«ការការពារនិងអភិរក្សជីវៈចម្រុះ សត្វព្រៃ ព្រៃឈើកាន់តែប្រសិទ្ធភាពខ្ពស់នឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រព័ន្ធអេកូឡូស៊ី និងជួយដល់ជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋានតាមរយៈការរកចំណូលពីទេសចរណ៍ធម្មជាតិ»។ នេះគឺជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននៅ ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នេះក្នុងពិធីបើកយុទ្ធនាការអន្ទាក់សូន្យនៅសហគមន៍តំបន់ទេសចរណ៍ធម្មជាតិត្មាតប៉ើយ ស្ថិតក្នុងដែនជម្រមសត្វព្រៃគូលែន-ព្រហ្មទេព ភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ូ សិរី អភិបាលនៃគណៈះភិបាលខេត្តព្រះវិហារ មន្ទីរជំនាញជុំវិញរដ្ឋបាលខេត្ត និងអង្គការដៃគូ មន្ត្រីឧទ្យានុរក្ស ពលរដ្ឋ សិស្សានុសិស្សសរុបប្រមាណ ២០០នាក់។ ឯកឧត្តម រដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថា ជារៀងរាល់ថ្ងៃ សត្វព្រៃដ៏មានតម្លៃរបស់យើង ត្រូវបានសម្លាប់ដោយសារតែព្រានព្រៃប្រើអន្ទាក់គ្រប់ប្រភេទ និងគ្រាប់កាំភ្លើងកែច្នៃសម្លាប់ ដើម្បីយកទៅធ្វើជាម្ហូបសម្រាប់គ្រួសារ និងសម្រាប់លក់នៅលើទីផ្សារ ដល់អ្នកដែលចូលចិត្តហូបសាច់សត្វព្រៃ។

ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា សត្វព្រៃមួយក្បាលៗ ដែលត្រូវបានសម្លាប់ បើគិតជាសាច់មិនច្រើនគីឡូឡើយ ហើយបើគិតជាប្រាក់ដែលលក់បាន ក៏មិនច្រើនដែរ និងបើគិតពីរសជាតិ ក៏មិនឆ្ងាញ់ដូចសត្វស្រុកទេ ហើយក៏មិនមែនពិសាទៅធ្វើឱ្យយើងមានសុខភាពល្អ ជីវិតអមតៈ ដូចពាក្យចចាមអារាមនោះឡើយ ប៉ុន្តែបើយើងគិតពីតម្លៃជីវៈចម្រុះប្រព័ន្ធអេកូឡូស៊ី សត្វព្រៃមួយក្បាលៗ ពិតជាមានតម្លៃដ៏មហាធំធេងមិនអាចគណនាជាប្រាក់បានឡើយ ហើយសត្វព្រៃទាំងនេះ ក៏ជាប្រភពថវិកាមិនចេះរីងស្ងួតពីចំណូលលើវិស័យទេសចរណ៍ផងដែរ។ ឯកឧត្តមបានថ្លែងថា សាច់សត្វព្រៃដែលបងប្អូនខ្លះហូប បានត្រឹមឆ្អែតមួយបប្រិចភ្នែកប៉ុណ្ណោះ តែវាពិតជាខាតបង់ច្រើនសម្រាប់ជីវៈចម្រុះភពផែនដីរបស់យើង។ ប្រសិនបើសត្វមួយក្បាលដែលអ្នកបានសម្លាប់ នៅរស់វិញ វានឹងធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីយើងកាន់តែល្អប្រសើរ កម្ពុជាសម្បូណ៌ជីវៈចម្រុះ និងអាចទាញចំណូលបានច្រើន ជាងតម្លៃសាច់សត្វដែលអ្នកបានលក់វានៅលើទីផ្សាររាប់រយពាន់ដង។ សត្វព្រៃជាសម្បត្តិធម្មជាតិរបស់យើងទាំងអស់គ្នា ការចូលរួមថែរក្សា ការពារនិងអភិរក្សឱ្យបានគង់វង្ស ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា។
