សៀវភៅ «ផែនការខ្យល់ស្អាតកម្ពុជា» ដែលមានពីរភាសា ខ្មែរ និងអង់គ្លេស ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម ជា ស៊ីណា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ប៉ាក សុខារ៉ាវុត អគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន លោក ធីវ សុភារិទ្ធ អគ្គនាយករង លោក ជា ណារ៉ា ប្រធាននាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់ សំឡេង និងរំញ័រ មន្ត្រីរាជការក្រោមឱវាទក្រសួងបរិស្ថាន និងអ្នកសារព័ត៌មានជាច្រើនរូបទៀត នៅទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី «ការដាក់ឱ្យអនុវត្តផែនការខ្យល់ស្អាតកម្ពុជា» ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា សៀវភៅផែនការខ្យល់ស្អាតកម្ពុជា គឺផែនការរួមមួយដែលក្រសួងបរិស្ថាន ដោយសហការជាមួយនឹងអ្នកពាក់ព័ន្ធនានាបានរៀបចំឡើង ដែលថ្ងៃនេះ ក្រសួងបរិស្ថានប្រកាសជាផ្លូវការ ដើម្បីដាក់ឱ្យអនុវត្ត និងចែកជូនទៅកាន់ស្ថាប័នពាក់ព័ន្ធនានា ដើម្បីបន្តយកទៅអនុវត្តទៅតាមតួនាទីភារកិច្ចរបស់ខ្លួន។ ឯកឧត្តមបន្តឱ្យដឹងថា ផែនការខ្យល់ស្អាតកម្ពុជា ជាឯកសារយុទ្ធសាស្ត្រជាតិសំដៅកំណត់សកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នបំពុលខ្យល់នៅប្រទេសកម្ពុជា។ ឯកសារជាយុទ្ធសាស្ត្រនេះ បានផ្តល់នូវទិដ្ឋភាពសំខាន់ៗរួមមាន ស្ថានភាពគុណភាពខ្យល់ (បច្ចុប្បន្ននិងនិន្នាការក្នុងឆ្នាំ២០៣០) ប្រភពបំពុលខ្យល់សំខាន់ៗ លិខិតបទដ្ឋានគតិយុត្ត និងវិធានការកាត់បន្ថយការបញ្ចេញឧស្ម័នបំពុលបរិយាកាសតាមវិស័យ។ នេះជាលើកទីមួយហើយដែលការបញ្ចេញសារធាតុបំពុលបរិយាកាសបង្កផលប៉ះពាល់ដល់សុខភាព ត្រូវបានវាស់វែងក្នុងកម្រិតជាតិ និងវិធានការកាត់បន្ថយការបំពុលបរិយាកាសត្រូវបានអនុវត្ត ក្នុងគោលបំណងលើកកម្ពស់គុណភាពខ្យល់ ការពារសុខភាពសាធារណៈ និងបរិស្ថានត្រូវបានកំណត់ជាក់លាក់។
ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ឱ្យដឹងទៀតថា ផែនការខ្យល់ស្អាតកម្ពុជា ត្រូវបានរៀបចំឡើងដោយធ្វើសមាហរណកម្មជាមួយគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជា សារាចរលេខ០១ ស្តីពីវិធានការទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ អនុក្រឹតស្តីពីការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសំឡេង ដើម្បីដាក់ចេញវិធានការកាត់បន្ថយការបញ្ចេញសារធាតុបំពុលខ្យល់។ ជាមួយគ្នានេះដែរ សៀវភៅផែនការខ្យល់ស្អាតកម្ពុជានេះ ក៏បានរៀបចំឡើងដោយបញ្ចូលជាមួយនឹងឯកសារមួយចំនួនទៀត ដែលនៅក្នុងនោះមានបញ្ចូលពីឯកសារបច្ចុប្បន្នភាពនៃការចូលរួមចំណែករបស់កម្ពុជា ដើម្បីជំរុញទៅលើការអនុវត្តនូវកតិកាសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ក៏ដូចជាឯកសារមួយទៀតគឺ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា ២០១៦-២០៣០។ ឯកឧត្តម នេត្រ ភក្ត្រា បានបន្ថែមឱ្យដឹងថា វិធានការខ្យល់ស្អាតចំនួន២៥ ដែលបានកំណត់ក្នុងរបាយការណ៍របស់កម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP) និងសម្ព័ន្ធបរិយាកាស និងខ្យល់ស្អាត (Clean Air and Climate Coalition) ឆ្នាំ២០១៨ ស្តីពីការបំពុលខ្យល់នៅអាស៊ីប៉ាស៊ីហ្វិក ដំណោះស្រាយដែលផ្អែកលើវិទ្យាសាស្ត្រ ក៏ត្រូវបានដកស្រង់សម្រាប់ការវិភាគ និងវាយតម្លៃ ដោយប្រើប្រាស់កម្មវិធី LEAP (ផែនការជម្រើសថាមពលរយៈពេលវែង) និង IBC (ការគណនាដោយរួមបញ្ចូលនូវអត្ថប្រយោជន៍) ឬហៅកាត់ថា LEAP-IBC របស់វិទ្យាស្ថានបរិស្ថានស្តុកខូម។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងទៀតថា ផែនការខ្យល់ស្អាតកម្ពុជា ត្រូវបានរៀបចំឡើងក្នុងគោលបំណងចម្បងៗរួមមាន៖ ទី១)បង្កើតការវិភាគរួមនៃសារធាតុបំពុលបរិយាកាស ឧស្ម័នផ្ទះកញ្ចក់ និងសារធាតុបំពុលបរិយាកាស រយៈពេលខ្លី ដើម្បីកំណត់ពីវិស័យនានាដែលជាប្រភពសំខាន់នៃការបំពុលខ្យល់នាពេលបច្ចុប្បន្ន និងពេលអនាគត។ ទី២)កំណត់វិធានការកាត់បន្ថយការសាយភាយការបំពុលខ្យល់នៅក្នុងផែនការ និងយុទ្ធសាស្ត្រ ដែលមានស្រាប់ ស្របគ្នានឹងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ ទី៣)កំណត់វិធានការកាត់បន្ថយផ្សេងទៀត ដែលអាចត្រូវបានយកមកអនុវត្តដើម្បីកាត់បន្ថយការបញ្ចេញឱ្យបានកាន់តែប្រសើរ។ ទី៤)កំណត់គុណប្រយោជន៍នានានៃវិធានការកាត់បន្ថយដែលបានកំណត់សម្រាប់ការធ្វើឱ្យប្រសើឡើងនូវគុណភាពខ្យល់ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ទី៥)កំណត់អាទិភាពដល់សកម្មភាព និងត្រួសត្រាយផ្លូវសម្រាប់ការគ្រប់គ្រងគុណភាពខ្យល់ និងទី៦)ជំរុញការអនុវត្តដែលបានគ្រោងទុកសម្រាប់ផែនការដែលមានស្រាប់ និងសកម្មភាពថ្មីៗដែលកំពុងបង្កើតឡើងនៅក្នុងវិស័យផ្សេងៗ។

 

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់