«ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ» គឺជាប្រធានបទរងសំខាន់ទី៣ នៃ «សិក្ខាសាលាទី៣ស្តីពីការគ្រប់គ្រងការអភិវឌ្ឍដោយចីរភាព» សម្របសម្រួលដោយឯកឧត្តម ទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងឯកឧត្តម កែន សេរីរដ្ឋា អគ្គលេខាធិការរង នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ដែលជាផ្នែកមួយនៃសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ នៅភោជនីយដ្ឋានទន្លេបាសាក់២ ។

ស្របពេលដែលកម្ពុជាកំពុងទទួលរងការគំរាមកំហែងខ្លាំងដោយការប្រែប្រួលអាកាសធាតុ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងរៀបចំ ផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ២០១៤-២០២៣ និងអនុម័តនៅឆ្នាំ២០១៣ ដើម្បីឆ្លើយតបទាន់ពេលវេលាក្នុងការកាត់បន្ថយភាពងាយរងគ្រោះរបស់ប្រទេស ព្រមទាំងស្វែងរកកាលានុវត្តភាពសំខាន់ៗសម្រាប់កៀរគរធនធានពីប្រភពខាងក្រៅ ក្នុងន័យធ្វើសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុទាំងនៅថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ។

វឌ្ឍនភាពសំខាន់ៗបន្ទាប់ពីការអនុម័តផែនការយុទ្ធសាស្រ្តនេះ គឺកម្ពុជាបាននិងកំពុង ១) អនុវត្តផែនការសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដោយបណ្តាក្រសួងស្ថាប័នចំនួន១៤ ដែលក្នុងនោះមានក្រសួងបរិស្ថាន ២) បញ្ជ្រាបការប្រែប្រួលអាកាសធាតុទៅក្នុងដំណើរការធ្វើផែនការថ្នាក់ក្រោមជាតិ
៣) អនុវត្តដំណើរការផែនការជាតិបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ៤) អនុវត្តក្របខណ្ឌហិរញ្ញប្បទានប្រែប្រួលអាកាសាធាតុ ព្រមទាំង ៥) រៀបចំក្របខណ្ឌពិនិត្យតាមដាននិងវាយតម្លៃការប្រែប្រួលអាកាសធាតុ និង៦) ដំណើរការរៀបចំប្រព័ន្ធគ្រប់គ្រងចំណេះដឹងប្រែប្រួលអាកាសធាតុ។

ទន្ទឹមនឹងការអនុវត្តផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ កម្ពុជាក៏ត្រៀមអនុវត្តផែនការជាតិរេដបូក ឆ្នាំ២០១៧-២០២៦ ដែលទើបអនុម័តនៅខែតុលា ឆ្នាំ២០១៧ ដើម្បីកែលម្អមុខងារនិងសមត្ថភាពស្ថាប័នទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ សម្រាប់អនុវត្តគោលនយោបាយ ច្បាប់ និងបទបញ្ញត្តិនានា ប្រកបដោយប្រសិទ្ធភាព រួមចំណែកដល់ការកែលម្អការគ្រប់គ្រង ធនធានធម្មជាតិ ដីព្រៃឈើ និងជីវៈចម្រុះ ឱ្យកាន់តែល្អប្រសើរឡើង។

ព័ត៌មានបន្ថែម

រដ្ឋបាលថ្នាក់ក្រោមជាតិចូលរួមបំពេញតួនាទី និងការទទួលខុសត្រូវក្នុងការពង្រឹងភាពស្អាតនិងការគ្រប់គ្រងធនធានធម្មជាតិ
ថ្ងៃ ពុធ, 29 តុលា, 2025 រដ្ឋបាលថ្នាក់ក្រោមជាតិចូលរួមបំពេញតួនាទី និងការទទួលខុសត្រូវក្នុងការពង្រឹងភាពស្អាតនិងការគ្រប់គ្រងធនធានធម្មជាតិ
ក្រុមហ៊ុន Tropical Fruit Asia (Cambodia) Co., Ltd ត្រូវបានរកឃើញបានល្មើសច្បាប់បរិស្ថាន ដោយធ្វើការដឹកជញ្ជូននិងបោះចោលសំរាមផ្តេសផ្តាស
ថ្ងៃ អង្គារ, 28 តុលា, 2025 ក្រុមហ៊ុន Tropical Fruit Asia (Cambodia) Co., Ltd ត្រូវបានរកឃើញបានល្មើសច្បាប់បរិស្ថាន ដោយធ្វើការដឹកជញ្ជូននិងបោះចោលសំរាមផ្តេសផ្តាស
ក្រសួងបរិស្ថានអនុញ្ញាតឱ្យក្រុមហ៊ុន CAMBODIAN NOBLE TASTE FOOD CO., LTD. ដំណើរការផលិតកម្មឡើងវិញជាបណ្តោះអាសន្ន បន្ទាប់ពីបានអនុវត្តវិធានការច្បាប់និងឈប់បញ្ចេញសំណល់រាវបំពុលព្រែកសង្កែ
ថ្ងៃ អង្គារ, 28 តុលា, 2025 ក្រសួងបរិស្ថានអនុញ្ញាតឱ្យក្រុមហ៊ុន CAMBODIAN NOBLE TASTE FOOD CO., LTD. ដំណើរការផលិតកម្មឡើងវិញជាបណ្តោះអាសន្ន បន្ទាប់ពីបានអនុវត្តវិធានការច្បាប់និងឈប់បញ្ចេញសំណល់រាវបំពុលព្រែកសង្កែ