«សាលារៀន និងគ្រឹះស្ថានអប់រំជាកន្លែងប្រមូលផ្តុំមានលក្ខណៈ ងាយ ស្រួលក្នុងការបញ្រ្ជាបចំណេះដឹងនិងចំណេះធ្វើក្នុង ចំណោមកុមារ សិស្សានុសិស្ស និងយុវជន ផ្លាស់ប្តូរទម្លាប់ ផ្នត់គំនិត និងឥរិយាបថពួកគេចំពោះអនាម័យ និងបរិស្ថាន»។ នេះគឺជាថ្លែងរបស់រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងកម្មវិធីប្រគល់ ជ័យលាភីមេដាយមាសសាលាមេត្រីបរិស្ថានជូនដល់សាលាបឋមសិក្សាវត្តចែង ស្ថិតនៅក្នុងភូមិវត្តចែង ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។ សាលាបឋមសិក្សាវត្តចែងជាជ័យលាភីលេខ១ សាលាមេត្រីបរិស្ថានផ្នែកបឋមសិក្សាក្នុងការប្រឡងប្រណាំងសាលាមេត្រីបរិស្ថាន រៀងរាល់ ២ ឆ្នាំម្តងលើកទី៣ ឆ្នាំ២០២១ នេះ។ ពីធីប្រគល់ ជ័យលាភីសាលាមេត្រីបរិស្ថានអបអរសាទរដល់សាលាបឋមសិក្សាវត្តចែងនេះបានប្រព្រឹត្តទៅដោយមានការចូលរួមជាអធិបតីពីឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង មន្ទីរជំនាញជុំវិញ ខេត្តព្រមទាំងតំណាងរដ្ឋបាលស្រុកគ្រប់ស្រុកទាំងអស់របស់ខេត្តបាត់ដំបង រួមនឹងលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់។

ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថាសាលាវត្តចែងបានទទួលនូវជ័យលាភីមេដាយមាសក្នុងការប្រកួតប្រជែងសាលាមេត្រីបរិស្ថាននេះគឺបង្ហាញពីកិច្ចខិតខំប្រឹង ប្រែង និងគំនិតច្នៃប្រឌិតខ្ពស់ និងភាពជាអ្នកដឹកនាំរបស់ថ្នាក់ដឹកនាំសាលាដោយមានការចូលរួមគាំទ្រពីសិស្សានុសិស្ស មាតាបិតា សហគមន៍ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ជាពិសេសរដ្ឋបាលខេត្តបាត់ដំបងដែលបានចូលរួមគាំទ្រអនុវត្តនូវគោលនយោបាយពាក់ព័ន្ធនឹងវិស័យបរិស្ថាន។ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា ការខិតខំ ប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធ ឥឡូវនេះបានទទួលផ្លែផ្កាគឺការទទួលបានជ័យលាភីមេដាយមាសសាលាមេត្រី បរិស្ថានដែលនេះជាមោទកភាពរបស់ខេត្តបាត់ដំបង និង ជាការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរួមគ្នាលើការ កសាងថ្នាលបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយ គុណភាព មានមេត្រីភាពបរិស្ថាន និងផាសុកភាព។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា សាលាមេត្រីភាពបរិស្ថាន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យមានការផ្លាស់ប្តូរ ឥរិយាបថលើបរិស្ថាន និងបានចូលរួមអប់រំបណ្តុះស្មារតី ស្រឡាញ់ និងគោរពបរិស្ថានកាន់តែខ្លាំងឡើងក្នុង ចំណោមប្រជាជន និងក្តាប់នូវមោទកភាពជាតិ គុណភាពបរិស្ថាននិងនិរន្តរភាពបរិស្ថានត្រូវបានធានា ស្របនឹងគោលដៅរបស់រាជរដ្ឋាភិបាលប្រែក្លាយកម្ពុជាពីប្រទេស