ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី២៥ ខែតុលានេះ បាន​អញ្ជើញ​ជា​អធិបតី​ភាព​​ក្នុង​បាឋកថាក្រោមប្រធានបទ “កិច្ចគាំពារ​បរិស្ថាន”​នៅទីស្តីការ​ក្រសួង​បរិស្ថាន​ដែល​មាន​សិក្ខា​កាម​​៦០០​នាក់មកពីសាលាភូមិន្ទរដ្ឋបាល។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា៖ “កម្ពុជានឹងមានយុគ្គសម័យមាស អនាគត​ភ្លឺ​ស្វាងដោយកម្ពុជារក្សាបានស្ថេរភាពនយោបាយ និង​សន្តិ​សុខ និង​បន្តរក្សាកំណើនសេដ្ឋកិច្ចជាតិ​ដែល​​កម្ពុជា​បាន​រក្សា​កំណើន​ប្រមាណ៧%​អស់​រយៈ​ពេល​ប្រមាណ​​២០​ឆ្នាំ​មកហើយ និងសេរីភាពសារព័ត៌​មានដែលពលរដ្ឋកម្ពុជាកំពុងតែទទួល ទន្ទឹមនឹងកំណើនចំណេះដឹង​របស់ពល​រដ្ឋ​កំពុង​កើន​ឡើង​ស្រប​ពេល​ជាមួយ​នឹង​កំណើន​ប្រជាជនកម្ពុជាយ៉ាងឆាប់រហ័ស”។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ការយកចិត្តទុកដាក់បន្ថែមទៀត​លើ​ការ​ដោះ​ស្រាយលំនៅដ្ឋាន​ដែល​មាន​តម្លៃ​សមរម្យ និង​ម្ហូប​អាហារ​ដែល​មានតម្លៃថោកសមរម្យ គឺជា​កត្តាចាំបាច់​ដែល​ពល​រដ្ឋកម្ពុជា​ត្រូវការ។

ក្រៅពីនេះឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីវឌ្ឍនភាព និង​សមិទ្ធិផល​របស់​ក្រសួង​បរិស្ថាន​ក្នុង​អាណត្តិ​ទី៥នេះដែលរួមការបញ្ចប់ជម្លោះដីសមប្បទានសេដ្ឋកិច្ចទាំងស្រុងរវាងពលរដ្ឋ និង​ក្រុម​ហ៊ុន​ឯកជន ដកហូតដីសម្បទានសេដ្ឋកិច្ចដែលមិនបានឈូសឆាយ​ កាត់បន្ថយ​រយៈពេល​ធ្វើ​សម្បទាន​សេដ្ឋកិច្ច​​មកនៅត្រឹម៥០ឆ្នាំ ទប់ស្កាត់ការលួចកាប់ឈើក្នុងទ្រង់ទ្រាយធំ ជាដើម។

ដោយឡែក​កិច្ច​ការ​ងារទំនើបកម្មវិញ ក្រសួងបរិស្ថាន បានកែសម្រួលរចនាសម្ព័ន្ធក្រសួងឱ្យស្រប​ទៅ​នឹងស្ថានភាពនាពេលបច្ចុប្បន្ន រួមទាំងការលើកទឹកចិត្តមន្ត្រីផ្តល់ប្រាក់ឧបត្ថមចំពោះបេសកម្ម បែង​ចែក​​ប្រាក់ចំណូលជាទៀងទាត់ បណ្តុះបណ្តាលមន្ត្រីទាំងក្នុងស្រុក និង​បរទេស​ដែល​នេះ​គឺជាទិស​ដៅ​សម្រាប់​ការគាំពារបរិស្ថាន និងការអភិរក្សប្រកបដោយចីរភាព។

គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានផ្ទៃដីអភិរក្សប្រមាណ៧.៥លានហិកតានៅទូទាំងប្រទេស ហើយ​បានកាត់​បន្ថយអត្រានៃការរិចរិលព្រៃឈើប្រមាណ០.​៧%។

បន្ថែមពីនេះ កម្ពុជាបានប្រែក្លាយចំណូលបានពីការលក់ការបោនរាប់លានដុល្លារអាមេរិក និង​បាន​ប្រែក្លាយ​ជីវភាព​សហគមន៍​នៅ​តាម​​មូលដ្ឋានឱ្យមានជីវភាពកាន់​តែ​ប្រសើរ​តាម​រយៈ​ការ​បង្កើត​តំបន់​ទេសចរណ៍​នានានៅទូទាំង​ប្រទេស។

មុននឹងបញ្ចប់បាឋកថា និងក្រោយការឆ្លើយនឹងសំណួររបស់សិក្ខាកាមចូលរួម ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើកឡើងថា “ពលរដ្ឋកម្ពុជា​ ក៏ដូចជាសិក្ខាកាមនៃសាលាភូមិន្ទរដ្ឋបាលទាំងអស់ គឺសុទ្ធ​សឹង​តែជា​សរសរ​ទ្រូងប្រទេសជាតិ យើងត្រូវប្រឹងប្រែងទាំងអស់គ្នា ហើយត្រូវនឹងនរក្នុងចិត្ត មិនត្រឹមតែប៉ុណ្ណោះ​ការជឿលើអ្វីមួយដែលមានមូលដ្ឋានពិតប្រាកដ”៕

ព័ត៌មានបន្ថែម

ការផ្តល់មធ្យោបាយគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឈានទៅមានភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ឱ្យស្អាត ឱ្យអស់ ទាន់ពេល និងមាននិរន្តរភាព គឺសម្រាប់យើងទាំងអស់គ្នា
ថ្ងៃ សៅរ៍, 16 តុលា, 2021 ការផ្តល់មធ្យោបាយគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឈានទៅមានភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ឱ្យស្អាត ឱ្យអស់ ទាន់ពេល និងមាននិរន្តរភាព គឺសម្រាប់យើងទាំងអស់គ្នា
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានដឹកនាំប្រតិភូ អញ្ជើញចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ
ថ្ងៃ សុក្រ, 15 តុលា, 2021 ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានដឹកនាំប្រតិភូ អញ្ជើញចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ
ក្រសួងបរិស្ថានបានរៀបចំការប្រឡងជ្រើសរើសនិស្សិត ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថាន សម្រាប់ឆ្នាំ២០២១
ថ្ងៃ អង្គារ, 12 តុលា, 2021 ក្រសួងបរិស្ថានបានរៀបចំការប្រឡងជ្រើសរើសនិស្សិត ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថាន សម្រាប់ឆ្នាំ២០២១