«ការគ្រប់គ្រងនិងញែកសំរាមតាមប្រភេទបានត្រឹមត្រូវ ព្រមទាំងបង្កើនការកែច្នៃឱ្យបានច្រើនអស់លទ្ធភាព នោះសំណល់សំរាមដែលបោះចោលលើទីលាននឹងមានបរិមាណតិចតួចប៉ុណ្ណោះ»។ នេះគឺជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យ ក្រសួងបរិស្ថាននៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ក្នុងកម្មវិធីប្រគល់និងទទួលទ្រុងសំណាញ់ធ្វើពីដែកសម្រាប់

ដាក់សំរាមសំណល់រឹងជូនរដ្ឋបាលខេត្តកំពតដែលជាជំនួយឧបត្ថម្ភរបស់ក្រុមហ៊ុនកូកាកូឡាតាមរយៈក្រសួងបរិស្ថាន។ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថាក្នុងសំណល់សំរាម ១០០% មានសំណល់សរីរាង្គប្រមាណ ៦៨% សំណល់ប្លាស្ទិក ប្រមាណ ២០% និងសំណល់រឹងជាង ១០% ហើយអ្វីដែលយើងត្រូវយកចិត្តទុកដាក់បន្ថែមគឺសំណល់ប្លាស្ទិក ដែលជាសំណល់ប្រកបដោយគ្រោះថ្នាក់ ប្រសិនបើយើងមិនគ្រប់គ្រងបានល្អព្រោះសំណល់ប្លាស្ទិកមានផ្ទុកសារធាតុគីមី។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថាទ្រុងសម្រាប់ដាក់សំណល់ប្លាស្ទិកដែលក្រុមហ៊ុនកូកាកូឡាផ្តល់ជូនរដ្ឋបាលខេត្តកំពតតាមរយៈក្រសួងបរិស្ថាននេះ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការចូលរួមគ្រប់ គ្រងសំណល់ប្លាស្ទិក មិនឱ្យបោះចោលបែបអនាធិបតេយ្យ និងហូរចូលសមុទ្រ។ ឯកឧត្តម នេត្រ ភក្ត្រា ក្នុងនាមក្រសួងបរិស្ថានបានថ្លែងអំណរគុណដល់ក្រុមហ៊ុនកូកាកូឡាដែលតែងតែចូលរួមជាមួយក្រសួងបរិស្ថាននិងអាជ្ញាធរដែនដីក្នុងការសម្អាតអនាម័យបរិស្ថានតាមរយៈការផ្តល់ធុងសំរាម និងសកម្មភាពផ្សេងទៀតដែលមានមេត្រីភាពបរិស្ថាន។ «នេះគឺជាការចូលរួមទទួលខុសត្រូវរបស់ក្រុមហ៊ុនកូកាកូឡាលើវិស័យ បរិស្ថាន»។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានក៏បានចាត់ទុកទ្រុង ដាក់សំរាមដែលផ្ដល់ដោយក្រុមហ៊ុនកូកាកូឡានាពេលនេះគឺជាដៃគូសហការមួយយ៉ាងសំខាន់ជាមួយរដ្ឋបាលខេត្តកំពត ក្នុងការប្រមូល និងគ្រប់គ្រងសំរាមសំណល់រឹងក្នុងទីក្រុងកំពតឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានថ្លែងដូច្នេះ មុននឹងបន្តថា៖«ការគ្រប់គ្រងសំណល់សំរាមគឺជាភារកិច្ចរបស់យើងទាំងអស់គ្នា ហើយការញែកសំរាមតាមប្រភេទច្បាស់លាស់ និងការជំរុញលើការកែច្នៃឱ្យអស់លទ្ធភាពនឹងចូលរួមកាត់បន្ថយសំណល់សំរាមដែលបោះចោលនៅលើទីលាន និងទទួលបានផលចំណេញផ្នែកសេដ្ឋកិច្ចថែមទៀតផង»។ ឯកឧត្តមបានថ្លែងថាបច្ចុប្បន្ននេះ បរិមាណសំរាមចន្លោះពី ៧០ទៅ ៨០% ត្រូវបានចាក់ចោលនៅលើទីលាន និងមានប្រមាណ ២០%ប៉ុណ្ណោះដែលបានដកហូតយកទៅកែច្នៃ។ ឯកឧត្តមបានថ្លែងថា ដើម្បីធានាបាននូវនិរន្តរភាពបរិស្ថាន និងគុណភាពបរិស្ថានសម្រាប់ផាសុកភាពរស់នៅរបស់ពលរដ្ឋ ក្រសួងបរិស្ថានតែងតែបានជួយឧបត្ថម្ភគាំពារទាំងស្មារតីសម្ភារៈបច្ចេកទេសដល់រដ្ឋបាលខេត្ត ក្នុងនោះរួមទាំងខេត្តកំពតផងដែរ។
គួរបញ្ជាក់ថាទ្រុងសំណាញ់ធ្វើពីដែកសំរាប់ដាក់សំរាមសំណល់រឹង ដែលមានទំហំ៤ម៉ែត្រគុណនឹង២,៥ម៉ែត្រ និងមានកម្ពស់១,៤ម៉ែត្រ ចំនួន១៦ ទ្រុង ក្រោមជំនួយឧបត្ថម្ភរបស់ក្រុមហ៊ុនកូកាកូឡាតាមរយៈក្រសួងបរិស្ថាន ត្រូវបានប្រគល់ជូនដល់រដ្ឋបាលខេត្តកំពត ដើម្បីដាក់ពង្រាយតាមទីសាធារណៈ និងទីប្រជុំជនផ្សារក្នុងក្រុង និងស្រុកទាំង ៨ក្នុងខេត្តកំពត។ ការប្រគល់នេះ បានធ្វើឡើង នៅសួនច្បារមាត់ព្រែកក្នុងសង្កាត់កំពង់កណ្ដាល ក្រោមវត្តមានចូលរួមពីឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត និងលោក-លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរមូលដ្ឋាន។
