ដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា៖ អមជាមួយនឹងក្តីរំភើបរីករាយឥតឧបមា ក្រុមអ្នកវិទ្យាសាស្រ្តផ្នែកស្រាវជ្រាវសត្វព្រៃនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី និងអង្គការWWF បានផ្តល់របាយការណ៍នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ នេះ ដោយបញ្ជាក់ថាពួកគេបានប្រទះឃើញហ្វូងសត្វដំរីអាស៊ីសរុបចំនួន ០៨ ក្បាល (Asian elephant ) Elephas maximus ខណៈពេលដែលពួកគេបានចុះតាមដាន និងកត់ត្រាទិន្នន័យបន្ទាត់ត្រង់សិក។ការសិក្សាស្រាវជ្រាវនេះ នៅក្នុងដែនជម្រកធម្មជាតិនៃតំបន់ស្រែពក។ សកម្មភាពតាមដាន សិក្សានេះ ជាផ្នែកមួយនៃកម្មវិធីស្រាវជ្រាវអំពីសត្វដំរីអាស៊ីនៃគម្រោងកាំប៉ាស(CAMPAS) ដឹកនាំដោយក្រសួងបរិស្ថាន ហើយមានការរួមថវិការបន្ថែមពី អង្គការWWF ។

ស្ថិតក្រោមលក្ខខណ្ឌអាកាសធាតុដ៏លំបាក ហើយផ្គួបជាមួយនឹងភាពអត់ធ្មត់ខ្ពស់ គំហើញនៃសត្វដ៏កម្រមួយប្រភេទនេះ ត្រូវបានកត់ត្រាទុកនៅទីតាំងស្រាវជ្រាវមួយដែលអ្នកវិទ្យាសាស្រ្តធ្លាប់បានប្រមូលលាមក និងដានជើងរបស់វាកាលពីអំឡុងរដូវប្រាំងឆ្នាំមុន។ ហ្វូងសត្វដំរីទាំងនេះ បច្ចុប្បន្នកំពុងរស់នៅដោយសុវត្ថិភាពនៅក្នុង ទីជម្រក ធម្មជាតិរបស់ពួកវា ក្រោមការការពារយ៉ាងតឹងរ៉ឹងដោយ មន្រ្តីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃស្រែពកនៃខេត្តមណ្ឌលគិរី។
ដំរីអាស៊ីជាប្រភេទជិតផុតពូជ និងបានចុះបញ្ជីក្រហម IUCN (EN) ជាប្រភេទសត្វដែលជិតផុតពូជនៅលើពិភពលោក ។ដំរីនៅអាស៊ីត្រូវបានគេចាត់ថ្នាក់នៅក្នុងបញ្ជីឧបសម្ព័ន្ធIនៃ អនុសញ្ញាសាយតេស ។
ភិនភាគ៖ ដំរីជាប្រភេទសត្វចតុបាទដែលមានមាឌធំជាងគេបំផុត។ វាមានប្រមោយវែងមានស្បែកកក្រាស់ពណ៌ប្រផេះ និងមានរោមរឹងៗ ស្លឹកត្រចៀកមានរាងដូចផ្លិតតែស្តើង ដំរីមានក្រចកម្រាមជើង១៨ គឺនៅជើងមុខនីមួយៗមានក្រចកម្រាមជើង៥ ឯក្រចកជើងក្រោយនីមួយៗមានម្រាម៤ តែក៏មានដំរីខ្លះមានក្រចកម្រាមជើងដល់ទៅ២០ដែរ។ ដំរីញីមានភ្លុក “ចែ” ដែរ តែវាមិនបញ្ចេញឲ្យឃើញច្បាស់ដូចដំរីឈ្មោលពេញវ័យទេ។ ភ្លុកដំរីធំ ឈ្មោលមួយចំនួនមានប្រវែងរហូតដល់ទៅ១ម៉ែត្រ។ ដំរីនៅតំបន់អាស៊ីខុសពីដំរីនៅតំបន់អាហ្វ្រិកដោយសារមាឌនិងស្លឹកត្រចៀកមានទំហំតូចជាង។ដំរីអាស៊ីមានខ្នងស្ទើររាបស្មើ ឯដំរីអាហ្រ្វិកមានខ្នងកោងជាទួលខ្ពស់ឡើងលើ ។
ជីវសាស្ត្រ៖ ដំរីច្រើនរស់នៅតាមព្រៃល្បោះ វាលស្មៅ ព្រៃឬស្សី ព្រៃជាំទឹក តាមដងអូរ ព្រៃពាក់កណ្តាលស្រោង និងព្រៃស្រោង។ វាស៊ីសំបកឈើ ស្លឹកឈើ មើមឈើ ឬសឈើខ្ចីៗ ទំពាំងឬស្សី ផ្តៅ និងវល្លិ៍ជាដើម។ ចំពោះការចិញ្ចឹមក្នុងសួនសត្វ ដំរីអាចស៊ីផ្លែឈើ អំពៅ ចេក។ល។ វាផឹកទឹករហូតដល់ ២០០លីត្រ ក្នុងមួយថ្ងៃ (នៅកន្លែងសំបូរទឹក)។ ដំរីច្រើនផ្តល់កំណើតកូនក្នុងខែកក្តដា-សីហា កូនម្តងបាន១ក្បាល ឬភ្លោះក៏មានដែរ ប៉ុន្តែកម្រណាស់បន្ទាប់ពីពពោះរយៈពេល២១ខែ (យូរបំផុត២៥ខែ)។ ដំរីមេអាចបង្កើតកូនបាន ៤ ឬ៥ដង ហើយអាចមានកូនរហូតដល់៥០-៧០ឆ្នាំ។ គេអាចសម្គាល់ដំរីឈ្មោលចុះប្រេងនៅពេលដែលគេឃើញមានសារធាតុរាវម្យ៉ាងហូរចេញពីរន្ធមួយនៅចន្លោះត្រចៀក និងភ្នែក ដែលជាទូទៅនៅចន្លោះខែវិច្ឆិកា និងខែធ្នូ។
រប៉ាយរស់នៅ៖ ដំរីមានតិចតួចនៅក្នុងប្រទេសកម្ពុជា ដែលស្ថិតនៅតំបន់មួយចំនួនដូចជាភូមិភាគឦសាន និរតី និងភូមិភាគខាងជើង។ ដំរីមានរប៉ាយនៅប្រទេសឥណ្ឌា រហូតដល់អាស៊ីអាគ្នេហ៍ កោះស៊ូម៉ាត្រា និងនៅភាគខាងជើងនៃកោះបរណេអូ។ ចំនួនសត្វដំរីបានថយចុះដោយសារការប្រមាញ់យកភ្លុក និងការបាត់បង់ទីជម្រក។
សូមអរគុណដល់មន្រី្ត ឧទ្យានុរក្សមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដែលខិតខំប្រឹងប្រែងទប់ស្កាត់បទល្មើស ធនធម្មជាតិ និងក្រុមសិក្សាស្រាវជា្រវជីវ:ចម្រុះ ដែលការពារថែរក្សាធនធានធម្មជាតិជាពិសេសសត្វព្រៃ ដែលកម្រនិងជិតផុតពូជ អោយនៅគង់វង្ស សម្រាប់មនុស្សជំនាន់ក្រោយ ។

ប្រភពមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់