ផ្លូវបេតុងប្រវែង ៦គីឡូម៉ែត្រស្ថិតនៅភ្នំកែបធំនៃឧទ្យានជាតិកែបប្រសិទ្ធិនាមថា «រុក្ខវិថីបុប្ជាប្រសិទ្ធ» ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកជំទាវ ចម និម្មល រដ្ឋលេខាធិការក្រសួងពា ណិជ្ជកម្ម ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ព្រម ទាំង​ ឯកឧត្តម លោកជំទាវ​ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក​ អគ្គនាយិកា​ ក្រុមប្រឹក្សាខេត្ត លោក​ លោកស្រី​ អភិបាលរងខេត្ត​ តំណាង​កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ មន្ទីរ​អង្គភាពជុំវិញខេត្ត​ រដ្ឋបាល​ក្រុង​ ស្រុក​ បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស សរុប៤៤០នាក់។ រុក្ខវិថីបុប្ជាប្រសិទ្ធដែលឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចាត់ទុកថាជាមិនត្រឹមតែជាមធ្យោបាយសម្រាប់ធ្វើដំណើរប៉ុណ្ណោះទេ តែផ្លូវនេះគឺជាការវិនិយោគទៅលើសេដ្ឋកិច្ចមូលដ្ឋានរបស់ខេត្តកែប ទាក់ទាញភ្ញៀវទេសចរមកលំហែកម្សាន្តបែបធម្មជាតិ ស្រូបខ្យល់អាកាសបរិសុទ្ធ គយគន់រុក្ខជាតិពណ៍បៃតងជាច្រើននៅក្នុងព្រៃឧទ្យានជាតិនេះ។

ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា រុក្ខវិថីប្រវែង ៦គីឡូម៉ែត្រនេះត្រូវបានស្តារនិងសាងសង់ឡើងដោយប្រើប្រាស់ថវិកាបានមកពីការលក់ឥណទានកាបូន និងទុកជាប្រយោជន៍សម្រាប់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ។ អ្វីដែលសំខាន់ យើងចង់ប្រែក្លាយផ្លូវនិងឧទ្យានជាតិនេះទៅជាផ្នែកមួយនៃសេដ្ឋកិច្ចរបស់ខេត្តកែប ជាផ្នែកមួយដែលចូលរួមលើកស្ទួយជីវភាពរបស់ប្រជាជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅខេត្តកែប។ រុក្ខវិថីនេះមិនត្រឹមតែជាមធ្យោបាយសម្រាប់ធ្វើដំណើរប៉ុណ្ណោះទេ តែផ្លូវនេះគឺជាការវិនិយោគទៅលើសេដ្ឋកិច្ចមូលដ្ឋានរបស់ខេត្តកែប។ ថវិកាដែលបានមកពីការលក់ឥណទានកាបូន យើងបានយកមកវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈដែលជួយបងប្អូនប្រជាពលរដ្ឋ។ ការកសាងហេដ្ឋារចនាសម្ព័ន្ធនេះក៏ស្ថិតក្នុងគោលបំណងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តកែប បង្កើតការងារ និងបង្កើនចំណូលជូនប្រជាពលរដ្ឋ។ អ្វីដែលក្រសួងបរិស្ថានធ្វើនៅទីនេះ មិនមែនជំរុញលើការការពារនិងអភិរក្ស ឧទ្យានជាតិនេះឱ្យមានសោភ័ណភាពស្អាតទេ តែដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាខេត្តកែបឱ្យកាន់តែច្រើនបន្ថែមទៀត និងដើរកម្សាន្តនៅជុំវិញភ្នំកែបធំនេះ»។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានបានគូសបញ្ជាក់ថាទន្ទឹមនឹងការគ្រប់គ្រងអភិរក្សឱ្យបានល្អប្រសើរ ក្រសួងបរិស្ថានបានគិតគូរក្នុងការប្រែក្លាយតំបន់អភិរក្សធម្មជាតិមួយចំនួនដូចជាឧទ្យានជាតិ ដែនជម្រកសត្វព្រៃដែលមានសក្តានុពលទេសចរណ៍ មិនត្រឹមតែជាកន្លែងថែរក្សាអភិរក្សធនធានធម្មជាតិ សត្វព្រៃ និងជីវៈចម្រុះ តែក៏ជាកន្លែងទេសចរណ៍ធម្មជាតិសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដើរកម្សាន្ត។ ការរៀបចំនេះដើរទន្ទឹមគ្នានឹងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ខេត្តនីមួយៗ។ ដើម្បីសម្រេចគោលបំណងនេះ យើងត្រូវការថវិកាដើម្បីអនុវត្ត ហើយថវិកាដែលយកមកអនុវត្តគឺបានមកពីថវិកាលក់ឥណទានកាបូនដែលកម្ពុជាទទួលបានជោគជ័យលក់ក្នុងទីផ្សារឥណទានកាបូនស្ម័គ្រចិត្តអន្តរជាតិ។
មានមតិស្វាគមន៍ និងរបាយការណ៍នាឱកាសនោះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប​ មានប្រសាសន៍ថា រដ្ឋបាលខេត្ត បានខិតខំយកចិត្តទុកដាក់ចំពោះការគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះប្រកបដោយចីរភាព ការកសាងហេដ្ឋារចនាសម្ព័ន្ធជារូបវន្តជាដើម ដូចថ្ងៃនេះ ខេត្តកែបបានជួសជុល ស្ថាបនាឡើងវិញ និងសម្ពោធឱ្យប្រើប្រាស់នៅផ្លូវបេតុងជុំវិញឧទ្យានជាតិកែប ដែលជាផ្លូវចាស់ ក្នុងសម័យសង្គមរាស្ត្រ និយម ហើយផ្លូវនេះត្រូវបានជួសជុលជាបន្តបន្ទាប់ លើកទី១ ឆ្នាំ១៩៩៨,​ លើកទី២ ឆ្នាំ២០០៤ ,​ លើកទី៣ ឆ្នាំ២០០៩-២០១០ ជួសជុលពង្រីកអោយធំ និងលើកទី៤ ជួសជុល ស្ថាបនា ចាក់បេតុង មានទទឹង ៣ម៉ែត្រ បណ្តោយ ៦,០០០ម៉ែត្រ ដោយប្រើប្រាស់ថវិការបស់ក្រសួងបរិស្ថាន ដោយចាប់ផ្តើមជួសជុល នៅថ្ងៃទី២៧ ខែមករា និងបញ្ចប់នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២។ ឯកឧត្តម បន្តថា ក្រៅពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវកៅស៊ូ ផ្លូវបេតុង កំពង់ផែកោះទន្សាយ ផ្លូវគ្រួសក្រហម រដ្ឋបាលខេត្តកែប​ ក៏មានសមិទ្ធផលផ្សេងទៀតដែរ ក្នុងការថែរក្សាបរិស្ថាន មានដូចជា ទីលានចាក់សំរាម ទំហំ ១៣.៣៩ ហិចតា អាងប្រព្រឹត្តិកម្មចម្រោះទឹកកខ្វក់ ឡដុតសំរាមតាមលក្ខណៈបច្ចេកទេស ផងដែរ។