ដែលមានចំណូលមធ្យមកម្រិតទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា ការប្រឡងប្រណាំងសាលាមេត្រីបរិស្ថានគឺជាគំនិតផ្តួចផ្តើមដ៏សំខាន់ និងជាយន្តការមួយដ៏មានសារៈសំខាន់ក្នុងចំណោមយន្តការ និងវិធានការជាច្រើនទៀតដែលក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធទាំងអស់បានខិតខំជំរុញអនុវត្តជាបន្តបន្ទាប់សំដៅធ្វើឱ្យប្រសើរឡើងនូវកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព។ ឯកឧត្តមបានលើកឡើងថា ការប្រឡងប្រណាំងសាលាមេត្រីបរិស្ថាននឹងជាផ្នែកមួយនៃការចូលរួមអនុវត្តគោលនយោ បាយជាតិភូមិឃុំសង្កាត់មានសុវត្ថិភាពលើចំណុចទី៦ ដែលលើកឡើងអំពីភូមិឃុំសង្កាត់ត្រូវតែ«មានអនាម័យល្អ សោភ័ណភាព និងបរិស្ថានល្អ»ដែលសំដៅលើការមានវិធានការក្នុងការគ្រប់គ្រង ថែរក្សា និងការពារធនធានធម្មជាតិ និងបរិស្ថាន អនាម័យក្នុងភូមិឃុំសង្កាត់ប្រកបដោយប្រសិទ្ធភាព ជាពិសេសយន្តការដោះ ស្រាយសំរាម ធ្វើឱ្យភូមិឃុំសង្កាត់មានសោភ័ណភាព និងផាសុកភាព។ ជាមួយគ្នានេះ រៀបចំឱ្យមានការបញ្ជ្រាបការអប់រំដល់ប្រជាពលរដ្ឋអំពីច្បាប់ គោលការណ៍ និងវិធានការនានាស្តីពីការថែរក្សាបរិស្ថាន រួមទាំងវិធីសាស្ត្រ នៃការរក្សាសុខភាព អនាម័យ សុវត្ថិភាពចំណីអាហារជាដើម។
ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ក្នុងនាមពលរដ្ឋខេត្តបាត់ដំបង បានសម្តែងនូវការអបអរសាទរចំពោះជ័យលាភីរបស់សាលាបឋមសិក្សាវត្តចែងក្នុងឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលទទួលបាននូវជ័យលាភីក្នុងចំណោមសាលាបឋមសិក្សានៅទូទាំងប្រទេស ដែលនេះជាការខិតខំប្រឹងប្រែងរួមជាមួយអ្នកពាក់ព័ន្ធ និងថ្នាក់ដឹកនាំសាលានៅទីនេះ។ ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានថ្លែងទៅកាន់ អាជ្ញាធរស្រុក-ក្រុងក្នុងខេត្ត ត្រូវបន្តខិតខំរៀនសូត្រពីគម្រូរបស់សាលាមួយនេះ ដើម្បីយកទៅធ្វើការ ផ្សព្វផ្សាយនិងរៀបចំក្នុងស្រុកក្រុងរបស់ខ្លួនឲ្យបានក្លាយជាសាលាគម្រូប្រកបដោយបរិស្ថានអនាម័យ និងសោភ័ណភាពល្អ ក្នុងស្រុកក្រុងរបស់ខ្លួនឲ្យបានល្អប្រសើរថែមទៀត ដើម្បីឈានឆ្ពោះចូលរួមប្រកួតប្រជែងក្នុងការដណ្តើជ័យលាភីសាលាមេត្រីបរិស្ថាន នៅបណ្តាឆ្នាំខាងមុខទៀត។ ដោយឡែក លោកនាយកសាលាបឋមសិក្សាវត្តចែងដែលទទួលបានជ័យលាភីបានបង្ហាញនូវមោទកភាពចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារហូត ទទួលបានការទទួលស្គាល់ថ្នាក់ជាតិថាជាសាលាដែលមានមេត្រីភាពបរិស្ថាន។
