ក្រសួងបរិស្ថាន អង្គការជីវិតធម្មជាតិនៅកម្ពុជា អង្គការជីវិតសត្វស្លាបអន្តរជាតិ និងអង្គការ The Wildfowl & Wetlands Trust បាននឹងកំពុងអនុវត្តគម្រោងក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវការអភិរក្សជីវៈចម្រុះ និងលើកកម្ពស់ជីវភាពសហគមន៍ នៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។ តំបន់ការពារទេសភាពបឹងព្រែកល្ពៅ គឺជាតំបន់ដីសើមដ៏មានសក្កានុពលមួយនៅក្នុងប្រទេសកម្ពុជា ដែលមានទីតំាងភូមិសាស្រ្ត ស្ថិតនៅក្នុងស្រុកបុរីជលសារ និងស្រុកកោះអណ្តែត ខេត្តតាកែវ។ នេះគឺជាការថ្លែងឱ្យដឹងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ នៅអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រតិភូក្រសួងបរិស្ថានក្នុងការស្វែងយល់អំពីវឌ្ឍនភាពគម្រោងអភិរក្សតំបន់ដីសើម នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។

ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍ថាបច្ចុប្បន្នយើងបាននឹងកំពុងអនុវត្តសកម្មភាពសំខាន់ៗចំនួន ៤ គឺ ការអភិរក្សជីវៈចម្រុះ ការលើកម្ពស់ជីវភាពសហគមន៍ ការអប់រំផ្សព្វផ្សាយ និងការសិក្សាស្រាវជ្រាវ។ ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថា៖ «ចំពោះការអភិរក្សជីវៈចម្រុះ យើងបានសាងសង់ស្នាក់ការរងចំនួន១កន្លែងសម្រាប់ពង្រឹងការល្បាតនៅក្នុងតំបន់ សាងសង់អាងទឹកទំហំ ១៦ហិកតាដើម្បីរក្សារទឹកទុកជាអចិន្ត្រៃយ៍សម្រាប់ទ្រទ្រង់ដល់ពពួកសត្វស្លាបទឹកជាពិសេសសត្វក្រៀល។ យើងក៏បានធ្វើការដាំព្រៃលិចទឹកទំហំ៥ហិកតា និងដាំម៉ឺមផ្លុងទំហំ២៥ហិកតា ដែលជាចំណីរបស់សត្វក្រៀល និងបានគ្រប់គ្រងរុក្ខជាតិប្រភេទរាតត្បាត ដូចជាប្រខ្លបយក្ស (Mimosa pigra) វល្លិ៍រាតត្បាត និងកំប្លោក ជាដើម។ រីឯសកម្មភាពលើកម្ពស់ជីវភាពសហគមន៍វិញ យើងបានបង្កើតធនាគារក្របី ដោយធ្វើការប្រវាស់ក្របីជាមួយប្រជាសហគមន៍មូលដ្ឋាន នៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។ ចំណែកឯ ការអប់រំផ្សព្វផ្សាយ យើងបានបញ្ជូល កម្មវិធីអប់រំបរិស្ថាននិងសត្វក្រៀលជាមួយសាលារៀនគោលដៅចំនួន៣គឺសាលាបឋមសិក្សាសង្គមមានជ័យ សាលាបឋមសិក្សាក្ដុលជ្រុំ និងសាលាបឋមសិក្សាបន្ទាយធ្លាយ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់សិក្សានុសិស្សអំពីសារៈសំខាន់ជីវៈចម្រុះ ជាពិសេសសត្វក្រៀល នៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។ បន្ថែមពីនេះ យើងក៏មានកម្មវិធីផ្សព្វផ្សាយតាមទម្រង់ផ្សេងៗទៀតដូចជាការចាក់បញ្ចាំងខ្សែភាព យន្ត អប់រំ និងការចាក់សំឡេងចល័ត នៅក្នុងតាមភូមិជាប់នឹងតំបន់ការពារទេសភាពនេះផងដែរ។ ដោយឡែកការសិក្សាស្រាវជ្រាវវិញ យើងបាននឹងកំពុងធ្វើការសិក្សាវាយតម្លៃលើសេវាកម្មប្រព័ន្ធអេកូឡូស៊ី