរាជការស្រ្តី ដែលកំពុងបំរើការងារក្នុងគោលបំណងអភិវឌ្ឍន៍លើកម្ពស់សម្ថភាពនៅក្នុងស្ថាប័ន ក៏ដូចជាធ្វើយ៉ាង ក្លាយជាអ្នកដឹកនាំ និងជាម្តាយល្អ ដើម្បីទទួលបានសន្តិភាព និងសុភមង្គលនៅក្នុងសង្គមគ្រួសារ និងសង្គមជាតិ ។

លោកជំទាវ មាស ម៉ូរិន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានអោយដឹងថា សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី គឺជាកត្តារួមចំណែកធ្វើអោយមានសន្តិភាព សន្តិសុខ និងវឌ្ឍនភាពយូអង្វែងរបស់សង្គមជាតិ យ៉ាងណាមិញ ការធ្វើទំនើបកម្មក្រសួងបរិស្ថាបច្ចុប្បន្នមួយចំនួនបានផ្តោតសំខាន់លើការគាំពារសុខភាពមន្រ្តីរាជការ និងលើកកម្ពស់សម្ថភាពមន្រ្តី ជាពិសេសមន្រ្តីនារី ធ្វើយ៉ាងណាខិតខំពង្រឹងសមត្ថភាពខ្លួនឯង ដើម្បីក្លាយជាថ្នាក់ដឹកនាំនៅក្នុងស្ថាប័ន ។

សូមបញ្ជាក់ថា ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានបានលើកទឹកចិត្តដល់មន្រ្តី និងសកម្មភាពជាច្រើន ដើម្បីរួមចំណែកគាំពារសុខមាលភាព ដូចជាមន្រ្តីនារីឆ្លងទន្លេ រៀបអាពាហ៍ពិពាហ៍ និងមន្រ្តីទទួលមរណៈភាព រួមនឹងបង្កើនសមត្ថភាព ជំនាញ និងសកម្មភាពផ្សេងៗទៀត ជូនមន្រ្តីគ្រប់លំដាប់ថ្នាក់។ ជារៀងរាល់ឆ្នាំការប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា គឺបានប្រារព្ធនៅទីស្តីការក្រសួង ដោយឡែក សម្រាប់ការអបអរសាទរ ខួបលើកទី១០៧ ឆ្នាំនេះ ធ្វើនៅខេត្តកែប ព្រោះចង់ផ្លាស់ប្តូរបរិយាកាស នឹងចង់រឹតចំណងសាមគ្គីភាពជាមួយគ្នារវាងមន្រ្តីជាស្រ្តីទាំងអស់ ហើយក៏បានមកដើរលេងកំសាន្ត និងស្វែងយល់ពីតំបន់ដែលមានសក្តានុពលធម្មជាតិខេត្តកែបផងដែរ៕

     

ព័ត៌មានបន្ថែម

ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងតម្រង់ទិសការងារសម្រាប់មន្ទីរបរិស្ថានខេត្តសៀមរាប
ថ្ងៃ សុក្រ, 22 តុលា, 2021 ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងតម្រង់ទិសការងារសម្រាប់មន្ទីរបរិស្ថានខេត្តសៀមរាប
សាលាបឋមសិក្សាក្រវ៉ាន់ខេត្តសៀមរាប ជាប់ជ័យលាភីប្រាក់ក្នុងការប្រឡងប្រណាំងសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២១
ថ្ងៃ ព្រហស្បតិ៍, 21 តុលា, 2021 សាលាបឋមសិក្សាក្រវ៉ាន់ខេត្តសៀមរាប ជាប់ជ័យលាភីប្រាក់ក្នុងការប្រឡងប្រណាំងសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២១
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ប្រគល់ធុងទឹកចម្រោះទឹកស្អាតជូនវិទ្យាល័យហ៊ុនសែនតាខ្មៅ ខេត្តកណ្តាល
ថ្ងៃ ពុធ, 20 តុលា, 2021 ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ប្រគល់ធុងទឹកចម្រោះទឹកស្អាតជូនវិទ្យាល័យហ៊ុនសែនតាខ្មៅ ខេត្តកណ្តាល