ឯកឧត្តមបានលើកឡើងថា៖«សូមនិយាយថាទេ! ចំពោះសាច់សត្វនិងផលិតផលពីសត្វព្រៃ គឺមានន័យថា លោកអ្នកបានចូលរួមបញ្ឈប់ការជួញដូរសត្វព្រៃខុសច្បាប់ និងការដាក់អន្ទាក់ចាប់សត្វព្រៃ។ សាច់សត្វព្រៃគ្មានអ្វីល្អឡើយ និងមិនអាចប៉ូវកម្លាំង ឬព្យាបាលជំងឺដូចជំនឿមួយចំនួនលើកឡើងឡើយ តែសាច់សត្វព្រៃអាចបង្កគ្រោះថ្នាក់ដល់សុខភាព អ្នកបរិភោគ ព្រោះតាមការសិក្សា សត្វព្រៃមានមេរោគជាច្រើន ដែលពេលខ្លះកាចសាហាវអាចសម្លាប់ជីវិតមនុស្សបានយ៉ាងលឿន។ ការជឿថា ឆ្អឹងសត្វព្រៃ ឬឈាមសត្វព្រៃ អាចព្យាបាលជំងឺជាសះស្បើយ ជាការយល់ខុស តែវាអាចនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពទៅវិញទេ»។
ក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់បទល្មើសធនធានធម្មជាតិក្នុងនោះមានបទល្មើសកាប់បំផ្លាញព្រៃ ឈើ និងសត្វព្រៃ ក្រសួងបរិស្ថានបាននិងកំពុងសហការជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការដៃគូអភិ រក្សដើម្បីបង្កើតសេដ្ឋកិច្ចនៅមូលដ្ឋាន ផ្លាស់ប្តូរទម្លាប់ពលរដ្ឋមួយចំនួន ដែលមានទម្លាប់ចូលព្រៃប្រកបមុខរបរកាប់ឈើ និងប្រមាញ់សត្វព្រៃ ឱ្យមានជម្រើសថ្មី មុខរបរថ្មី សម្រាប់ប្រជាពលរដ្ឋដែល រស់នៅជុំវិញនិងក្នុងតំបន់ការពារធម្មជាតិ។ ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា កន្លងមកនេះ ក្រសួងបរិស្ថានបានផ្តល់ពូជសត្វក្របី គោ ពពែ សត្វចៀម ជ្រូកជាដើមដល់ពលរដ្ឋ ដើម្បីចិញ្ចឹមដើម្បីបង្កើនសុវត្ថិភាពស្បៀង និងរកប្រាក់ ចំណូលបន្ថែម។ ការបង្កើតសេដ្ឋកិច្ចមូលដ្ឋាននេះ គឺជាវិធានការជាក់ស្តែងដើម្បីការពារនិងអភិរក្ស ព្រៃឈើនិងសត្វព្រៃរបស់យើងឱ្យបានគង់វង្ស ដែលមិនមែនជាការអង្គុយបកផ្សែងប៉ុន្តែជាការពន្លត់ ភ្លើងសំដៅរក្សាព្រៃឱ្យបានគង់វង្សក្រោមទិសស្លោក «រក្សាឈើឈរដើម្បីរកចំណូល» រកចំណូលតាមរយៈការលក់ឥណទានកាបូន និងទេសចរណ៍ធម្មជាតិ នៅក្នុងចក្ខុវិស័យទេសចរណ៍ផ្សារភ្ជាប់ទឹកដី។ ទេសចរណ៍ធម្មជាតិផ្សារភ្ជាប់ទឹកដី ដែលកំពុងតែផ្តល់ចំណូលដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា នៅក្នុងវិធានការបង្កើនប្រសិទ្ធភាពនៃការការពារ និងអភិរក្សធនធានធម្មជាតិ ក្រសួងបរិស្ថានមិនត្រឹមតែបន្តពង្រឹងលើការអនុវត្តច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែ បានផ្តោតសំខាន់លើការអភិវឌ្ឍ និងបង្កើនជីវភាពរបស់ប្រជាសហគមន៍តំបន់ការពារធម្មជាតិ។ បច្ចុប្បន្ននេះ សហគមន៍តំបន់ការពារធម្មជាតិ ដែលត្រូវបានបង្កើតឡើង និងទទួលស្គាល់ដោយក្រសួងបរិស្ថានមានចំនួន ១៨២ សហគមន៍ដែលកំពុងតែចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការទទួលខុសត្រូវ និងការពារ អភិរក្សធនធានធម្មជាតិ។ ជាមួយគ្នានេះ នៅក្នុងការកាត់បន្ថយការពឹងអាស្រ័យរបស់ប្រជាពលរដ្ឋលើធនធានធម្មជាតិ ក្រុមការងារសិក្សា និងវាយតម្លៃសម្រាប់ការអនុវត្តគម្រោងកិច្ចសហការនៃការផ្តល់ពូជសត្វ នៃក្រសួងបរិស្ថាន ធ្លាប់បានធ្វើការសិក្សាលទ្ធភាពក្នុងការផ្តល់ជាពូជសត្វ គោ ក្របី ពពែ ជ្រូក ជ្រូកព្រៃ ចៀម ដើម្បីយកទៅប្រគល់ជូនបងប្អូនប្រជាសហគមន៍មូលដ្ឋាន ដៃគូរសហការចិញ្ជឹមតាមកសិដ្ឋាន និងបងប្អូនប្រជាពលរដ្ឋដែលមានឆន្ទះខ្ពស់មានចិត្តចង់ចិញ្ចឹមជាលក្ខណៈគ្រួសារ និងកសិដ្ឋាន ដោយឈរលើគោលការណ៍នៃលក្ខខន្តិក ជាមួយក្រសួង បរិស្ថាន ដោយទុករយៈពេលសមស្របណាមួយដើម្បីប្រគល់សងត្រឡប់មកក្រសួងបរិស្ថានវិញ ផ្អែកលើគោលការណ៍និរន្តរភាពនៃគម្រោង។
តាមការឱ្យដឹងរបស់ឯកឧត្តមរដ្ឋលេខាធិការ ដោយចាប់ពីដើមឆ្នាំ២០២១ រហូតដល់ត្រីមាសទី១ ឆ្នាំ២០២២នេះ ក្រសួងបរិស្ថានធ្លាប់បានផ្តល់ពូជសត្វទៅតាមគោលដៅស្នើសុំមួយចំនួនលើប្រភេទសត្វដូចជា៖ ក្របី ២៨០ ក្បាល គោ ៤០២ ក្បាល គោបា ៦ ក្បាល គោមេពូជ ៣០ ក្បាល ចៀម ៥២៤ ក្បាល ជ្រូក ៨០ ក្បាល ជ្រូកព្រៃ ១០០ ក្បាល បាចៀម១ ក្បាល ពពែ ៣៨៣ ក្បាលជាមួយគ្នានេះ កម្មវិធីផ្សេងៗទៀតដែលអនុវត្តដោយអង្គការជាដៃគូ ក៏បាននិងកំពុងជួយបង្កើនជីវភាពសហគមន៍បានល្អ ដូចជាកម្មវិធីស្រូវមិត្តភាពសង្គ្រោះសត្វព្រៃឬ«ស្រូវត្រយង» ដែលអនុវត្តដោយអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា WCS នៅក្នុងសហគមន៍ទេសចរណ៍ធម្មជាតិត្មាតប៉ើយធឿនក្រសាំងជាដើម។ បច្ចុប្បន្នគោលការណ៍ស្រូវមិត្តភាពសង្គ្រោះសត្វព្រៃនេះត្រូវបានពង្រីកការអនុវត្តរបស់ខ្លួននៅតាមតំបន់អភិរក្សនានាក្នុងខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង។
ទាំងតំណាងរដ្ឋបាលខេត្តព្រះវិហារតាមរយៈឯកឧត្តម ស៊ូ សិរី. អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ និងតំណាងអង្គការអភិរក្សបានបង្ហាញពីការគាំទ្រចំពោះយុទ្ធនាការអន្ទាក់សូន្យនេះ ដោយចាត់ទុកថាជាយុទ្ធនាការដែលនឹងចូលរួមផ្លាស់ប្តូរឥរិយាបថរបស់សាធារណជនលើធនធានធម្មជាតិ និងសត្វព្រៃ។ ក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តព្រះវិហារ អង្គការ WCS គម្រោងព្រៃឡង់បៃតង (GPL) និងអង្គការអភិរក្សអន្តរជាតិ (CI)បានប្ដេជ្ញាចិត្តរួមគ្នាដើម្បីសម្រេចគោលដៅរយៈពេលវែងក្នុងការលុបបំបាត់សកម្មភាពដាក់អន្ទាក់គ្រប់ប្រភេទនៅក្នុងតំបន់ការពារធម្មជាតិទាំងអស់នៅកម្ពុជា។