ជាមួយគ្នានេះ​ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន​ ក៏បានអំពាវនាវដល់មន្ទីរអង្គភាពពាក់ព័ន្ធ​ ប្រជាពលរដ្ឋ ត្រូវរួមគ្នាជួយថែរក្សាផ្លូវមួយខ្សែនេះ​ អោយបានយូអង្វែង ព្រោះការកសាងសមិទ្ធផលនីមួយៗពិបាក ព្រមទាំងនឹងចំណាយពេលយូរណាស់ ទម្រាំលេចចេញជារូបរៀង​ សម្រាប់ជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយៗទៀត​៕

ព័ត៌មានបន្ថែម

វគ្គបណ្តុះបណ្តាល អំពីគោលការណ៍ណែនាំស្តីពីបែបបទ និងនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ស៊ើបអង្កេត និងការរៀបចំសំណុំរឿងសម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់ក្នុងលក្ខខណ្ឌនៃដែនសមត្ថកិច្ចនៃក្រសួងបរិស្ថាន
ថ្ងៃ សុក្រ, 20 ឧសភា, 2022 វគ្គបណ្តុះបណ្តាល អំពីគោលការណ៍ណែនាំស្តីពីបែបបទ និងនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ស៊ើបអង្កេត និងការរៀបចំសំណុំរឿងសម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់ក្នុងលក្ខខណ្ឌនៃដែនសមត្ថកិច្ចនៃក្រសួងបរិស្ថាន
បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ
ថ្ងៃ ពុធ, 18 ឧសភា, 2022 បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ
ឯកឧត្តម សាយ សំអាល់៖ កម្ពុជាជាប្រធានអាស៊ាន គឺជាមោទនភាពដ៏ធំធេងរបស់ប្រជាជនខ្មែរគ្រប់រូប
ថ្ងៃ ចន្ទ, 16 ឧសភា, 2022 ឯកឧត្តម សាយ សំអាល់៖ កម្ពុជាជាប្រធានអាស៊ាន គឺជាមោទនភាពដ៏ធំធេងរបស់ប្រជាជនខ្មែរគ្រប់រូប