នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការនិងជាប្រធានក្រុមការងារសហប្រតិបត្ការ ផែនការ និងថវិកា នៃក្រសួងបរិស្ថាន បានអញ្ជើញក្នុងពិធីចុះហត្ថលេខាបន្តកិច្ចព្រមព្រៀងអនុវត្តគម្រោងក្រសួងបរិស្ថាននិងអង្គការ សមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា នាថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២១

លោក កែន សេរីរដ្ឋា នាយកកម្មវិធីអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា បានលើកឡើងថា៖ តាមរយៈ កិច្ចព្រមព្រៀងគម្រោងរវាងក្រសួងបរិស្ថាន និងអង្គការWCS កន្លងមកអង្គការ WCSបានគៀងគរថវិកា និងជំនួយបច្ចេកទេស ពីម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ទ្វេរភាគី អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជនដើម្បីគាំទ្រដល់ ក្រសួងបរិស្ថានក្នុងការពង្រឹងស្ថាប័នថ្នាក់ជាតិ-ខេត្ត ការកសាងធនធានមនុស្សការពង្រឹងការអនុវត្តច្បាប់ ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋាន។ហើយការចុះហត្ថលេខាបន្តកិច្ចព្រមព្រៀងអនុវត្តគម្រោងរវាងក្រសួងបរិស្ថាន និងអង្គការWCS បានបង្ហាញពី កិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូលើការងារអភិរក្សធនធានជីវៈចម្រុះជាមួយក្រសួងបរិស្ថាន និងការប្តេជ្ញាចិត្តជាមួយនឹងស្មារតីទទួលខុសត្រូវ
ខ្ពស់របស់ក្រសួងបរិស្ថានដែលជាសេនាធិការបច្ចេកទេសរបស់រាជរដ្ឋាភិបាលកម្ពុជា។
មានប្រសាសន៍ក្នុងកិច្ចចុះហត្ថលេខា ឯកឧត្តម សៅ សុភាពរដ្ឋលេខាធិការ ក្នុងនាម ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព សូមកោតសសើរដល់កិច្ចខិតខំប្រឹងប្រែង របស់ ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ សង្គមស៊ីវិល វិស័យឯកជន អាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងម្ចាស់ជំនួយ ជាពិសេសអង្គការWCS ដែលបានសហការគ្នាផ្តល់ការគាំទ្រយ៉ាងសកម្មទាំងផ្នែកបច្ចេកទេស ស្មារតី និងហិរញ្ញវត្ថុរហូតធ្វើឱ្យសម្រេចបាននូវការអនុវត្តផែនការយុទ្ធសាស្ត្រ គ្រប់គ្រងតំបន់ការពារធម្មជាតិ និងសមិទ្ឋិធផលផ្សេងៗ ទៀតក្នុងវិស័យការងារអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះនៅកម្ពុជា។ ក្នុងការសម្រេចឱ្យបាន នូវចក្ខុវិស័យ កម្មវិធីនយោបាយអភិវឌ្ឍន៍ជាតិ និងការងារអភិរក្សធនធានជីវៈចម្រុះប្រកបដោយចីរភាពឆ្លើយតបទៅនឹងបរិការណ៍អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច បញ្ហាប្រឈម និងកាលានុវត្តភាពទាំងឡាយដែលជាបញ្ហារួមរបស់សង្គមជាតិយើង ដើម្បីឈានសម្រេចបាននូវគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា និងការសម្រេចបានគោល ដៅអភិវឌ្ឍន៍ដោយចីរភាពក៏ដូចជាការការពារប្រភេទ សត្វ និងរុក្ខជាតិនៅព្រះរាជាណាចក្រកម្ពុជា និងពិភពលោកទាំងមូល។

ឯកឧត្តម រដ្ឋលេខាធិការបានបន្តថា៖ការអនុវត្តកិច្ចព្រមព្រៀងគម្រោងរវាងក្រសួងបរិស្ថាន និងអង្គការ WCS នៅតាមតំបន់ការពារធម្មជាតិ ដូចបានរៀបរាប់ខាងលើកន្លងមកបានធ្វើឱ្យក្រសួងបរិស្ថានសម្រេចបាននូវសមិទ្ធផលជាច្រើនដូចជាការពង្រឹងសមត្ថភាពស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោជាតិ ការកសាងធនធានមនុស្ស និងពង្រឹងការអនុវត្ត ច្បាប់ ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋានតាមរយៈជំនួយផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុរបអង្គការWCS ដែលចំណុចទាំងនេះបានផ្តល់ជាកាលានុវត្តភាពដល់ក្រសួងបរិស្ថានក្នុងការសម្រេចបាននូវសមិទ្ធផលការងារអភិរក្សមួយចំនួនដូចជា (១)ការការពារជម្រកសត្វស្លាប នៅឋបនីយជីវមណ្ឌលព្រែកទាល់ដែលជាជម្រកសត្វស្លាបធំបំផុតនៅអាស៊ី (២)ការរៀបចំសហគ្រាសអភិរក្សដោសហគមន៍ ដូចជា តំបន់អេកូទេសចរណ៍ធម្មជាតិ ដែលគ្រប់គ្រងដោយសហគមន៍តំបន់ការពារធម្មជាតិនៅសហគមន៍ត្មាតប៉ើយ សហគមន៍ព្រៃវែងសហគមន៍ដងផ្លិត និងសហគមន៍អណ្តូងក្រឡឹង និង(៣)ស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ (Ibis Rice) ដែលជាស្រូវសរីរាង្គ និងកំពុងទទួលបាននូវការចាប់អារម្មណ៍ពីអតិថិជនជាតិ និងអន្តរជាតិ។លើសពីនេះក្រោមកិច្ចសហការអនុវត្តកិច្ចព្រមព្រៀងគម្រោងរវាងក្រសួង បរិស្ថាន និងអង្គការ WCS កន្លងមក យើងបានអនុវត្តន៍ប្រកបដោយជោគជ័យនូវគម្រោងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់បណ្តាល មកពីការបាត់បង់ និងរិចរឹលព្រៃ ឈើ (REDD+) ដែលបានអនុវត្តចាប់តាំងឆ្នាំ២០១៦ ដោយ មានការចូលរួម និងទទួលផលពីប្រជាពលរដ្ឋចំនួនពីរម៉ឺន (២០.០០០នាក់) ដែលបាន និងកំពុងរស់នៅក្នុងភូមិចំនួន ២០ និងតំបន់ក្បែរគម្រោងរេដបូក ក្នុងដែនជម្រកសត្វព្រៃកែវសីមា ភូមិសាស្ត្រខេត្តមណ្ឌលគិរី និងក្រចេះ។ តាមរយៈការអនុវត្តគម្រោងខាងលើនេះបានធ្វើឱ្យដែនជម្រកសត្វព្រៃកែវសីមាក្លាយជាតំបន់ការពារធម្មជាតិទីមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលមាននិរន្តរភាពថវិកាសម្រាប់ការអនុវត្តសកម្មភាពអភិរក្សធនធានជីវៈចម្រុះក្នុងរយៈពេល៥ឆ្នាំសារពើព័ន្ធខាងមុខ ពីឆ្នាំ២០២១-២០២៦ ហើយមេរៀន និងបទពិសោធន៍នៃគម្រោងរេដបូកនេះត្រូវបានយកទៅរៀបចំ និងអនុវត្តនៅតាមតំបន់ការពារធម្មជាតិជាច្រើនផ្សេងទៀតផងដែរ។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់