ខេត្តព្រះវិហារ៖ ក្រសួងបរិស្ថានបានរៀបចំគោលនយោបាយនិងផែនការសកម្មភាពលើការបង្កើតសេដ្ឋកិច្ចរបស់សហគមន៍តំបន់ការពារធម្មជាតិដែលស្ថិតនៅក្នុងនិងនៅជុំវិញតំបន់ការពារធម្មជាតិឱ្យមានជីវភាពធូរធារ។ ជាមួយគ្នាក្រសួងបរិស្ថានបានវាយតម្លៃខ្ពស់ចំពោះគម្រោងស្រូវសត្វត្រយងដែលអនុវត្តដោយអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ដែលនេះគឺជាការប្រើប្រាស់ខ្សែសង្វាក់ផ្គត់ផ្គង់ដែលមាននិរន្តភាព ដើម្បីគាំទ្រការអភិរក្សនិងការពារសត្វព្រៃ ព្រៃឈើ និងចូលរួមកាត់បន្ថយភាពក្រីក្រយ៉ាងមានប្រសិទ្ធភាព។ នេះគឺជាការថ្លែងឡើងឯកឧត្តម នេត្រ ភក្រ្តារដ្ឋលេខាធិការនិងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន នៅក្នុងអំឡុងនៃដំណើរទស្សនកិច្ចទៅកាន់ខេត្តព្រះវិហារសិក្សាស្វែងយល់ពីកិច្ចការពារនិងអភិរក្សធនធាន ធម្មជាតិក្នុងតំបន់នោះក្នុងរយៈពេល២ថ្ងៃពោលគឺថ្ងៃទី ៩-១០ ខែមិថុនាឆ្នាំ ២០២១។

ថ្លែងប្រាប់បណ្តាញសារព័ត៌មានឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន លើកឡើងថា គម្រោងស្រូវត្រយងបានចូលរួមយ៉ាងច្រើនក្នុងកិច្ចការងារអភិរក្សជាពិសេសអភិរក្សសត្វត្រយងយក្ស ត្រយងចង្កំកសដែលកំពុងជិតផុតពូជនៅលើពិភពលោក។ ក្រៅពីនេះវាក៏ គម្រោងស្រូវត្រយងបានរួមចំណែកក្នុងការការពារ ធនធានធម្មជាតិ នឹងអភិរក្សជីវៈចម្រុះនៅកម្ពុជា។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា ប្រជាពលរដ្ឋចូលរួមក្នុងគម្រោងដាំស្រូវសង្រ្គោះសត្វព្រៃនេះ ចាំបាច់ត្រូវគោរពនូវលក្ខខណ្ឌចំនួន ៤ សំខាន់គឺទី១ ការដាំស្រូវរបស់ពួកគាត់មិនត្រូវដាំលើផ្ទៃដីដែលពង្រីកថ្មី ដែលមានន័យថាមិនអនុញ្ញាត្តឱ្យមានទន្ទ្រានកាន់កាប់ដីព្រៃថ្មីទេនោះទេ ទី២ ហាមបរបាញ់សត្វ ទី៣ ហាមកាប់ឈើ និងទី៤ ហាមប្រើប្រាស់ជីគីមីសម្រាប់ការដាំដំណាំស្រូវរបស់ខ្លួន។ គោលការណ៍ទាំង៤នេះគឹជាគ្រឹះនៃការអនុត្តគម្រោងដាំសង្រ្គោះសត្វព្រៃ។
ឯកឧត្តមរដ្ឋលេខាធិការបានរំឭកដែរថា ស្រូវសង្រ្គោះសត្វព្រៃបានចាប់ផ្តើមឡើងនៅក្នុងខេត្តព្រះវិហារនេះ រួចហើយបានពង្រីកខ្លួនទៅកាន់តំបន់ការពារធនធានធម្មជាតិនានាក្នុងព្រះរាជាណាចក្រកម្ពុជា គឺមានការពង្រីកគម្រោងពីខេត្តព្រះវិហារ ទៅស្ទឺងត្រែង ខេត្តមណ្ឌលគិរី ខេត្តរតនគីរី។ សរុបគ្រួសារដែលបានចូលរួមដាំគម្រោងស្រូវប្រភេទនេះក្នុងតំបន់ការពារធម្មជាតិនៃខេត្តទាំងនោះមាន ១៥០០ គ្រួសារ។ សម្រាប់ទិន្នផលស្រូវដែលកសិករធ្វើបានគឺមានគុណភាពល្អ ហើយត្រូវបានលក់ក្នុងតម្លៃមួយលើស ៥០ភាគរយនៃតម្លៃទីផ្សារ។ ទាំងនេះដោយសារគាត់បានគោរពនូវគោលការណ៍ដែលបានដាក់ចុះដោយភ្ជាប់នឹងគោលការណ៍អភិរក្សហើយអតិថិជនដែលប្រើប្រាស់អង្គការស្រូវត្រយងប្រាថ្នា។ សព្វថ្ងៃផលិតផលស្រូវសង្រ្គោះសត្វព្រៃត្រូវបានគ្រប់គ្រងនិងធ្វើអាជីវកម្មដោយក្រុមហ៊ុន Ibis Rice Conservation Company (IRCC) ដែលតាមរយៈអង្គការសមាគមអភិរក្សសត្វព្រៃទទួលខុសត្រូវក្នុងការទិញ និងលក់ផលិតផលស្រូវសត្វប្រភេទនេះទៅកាន់ទីផ្សារជាតិនិងអន្តរជាតិ។
