ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២២នេះ បានប្រព្រឹត្តទៅក្រោមប្រធានបទ «ថែទាំភពផែនដី ដើម្បីសុខភាពយើង» ក្រោមកិច្ចសហការរវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តបាត់ដំបង ។ ទិវារៀបចំឡើងដោយនាយកដ្ឋានព័ត៌មាននិងផ្សព្វផ្សាយបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ធូ ភា អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង លោក ទូច វីណា អគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន លោក ហេង ធា អភិបាលក្រុងបាត់ដំបង និងលោក Tetsu Shiozaki ប្រធានក្រុមហ៊ុន Minebea ប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២។

ការប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ធ្វើឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួនរួមមាន៖ ១)បង្កើនការយល់ដឹងដល់សាធារណជនអំពីបញ្ហាបរិស្ថាន លើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងសហគមន៍ឱ្យក្លាយទៅជាភ្នាក់ងារសកម្មប្រកបដោយចីរភាព និងអភិវឌ្ឍមេត្រីបរិស្ថាន ២)ផ្សព្វផ្សាយដល់ប្រជាជនសហគមន៍ពីសារៈសំខាន់របស់ពួកគាត់ក្នុងការចូលរួមទប់ស្កាត់ការផ្លាស់ប្តូរភាពអវិជ្ជមានចំពោះបញ្ហាបរិស្ថាន ៣)លើកទឹកចិត្តដល់វិស័យឯកជនចូលរួមថែរក្សាបរិស្ថាន ៤)ទទួលបានការគាំទ្រជាសកលដើម្បីធ្វើព្រឹត្តការណ៍នេះក្លាយជាយុទ្ធនាការមួយដែលទទួលបានជោគជ័យនៅទូទាំងពិភពលោក និង៥)ជំរុញឱ្យប្រជាពលរដ្ឋចូលរួមសម្អាតបរិវេណនៅក្បែរលំនៅដ្ឋានរបស់ពួកគេដែលជាការចាប់ផ្តើមយុទ្ធនាការនេះ ធ្វើឱ្យភពផែនដីស្អាត មានពណ៌បៃតងជាងមុន និងបរិយាកាសស្អាត។
ថ្លែងទៅកាន់អ្នកចូលរួម លោក ទូច វីណា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានគូសបញ្ជាក់ថា ការរៀបចំ និងការចូលរួមទិវាដ៏មានសារៈសំខាន់នាឱកាសនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងការចូលរួមចំណែកក្នុងបុព្វហេតុបរិស្ថាន។ ជាមួយគ្នានេះ លោកសង្ឃឹមថា ការប្រារព្ធទិវានាថ្ងៃនេះ នឹងក្លាយជាចលករដែលជំរុញឱ្យមានការផ្ដើមធ្វើសកម្មភាពមេត្រីបរិស្ថាន រួមចំណែកឱ្យភពផែនដីយើងស្អាត បៃតង និងស្រស់បំព្រង ប្រកបដោយសុខភាព និងសុខុមាលភាព សម្រាប់មនុស្សគ្រប់រូប។
ក្នុងឱកាសនោះដែរ លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ការជួបជុំនៅថ្ងៃនេះ ក្របខណ្ឌធំ គឺជាការបង្ហាញពីភាពខ្លាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនជាប្រមុខដឹកនាំ បានដាក់ចេញនូវយុទ្ឋនាការស្រោធស្រពវ៉ាក់សាំង ជម្រុញភាពស៊ាំក្នុងសហគមន៍ ការពារអាយុជីវិតប្រជាពលរដ្ឋទូទាំងប្រទេសដោយមិនគិតទិន្ននាការនយោបាយឡើយ។ ចំណែកក្របខណ្ឌដោយឡែកសម្រាប់ក្រសួងបរិស្ថានគឺមាន គោលបំណងផ្សព្វផ្សាយនិងបញ្ច្រាបចំណេះដឹងពីភាពចាំបាច់ និងសារសំខាន់នៃកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិឱ្យបានសមស្របសំដៅកែប្រែផ្នត់គំនិត និងឥរិយាបថរបស់មហាជនគ្រប់មជ្ឈដ្ឋាន ឱ្យក្លាយទៅជាកម្លាំងចលករ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន នៅលើភពផែនដី ស្របតាមទស្សនាទានការអភិវឌ្ឍដោយចីរភាព។ ការងារបរិស្ថាន ជាកិច្ចការងារដែលត្រូវបានពិភពលោកកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយតម្រូវឱ្យគ្រប់ភាគីទាំងអស់ ទាំងក្របខ័ណ្ឌសង្គមជាតិ តំបន់ និងពិភពលោក ចូលរួមពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដោយខិតខំរិះរកវិធានការ និងដំណោះស្រាយឱ្យបានសមស្រប ដើម្បីរក្សាបាននូវសុវត្ថិភាពនៃភពផែនដី វឌ្ឍនភាពសង្គម និងការរស់នៅដោយចីរភាព។

គួរបញ្ជាក់ឱ្យដឹងថា ឆ្នាំ២០២២នេះ គឺជាខួបលើកទី២៩ សម្រាប់ប្រទេសកម្ពុជា ក្នុងការប្រារព្ធទិវាបរិស្ថានជាតិ និងពិភពលោក ក្រោមប្រធានបទ «ថែទាំភពផែនដី ដើម្បីសុខភាពយើង»ដោយឡែកប្រធានបទរបស់ទិវាបរិស្ថានពិភពលោកគឺ «ភពផែនដីតែមួយ – Only One Earth»។ ពិធីនេះ ក៏មានការចូលរួមពីមន្រ្តីរាជការក្រសួងបរិស្ថាន អាជ្ញាធរពាក់ពន្ធ័ថ្នាក់ជាតិ-ក្រោមជាតិ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត យុវជន សាធារណជន ប្រជាសហគមន៍ និងក្រុមហ៊ុនសហការគាំទ្ររួមមាន ក្រុមហ៊ុន Minebea Cambodia, ក្រុមហ៊ុន Coca Cola, អង្គការ DCA, ក្រុមហ៊ុន CAMBREW LTD, អង្គការ Caritas និងអង្គការសង្គ្រោះសត្វព្រៃ៕

 

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់