និងការសិក្សាអំពីប្រព័ន្ធជលសាស្រ្តនៅតំបន់នោះ»។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ទៀតថាដោយសារកិច្ចខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ទើបធ្វើឱ្យតំបន់នេះមានការកើនឡើងនូវប្រភេទជីវៈចម្រុះមួយចំនួន ជាពិសេសសត្វចង្កៀលខ្យងដែលកើនឡើងរហូតដល់រាប់ពាន់ក្បាល និងមានសម្បុកពងកូនយ៉ាងតិចចំនួន២១៨៦ ក្នុងឆ្នាំ២០២០ ខណៈពួកវាមានចំនួនជាង១០០ក្បាលប៉ុណ្ណោះកាលពីឆ្នាំ២០០៣។ លើសពីនេះទៅទៀត យើងឃើញមានវត្តមានប្រភេទសត្វស្លាបជិតផុតពូជដូចជាសត្វចាបព្រៃវែង និងត្រដក់ធំ។ ដូច្នេះយើងត្រូវចូលរួមបន្តទៀតក្នុងការការពារ និងអភិរក្សជីវៈចម្រុះនៅតំបន់នេះ ដោយក្រសួងបរិស្ថានក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល នឹងធ្វើការជាមួយក្រសួង ស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធក្នុងការរៀបចំផែនការគ្រប់គ្រង ការបោះបង្គោលព្រំប្រទល់ ការចុះបញ្ជីដីរដ្ឋ រៀបចំហេដ្ឋានរចនាសម្ព័ន្ធ និងការរៀបចំឱ្យមានសកម្មភាពទេសចរណ៍ធម្មជាតិ ជាដើម ក្នុងគោលបំណងដើម្បីធានាដល់និរន្តរភាពនៃការអភិរក្ស ការប្រើប្រាស់ដោយឈ្លាសវៃនូវតំបន់ដីសើម សម្រាប់លើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាននៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅនេះ។
លោក ស្រី ស៊ុនលាង អគ្គនាយករងនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថានបានលើកឡើងថាក្នុងនាមជាប្រទេសហត្ថលេខីនៃអនុសញ្ញារ៉ាមសារ ក្រសួងបរិស្ថានតែងតែចូលរួមអនុវត្តនូវសសរស្តម្ភទាំង ៣របស់អនុសញ្ញារ៉ាមសារ ដែលមានការប្រើប្រាស់តំបន់ដីសើមដោយឈ្លាសវៃ ការកំណត់ និងបង្កើតតំបន់រ៉ាមសារថ្មីៗ និងកិច្ចសហប្រតិ្តបតិការអន្តរជាតិ ជាពិសេសការគ្រប់គ្រងតំបន់ដីសើមឆ្លងដែន។
លោក ប៊ូ វរសក្ស តំណាងឱ្យអង្គការជីវិតធម្មជាតិនៅកម្ពុជា អង្គការជីវិតសត្វស្លាបអន្តរជាតិ និងអង្គការ The Wildfowl & Wetlands Trust បានមានប្រសាសន៍ថា យើងពិតជាមានមោទភាពណាស់ដែលបានចូលរួមជាមួយក្រសួងបរិស្ថានក្នុងការការពារ និងអភិរក្សជីវៈចម្រុះនៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅនេះ។ យើងខ្ញុំទាំងអស់គ្នានេះ នឹងបន្តគាំទ្រការងារអភិរក្សតំបន់ដីសើមដ៏មានសក្តានុពលនេះ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ ជាមួយគ្នានេះ លោកបានស្នើសុំឱ្យក្រសួងបរិស្ថាន និងអាជ្ញាធរថ្នាក់ក្រោមជាតិ បន្តពង្រឹងការអនុវត្ត ច្បាប់ និងពន្លឿននីតិវិធីក្នុងការបែងចែកតំបន់គ្រប់គ្រងនៅក្នុងតំបន់នេះ។