លោកបណ្ឌិត កែន សេរីរដ្ឋា នាយកអង្គការ WCS បានថ្លែងថា «ការទប់ស្កាត់សកម្មភាពដាក់អន្ទាក់នៅក្នុងប្រទេសកម្ពុជា នឹងមិនអាចទទួលបានជោគជ័យទេ ប្រសិនបើគ្មានការចូលរួមពីសាធារណជន។ យុទ្ធនាការនេះគឺជាយន្តការមួយប្រកបដោយប្រសិទ្ធភាពសម្រាប់យើងទាំងអស់គ្នាក្នុងការផ្សព្វផ្សាយសារបន្ទាន់ទៅកាន់សាធារណជនដើម្បីបញ្ឈប់ ការប្រើប្រាស់ផលិតផលសត្វព្រៃ ឱ្យបានទាន់ពេលវេលា»។ លោកបណ្ឌិត កែន សេរីរដ្ឋា បានបន្ថែមទៀតថា «អង្គការ WCS សូមទទូចស្នើសុំឱ្យអ្នកពាក់ព័ន្ធទាងអស់ចូលរួមអនុវត្តតាមការអំពាវនាវនេះ ទាំងអ្នកដែលបង្កើតឱ្យមានតម្រូវការប្រើប្រាស់ផលិតផលសត្វព្រៃ និងទាំងអ្នកជួញដូរសាច់សត្វព្រៃ។ សត្វព្រៃគឺជាផ្នែកដ៏សំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ី។ ការចូលរួមរបស់លោកអ្នកថ្ងៃនេះ នឹងធានាដល់ ការរស់រានរបស់សត្វព្រៃនាពេលអនាគត»។ ចំណែកលោកបណ្ឌិត Jackson Frechette នាយកកម្មវិធីនៃមហាតំបន់មេគង្គនៃអង្គការ CI បានថ្លែងថា «ចំណុចសំខាន់ដែលនាំឱ្យយុទ្ធនាការនេះទទួលជោគជ័យ គឺគេត្រូវទទួលស្គាល់ថា ការទិញនិងបរិភោគសាច់សត្វព្រៃគឺជា បុព្វហេតុដែលនាំឱ្យមានទីផ្សារជួញដូរសត្វព្រៃ ដែល នាំឱ្យមានការបំផ្លិចបំផ្លាញព្រៃឈើ និងបង្កឱ្យឆ្លងជំងឺផ្សេងៗពីសត្វព្រៃ»។
នៅក្នុងឱកាសនោះ ម្ចាស់ភោជនីយដ្ឋាននៅទីរួមខេត្តព្រះវិហាររួមមានភោជនីយដ្ឋានភ្នំត្បែង ភោជនីយដ្ឋានលីហួតជាដើមបានសន្យាជាឱឡារិកបញ្ឈប់ការលក់ដូរសាច់សត្វព្រៃ គ្រប់ប្រភេទ។ សហគមន៍តំបន់ទេសចរណ៍ធម្មជាតិត្មាតប៉ើយក៏បានឡើងប្តេជ្ញាដើម្បីការពារនិងអភិរក្សធនធានធម្មជាតិព្រៃឈើ សត្វព្រៃនៅតំបន់របស់ខ្លួនដើម្បីឱ្យគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។ នៅអំឡុងនៃយុទ្ធនាការនេះ មានការតាំងពិពណ៌រូបថតសត្វព្រៃ និងអន្ទាក់គ្រប់ប្រភេទផងដែរ។ ម្ចាស់ភោជនីយដ្ឋានដែលបានប្តេជ្ញាឈប់លក់សាច់សត្វព្រៃបានទទួលបណ្ណសរសើរពីក្រសួងបរិស្ថាន។ សូមបញ្ជាក់ថាយុទ្ធនាការអន្ទាក់សូន្យដែលគ្រោងរៀបចំ ៦ ខេត្តក្នុងរយៈពេល ៦ ខែនឹងបននតធ្វើឡើងនៅខេត្តក្រចេះ មណ្ឌលគិរី កំពង់ធំ រតនគិរី និងបញ្ចប់នៅរាជធានទីភ្នំពេញនាខែតុលា ឆ្នាំ២០២២ ខាងមុខ៕

រូបថតដោយ ឆែម ចាន់ធឿន

 

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់