គ្រឹះស្ថានអប់រំសាធារណៈ ចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់វិទ្យាល័យ ចំនួន ៣៩៦សាលា និងសិស្សានុសិស្សសរុបចំនួន ១២០,៨១៣នាក់ នៅក្នុងខេត្តកំពង់ឆ្នាំង បានបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ព្រមគ្នា ក្នុងពេលតែមួយ នាថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ បានរៀបចំព្រមគ្នាជាមួយនឹងការប្រារព្ធយុទ្ធនាការធំនៅក្នុងក្រុងកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធាន ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ,ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន, និងមានការចូលរួមពីថ្នាក់ដឹកនាំនិងសមាជិកព្រឹទ្ធសភា, រដ្ឋសភា, កាកបាទក្រហមកម្ពុជា, អភិបាលខេត្តកំពង់ឆ្នាំង, អភិបាលខេត្តកណ្តាល, អភិបាលរងខេត្តពោធិ៍សាត់ ព្រមទាំងលោក លោកស្រី លោកគ្រូ អ្នកគ្រូ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ភ្ញៀវអន្តរជាតិ និងក្មួយសិស្សានុសិស្សជាច្រើនផងដែរ។ អ្នកចូលរួមទាំងអស់ បានបង្ហាញការប្តេជ្ញាចិត្ត «យើងរួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជា» និង «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។

ក្រោមការផ្តួចផ្តើមរបស់ ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងការរៀបចំយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅ ក្នុងគោលដៅជាង ៣០ ០០០ សាលា នៅទូទាំងប្រទេស ដែលមានសិស្សានុសិស្សជាង ៣ លាន ៧ សែន នាក់ គឺការលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋ ឈានទៅ ផ្លាស់ប្តូរឥរិយាបទនិងទម្លាប់ការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការរស់នៅស្អាត បរិស្ថានបៃតង និងអព្យាក្រឹត្យកាបូន ដោយចាប់ផ្តើមពីការមិនប្រើប្រាស់ថង់ប្លាស្ទិកយ៉ាងតិច១ថ្ងៃ ក្នុង១សប្តាហ៍។

រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងបរិស្ថានជាសេនាធិការ បានខិតខំប្រឹងប្រែង ដាក់ចេញនូវវិធានការនានា សំដៅកាត់បន្ថយ ការប្រើប្រាស់ផលិតផលប្លាស្ទិក និងការពង្រឹងការគ្រប់គ្រងសំណល់ប្លាស្ទិក។ ជាក់ស្តែង យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចាប់ផ្តើមនាថ្ងៃទី១ ខែកញ្ញា រហូតមកដល់ពេលនេះ បាននឹងកំពុងទទួលការគាំទ្រ និងការចូលរួម អនុវត្តពីគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅ ចំនួនជាង១លាន២សែននាក់ នៃសាលារៀនចំនួនជាង ៩០០០នៅរាជធានី-ខេត្ត។

សូមបញ្ជាក់ថា ជាមួយនឹងពិធីបើកយុទ្ធនាករកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅខេត្តកំពង់ឆ្នាំង ក្រសួងបរិស្ថាន បានចុះអនុស្សរណៈយោគយល់ និងបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ជាមួយកាកបាទក្រហមកម្ពុជា រដ្ឋបាលខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល និងខេត្តពោធិ៍សាត់ ផងដែរ ក្នុងគោលបំណងបង្កើនស្មារតីចូលរួម និងរួមចំណែកទទួលខុសត្រូវក្នុងការកាត់បន្ថយការបង្កើត និងការចោលសំរាមតាមសាលារៀន តាមលំនៅស្ថាន និងនៅក្នុងភូមិ ឃុំរបស់យើង និងការផ្លាស់ប្តូរទម្លាប់ បញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទិកទាំងស្រុង នាពេលអនាគត៕

      

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់