មន្ត្រីក្រសួងបរិស្ថានចេញសិក្សាថ្នាក់អនុបណ្ឌិតនៅបរទេសប្តេជ្ញាយកចំណេះមក បម្រើស្រុក និងចូលរួមអភិវឌ្ឍកម្ពុជាដោយចីរភាព
ថ្ងៃ ចន្ទ, 7 សីហា, 2017មន្ត្រីវ័យក្មេងរបស់ក្រសួងបរិស្ថានចំនួនពីររូបដែលទៅសិក្សាថ្នាក់អនុបណ្ឌិតផ្នែកបរិស្ថាននៅប្រទេសកូរ៉េខាងត្បូង បានប្តេជ្ញានឹងយកចំណេះជំនាញពីបរទេសមកអភិវឌ្ឍនៅក្នុងប្រទេសកំណើតខ្លួនឯងវិញ និងចង់ចូលរួមឱ្យកម្ពុជាអាចអភិវឌ្ឍប្រកបដោយចីរភាព។
មន្ត្រីទាំងពីររូបនោះ គឺលោក ប៉ិច សុឃីម អាយុ២៨ឆ្នាំសិក្សាជំនាញ បរិស្ថាន បរិយាកាស និងលោក ឃឹម សណ្តាប់ អាយុ៣២ឆ្នាំ សិក្សាជំនាញផ្នែករដ្ឋបាល និងការរៀបចំផែនការក្រុងបែតង ដែលជាមន្ត្រីនៃអគ្គលេខាធិការដ្ឋានអភិវឌ្ឍន៍ប្រកបដោយចីរភាពដែលនឹងទៅសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសកូរ៉េខាងត្បូងរយៈពេល២ឆ្នាំចាប់ពីខែសីហា ឆ្នាំ២០១៧នេះរហូតដល់២០១៩។
ជាមន្ត្រីបរិស្ថានតាំងពីឆ្នាំ២០១៤ លោក ប៉ិច សុឃីម បានលើកឡើងថា ការសិក្សាថ្នាក់អនុបណ្ឌិតនេះ គឺជាឱកាសរបស់លោកដែលនឹងសិក្សាស្វែងយល់ពីបច្ចេកទេសគ្រប់គ្រងបរិស្ថាន ឬបច្ចេកវិទ្យាផ្សេងៗដែលទាក់ទឹងនឹងបរិស្ថាន ទាក់ទងនឹងគោលនយោបាយបរិស្ថាន ភាពជោគជ័យរបស់កូរ៉េខាងត្បូងដើម្បីអាចយកមកបំប្លែងទៅជាការអនុវត្តនៅប្រទេសកម្ពុជា។
លោកបានបញ្ជាក់ថា៖ “ពេលដែលខ្ញុំបានរៀនចប់ ខ្ញុំនឹងយកចំណេះដឹងដែលខ្ញុំបានរៀនមកប្រើប្រាស់តាមរយៈការធ្វើបច្ចុប្បន្នភាពគោលនយោបាយដែលកម្ពុជាមានស្រាប់ដូចជាគោលនយោបាយការប្រែប្រួលអាកាសធាតុ ឬសកម្មភាពឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ឬគោលការណ៍ណែនាំ”។
ដោយឡែក លោក ឃឹម សណ្តាប់ ដែលបានបម្រើការងារនៅក្នុងក្រសួងបរិស្ថានតាំងពីឆ្នាំ២០១៣មក បានលើកឡើងថា ការចេញទៅសិក្សានេះ គឺជាឱកាសមួដ៏ល្អសម្រាប់រូបលោកព្រោះថាលោកនឹងអាចមានឱកាសស្វែងយល់កាន់តែច្បាស់អំពីការរៀបចំក្រុងបៃតងក្នុងបរិបទនៃភាពរីកចម្រើនចរាចរណ៍កកស្ទះ និងអគាររីកដូចផ្សិតនេះ។
លោកបន្ថែមថា៖ “អ្វីដែលខ្ញុំចង់ឃើញ ក៏ដូចជាចង់ចូលរួមចំណែកនោះគឺការចូលរួមសរសេរគោលនយោបាយស្តីពីទីក្រុងបៃតងដែលនឹងអាចឱ្យពលរដ្ឋទាំងអស់មានលំហបៃតងសម្រាប់កំសាន្ត ហើយអាចបញ្ជៀសបាននូវការកកស្ទះចរាចរណ៍ដែលមកពីការគ្មានសណ្តាប់”។
លោកសណ្តាប់ បានគូសបញ្ជាក់ថា អ្វីដែលលោកចង់ឃើញគឺការប្រកួតប្រជែងភាពបៃតងនៃទីក្រុងកម្ពុជាលើឆាកអន្តរជាតិដែលរក្សាបាននូវបរិយាកាសល្អក្នុងទីក្រុង ហើយអាចឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
ទន្ទឹមនឹងនេះ លោក ប៉ិច សុឃីម បានអំពាវនាវឱ្យពលរដ្ឋទូទៅចាប់អារម្មណ៍វិស័យបរិស្ថាន ហើយជាពិសេសសិស្សនិស្សិតគួរតែងាកមកចាប់អារម្មណ៍ឱ្យខ្លាំងលើវិស័យបរិស្ថានព្រោះថាវាជាវិស័យមួយទូលាយទាំងទីផ្សារការងារ និងអាចជួយសង្គមអភិវឌ្ឍប្រកបដោយចីរភាព។
សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១នោះទេដែលមន្ត្រីក្រសួងបរិស្ថានជាពិសេសមន្ត្រីក្មេងៗដែលបានទទួលឱកាសចេញទៅសិក្សានៅក្រៅប្រទេស។ មន្ត្រីបរិស្ថានជាច្រើនរូបត្រូវបានបញ្ជូនទៅសិក្សាថ្នាកអនុបណ្ឌិត បណ្ឌិត ឬក៏វគ្គបណ្តុះបណ្តាលផ្សេងៗនៅតាមកម្មវិធី និងបណ្តាប្រទេសមួយចំនួន។ ក្នុងអាណត្តិទី៥នេះ ការពង្រឹងសមត្ថភាពមន្ត្រីគឺជាកិច្ចការងារកំណែទម្រង់ចាំបាច់មួយដែលក្រសួងបានដាក់ចេញដើម្បីកសាងស្ថាប័នទំនើប ឆ្លើយតបទៅនឹងការដាក់ចេញរបស់រាជរដ្ឋាភិបាលកម្ពុជាលើការកំណែទម្រង់ស៊ីជម្រៅ៕
ដោយ៖ ស៊ុន មេសា