លោក ហុង ភារៈ អនុប្រធានមន្ទីរបរិស្ថានខេត្តតាកែវ មានប្រសាសន៍ថា មន្ទីរបរិស្ថានខេត្តតាកែវ បានយកចិត្តទុកដាក់ នៅក្នុងការពារថែរក្សាអភិរក្សជីវៈចម្រុះ នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅនេះដោយយើងមានមន្ត្រីឧទ្យានុរក្សប្រចាំការ និងចូលរួមសហការជាមួយអាជ្ញារធរមូលដ្ឋាន និងអង្គការដៃគូនានាក្នុងការការពារ អភិរក្ស និងអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីច្បាប់ និងតម្លៃនៃប្រព័ន្ធអេកូឡូស៊ីរបស់តំបន់ការពារទេសភាពបឹងព្រែកល្ពៅ។
ជាមួយគ្នានេះដែរ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងអំណរគុណចំពោះអាជ្ញាធរថ្នាក់ក្រោមជាតិ និងអង្គការដៃគូ ដែលតែងតែបានចូលរួមសហការក្នុងការអភិរក្សជីវៈចម្រុះនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងសូមលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធទំាងអស់បន្តកៀរគរថវិកា សម្រាប់អនុវត្តសកម្មភាពនៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅនេះ ដើម្បីរក្សាទុកជាឧត្តមប្រយោជន៍ ដល់កូនចៅជំនាន់ក្រោយ។ ឯកឧត្តមបានគូសបញ្ជាក់ថា ក្រសួងនឹងចាត់វិធានការច្បាប់ចំពោះជនទាំងឡាយណាដែលរំលោភបំពាន ទន្ទ្រានយកដីដោយខុសច្បាប់នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។ ឯកឧត្តមថ្លែងថា គ្មានជនណាម្នាក់មានសិទ្ធិ ទិញលក់ដូរដីក្នុងតំបន់អភិរក្សបានឡើយ ហើយក្រសួង បរិស្ថានបដិសេធទទួលស្គាល់នូវលិខិតទិញដូរខុសច្បាប់ ទាំងអស់។
គួរបញ្ជាក់ផងដែរថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅមានផ្ទៃដីទំហំ ៨៣០៥ហិកតា និងសម្បូរទៅដោយជីវៈចម្រុះជាច្រើនប្រភេទក្នុងមានសត្វស្លាបចំនួន១៣២ប្រភេទ មច្ឆជាតិចំនួន១៣៨ប្រភេទ និងរុក្ខជាតិទឹក៣០ប្រភេទ៕

រូបថត ឆែម ចាន់ធឿន

ព័ត៌មានបន្ថែម

វគ្គបណ្តុះបណ្តាល អំពីគោលការណ៍ណែនាំស្តីពីបែបបទ និងនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ស៊ើបអង្កេត និងការរៀបចំសំណុំរឿងសម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់ក្នុងលក្ខខណ្ឌនៃដែនសមត្ថកិច្ចនៃក្រសួងបរិស្ថាន
ថ្ងៃ សុក្រ, 20 ឧសភា, 2022 វគ្គបណ្តុះបណ្តាល អំពីគោលការណ៍ណែនាំស្តីពីបែបបទ និងនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ស៊ើបអង្កេត និងការរៀបចំសំណុំរឿងសម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់ក្នុងលក្ខខណ្ឌនៃដែនសមត្ថកិច្ចនៃក្រសួងបរិស្ថាន
បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ
ថ្ងៃ ពុធ, 18 ឧសភា, 2022 បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ
ឯកឧត្តម សាយ សំអាល់៖ កម្ពុជាជាប្រធានអាស៊ាន គឺជាមោទនភាពដ៏ធំធេងរបស់ប្រជាជនខ្មែរគ្រប់រូប
ថ្ងៃ ចន្ទ, 16 ឧសភា, 2022 ឯកឧត្តម សាយ សំអាល់៖ កម្ពុជាជាប្រធានអាស៊ាន គឺជាមោទនភាពដ៏ធំធេងរបស់ប្រជាជនខ្មែរគ្រប់រូប