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា បញ្ហាបរិស្ថានត្រូវបានរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងបរិស្ថានយកចិត្តទុកដាក់ ហើយបានដាក់ចេញឲ្យអនុវត្តក្នុងក្របខណ្ឌទូទាំងប្រទេសនូវគោលនយោបាយ​គ្រប់គ្រងសំរាមសំណាល់រឹងទីប្រជុំជន ដើម្បី​ពង្រឹង និង​ដោះស្រាយ​បញ្ហា​គ្រប់គ្រង​សំរាម​ និង​សំណល់​រឹង​នៅ​ទីប្រជុំជនឱ្យ​មាន​ប្រសិទ្ធភាព និង​មានសុវត្ថិភាព​បរិស្ថាន ខណៈ​អត្រា​បរិមានណសំរាម​ក្នុង​មួយ​ឆ្នាំ​ៗមាន​ការ​កើន​ឡើងប្រមាណ ១៥%ក្នុងមួយឆ្នាំ។ ​បច្ចុប្បន្ន សំណល់សំរាមដែលបង្កើតឡើងនៅកម្ពុជា មួយថ្ងៃមានចំនួនប្រមាណជាង ១ម៉ឺនតោន ហើយក្នុងមួយឆ្នាំប្រមាណ ៤ លានតោន។
ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពតក៏បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរដល់ក្រសួងបរិស្ថាន ដែលតែងតែជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតី សម្ភារៈបច្ចេកទេស ដល់រដ្ឋបាលខេត្តកំពតនាពេលកន្លងមក លើវិស័យបរិស្ថាន ពិសេសការគ្រប់គ្រងសំរាមប្លាស្ទិក និងសំណល់រឹងសំណល់រាវ កាត់បន្ថយបានពី​ការ​បំពុល​បរិស្ថាន និង​ការប៉ះពាល់ដល់សុខភាព​សាធារណៈព្រមទាំងបង្កើតបាននូវអនាម័យសោភ័ណភាព និងភាពទាក់ទាញបានកាន់តែល្អប្រសើរឡើងសម្រាប់ខេត្តកំពត។ ឯកឧត្តមអភិបាលខេត្តក៏បានថ្លែងអំណរគុណផងដែរដល់ក្រុមហ៊ុនកូកាកូឡា ហើយសង្ឃឹមថាក្រុមហ៊ុននឹងកាន់តែបង្កើនកិច្ចសហការជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តកំពតដល់ពេលបច្ចុប្បន្នដែលរដ្ឋបាលខេត្តកំពតបាននឹងកំពុងយកចិត្តទុកដាក់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័នានាឲ្យបានកាន់តែល្អប្រសើរបន្តថែមទៀតក្នុងការគាំពារវិស័យបរិស្ថាន និងការ​គ្រប់គ្រង​សំរាម ដើម្បី​បរិស្ថាន​ស្អាត និង​ការ​លើក​កម្ពស់​សុខភាព​សាធារណៈ​ផងដែរ។
លោក អូត ចាន់ឌី នាយកផ្នែកធនធានមនុស្សប្រចាំប្រទេស នៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា)បានមានប្រសាសន៏ថា៖ «ការនាំយកធុងបែងចែកសំរាមជូនដល់ខេត្តកំពត និងខេត្តកែបនាថ្ងៃនេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមជាសាកលដែលក្រុមហ៊ុន កូកា-កូឡាបាននិងកំពុងអនុវត្ត។ ប្រសិនបើគ្មានការចូលរួមអនុវត្តពីប្រជាពលរដ្ឋ ការផ្តល់ធុងតែមួយមុខមិនគ្រប់គ្រាន់ទេ ក្នុងការសម្រេចឱ្យបាននូវការបែងចែកសំរាមប្រកបដោយប្រសិទ្ធភាព។ ដូចនេះក្រុមហ៊ុនសូមលើកទឹកចិត្តឱ្យបងប្អូនទាំងអស់ ចូលរួមបែងចែកសំរាមទាំងអស់គ្នា ដោយចាប់ផ្តើមពីអ្នក!»។ គួរបញ្ជាក់ថាក្រុមហ៊ុនកូកា-កូឡា បាននិងកំពុងអនុវត្តគោលដៅនិរន្តរភាព ក្នុងការប្រមូលនិងកែច្នៃសំបកវេចខ្ចប់ឱ្យស្មើ១០០%នៃចំនួនសំបកវេចខ្ចប់ដែលយើងលក់នៅលើទីផ្សារទូទាំងពិភពលោកត្រឹមឆ្នាំ២០៣០។ គោលដៅនិរន្តរភាពនេះ ហៅថា« ពិភពលោកគ្មានសំរាម (WWW-World Without Waste)»៕

រូបថតដោយ ឆែម ចាន់ធឿន

ព័ត៌មានបន្ថែម

រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
កម្ពុជាបង្ហាញការដោះស្រាយលើការប្រែប្រួលអាកាសធាតុនៅក្នុងវិស័យសំណង់ពិតជាមានសារៈសំខាន់ជាសកល
ថ្ងៃ ពុធ, 13 មិនា, 2024 កម្ពុជាបង្ហាញការដោះស្រាយលើការប្រែប្រួលអាកាសធាតុនៅក្នុងវិស័យសំណង់ពិតជាមានសារៈសំខាន់ជាសកល