ទន្ទឹមនឹងគ្នានេះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ការប្រកួតប្រជែងសាលាមេត្រីបរិស្ថានដែលក្រសួងបរិស្ថាននិងក្រសួងអប់រំបានសហការរៀបចំនេះ មិនមែនជាការបន្តុះបង្អាប់ចំពោះសាលារៀនដែលមិនបានទទួលជ័យលាភីសាលាមេត្រីបរិស្ថាននោះទេ តែនេះគឺជាចលករជំរុញ និងលើកទឹកចិត្តបន្ថែមដល់សាលារៀនទាំងអស់បន្តវប្បធម៌ស្រឡាញ់ ថែរក្សា និងគាំពារបរិស្ថាន ហើយក៏ជាឱកាសចែករំលែកបទពិសោធនិងរៀនសូត្រឧត្តមានុវត្តពីគ្នាទៅវិញទៅមកផងដែរ។ ឯកឧត្តមបានលើកឡើងថា ចលនាសាលាមេត្រីបរិស្ថានកម្ពុជា ឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា លើការបញ្ជ្រាបចំណេះដឹង ការផ្លាស់ប្ដូរផ្នត់គំនិត ការលើកកម្ពស់ស្មារតីស្រឡាញ់បរិស្ថាន និងការជំរុញប្រតិបត្តិមេត្រីភាពបរិស្ថាន សំដៅគាំទ្រដល់កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិឱ្យបានសមស្របនិងមាននិរន្តរភាព និងការរស់នៅដោយចីរភាព។
ការប្រឡងប្រណាំងសាលាមេត្រីបរិស្ថាន ត្រូវបានរៀបចំឡើងរៀងរាល់ ២ ឆ្នាំម្តង ហើយនៅឆ្នាំ២០២១ នេះជាលើកទី៣ ហើយដែលក្រសួងបរិស្ថាននិងក្រសួងអបើរំ យុវជន និងកីឡាបានរៀបចំការប្រកួតប្រជែងនេះឡើង ដោយបានជ្រើសរើសនូវសាលាបឋមសិក្សា និងមធ្យមសិក្សាពីតាមខេត្តនានាដែលចូលក្នុងលក្ខណៈវិនិច្ឆ័យនៃសាលាមេត្រីបរិស្ថាន។ លក្ខខណ្ឌវិនិច្ឆ័យទាំង ៤ ចំណុចនៃសាលាមេត្រីបរិស្ថានរួមមាន ទី១) មានគោលការណ៍និងរដ្ឋបាល របស់សាលាលើការងារបរិស្ថាន ទី២) មានការបង្រៀនមេរៀនបរិស្ថាននិងសកម្មភាពអប់រំបរិស្ថានក្នុងសាលា និងសហគមន៍ជុំវិញ (ជាកម្មវិធីសិក្សាបន្ថែម ឬបញ្ជ្រាប) ទី៣)មានសម្ភារបរិក្ខារអប់រំបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធនានានិងការប្រតិបត្តិបរិស្ថាន ទី៤) មានភាពជាដៃគូជាមួយអ្នកពាក់ព័ន្ធនិងការផ្សព្វផ្សាយតាមសហគមន៍។ នៅឆ្នាំ២០២១ នេះ មានសាលាបឋមសិក្សាចំនួន ២៩ និងវិទ្យាល័យចំនួន ១៩ តំណាងទូទាំងប្រទេសដែលបានចូលរួមប្រកួត ក្នុងនោះសាលាបឋមសិក្សាចំនួន៣និងមធ្យមសិក្សាចំនួន៣ បានទទួលជ័យលាភីសាលាមេត្រីបរិស្ថានឆ្នាំ២០២១។ សាលាជ័យលាភីទាំង ៦ នោះរួមមានសម្រាប់កម្រិតបឋមសិក្សា ១)-សាលាបឋមសិក្សា វត្តចែង ខេត្តបាត់ដំបង ជ័យលាភីកម្រិតមាស ២)-សាលាបឋមសិក្សាក្រវ៉ាន់ខេត្តសៀមរាប ជ័យលាភីកម្រិតប្រាក់ ៣)-សាលាបឋមសិក្សា ឈើខ្លឹម ខេត្តត្បូងឃ្មុំ ជ័យលាភីកម្រិតសំរឹទ្ធ និងសម្រាប់កម្រិតមធ្យមសិក្សា ១)-វិទ្យាល័យ ហ៊ុន សែន មិត្តភាព ខេត្តព្រះសីហនុ ទទួលបានជ័យលាភីកម្រិតមាស ២)-វិទ្យាល័យ ហ៊ុន សែន សម្ភៈបុរៈ ខេត្តក្រចេះ ទទួលបានជ័យលាភីកម្រិតប្រាក់ ៣)-វិទ្យាល័យ ចំណេះទូទៅនិងបច្ចេកទេស ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ខេត្តកំពង់ឆ្នាំង ទទួលបានជ័យលាភីកម្រិតសំរិទ្ធ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Smart Axiata បានចូលរួមឧបត្ថម្ភដល់រង្វាន់ជ័យលាភីសាលាមេត្រីបរិស្ថានទាំង៦៕

រូបថតដោយ ឆែម ប៊ុនធឿន

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់