ឯកឧត្តម បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា មានទិសដៅធ្វើយ៉ាងណាឱ្យសហគមន៍ តំបន់ការពារធម្មជាតិមានចំណូលបន្ថែម និងបង្កើតជម្រើសថ្មី សម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិត ដើម្បីកាត់ផ្តាច់ពីការពឹងអាស្រ័យលើមុខរបរចាស់ចូលព្រៃកាប់ឈើ ចូលព្រៃបរបាញ់សត្វ ដោយបង្កើតមុខរបរថ្មីបម្រើឱ្យវិស័យអេកូទេសចរណ៍ ព្រមទាំងការបណ្តុះ បណ្តាលសហគមន៍ ឱ្យចេះគ្រប់គ្រង និងការចិញ្ចឹមសត្វផ្គត់ផ្គង់ទីផ្សារ ការដាំដំណាំកសិកម្ម និងដំណាំរួមផ្សំផ្សេងទៀតមានបន្លែបង្កា សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃខ្លួនឯងផង និងសម្រាប់បម្រើសេវាកម្មដល់ភ្ញៀវទេសចរដែលទៅទស្សនាកម្សាន្ត នៅក្នុងតំបន់សហគមន៍របស់ពលរដ្ឋផងដែរ។ បច្ចុប្បន្ននេះ ទេសចរក្នុងស្រុកមានកំណើនឡើងគួរឱ្យកត់សម្គាល់ដោយសារតែប្រជាពលរដ្ឋមានជីវភាពធូរធារ កំណើនសេដ្ឋកិច្ចជាតិ និងសុខសន្តិភាពគ្របដណ្តប់ទូទាំងប្រទេស។
ដោយឡែក លោក ផាន់ ស៊ីថាន ជាទីប្រឹក្សាបច្ចេកទេសផ្នែកសហគមន៍នៃអង្គការ WCS បានឱ្យដឹងថា គម្រោងកម្មវិធីស្រូវត្រយងបានអនុវត្តដំបូងនៅឆ្នាំ២០០៨ នៅភូមិត្មាតប៉ើយ ខេត្តព្រះវិហារ ហើយបច្ចុប្បន្នការអនុវត្តគម្រោងនេះនៅខេត្តព្រះវិហារបាន ១៤ភូមិ និងបានពង្រីកទៅស្ទឹងត្រែង ហើយពេលនេះដែរបានពង្រីកដល់ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ។ លោកបានបញ្ជាក់ដែរថាក្នុងចុងឆ្នាំ ២០២០និងដើមឆ្នាំ ២០២១នេះគម្រោងស្រូវសង្រ្គោះសត្វព្រៃមានទីផ្សារល្អ។ សម្រាប់នៅខេត្តព្រះវិហារតែមួយគេទិញបានស្រូវសង្រ្គោះសត្វព្រៃបាន៩០៥តោន។ ស្រូវប្រភេទនេះជាទូទៅគេបានកិនជាអង្ករហើយ ទើបបាននាំចេញនិងមួយចំនួនបានលក់នៅលើលទីផ្សារទំនើបក្នុងប្រទេសកម្ពុជា។ស្រូវប្រភេទនេះជាទូទៅលក់ជាអង្ករឬផលិតជានំផ្សេងៗទើបនាំចេញ។ លោកបានបញ្ជាក់ថាទីផ្សារស្រូវសង្រ្គោះសត្វព្រៃនេះភាគច្រើននាំទៅកាន់ទីផ្សារអឺរ៉ុបនិងប្រទេសសិង្ហបុរី ។
ដោយឡែក ឯកឧត្តម ស៊ូ សេរី អភិបាលរងខេត្តព្រះវិហារបានសម្តែងការគាំទ្រចំពោះការបង្កើតស្រូវមិត្តភាពសង្គ្រោះ សត្វព្រៃ(ស្រូវត្រយ៉ង)នេះដែលជាការលើកស្ទួយជីវភាពគ្រួសាររបស់ពលរដ្ឋ។ ឯកឧត្តមបានចាត់ទុកថា ការធ្វើស្រូវមិត្តភាពសង្គ្រោះសត្វព្រៃគឺជំហ៊ានមួយទៀតដែលជួយបន្ថែមចំណូលក្រៅពីប្រជាកសិករក្នុងការធ្វើស្រែប្រពៃណីរបស់ពួកគាត់ ហើយវាក៏ជាផ្នែកមួយក្នុងការរកចំណូលខ្ពស់នៃការរកចំណូលពីការធ្វើស្រែប្រភេទថ្មីនេះដែរ ពីព្រោះថាស្រូវប្រភេទថ្មីនេះមានតម្លៃខ្ពស់ជាងស្រូវធម្មតារបស់ពួកគាត់បានធ្វើកន្លងមក ហើយចំពោះទីផ្សារក៏ងាយរកថែមទៀត។ ឯកឧត្តមអភិបាលរងខេត្តព្រះវិហារបានលើកឡើងដោយបញ្ជាក់ថាស្រូវប្រភេទនេះធ្វើបានផលលឿន ទិន្នផលខ្ពស់ហើយតម្លៃខ្ពស់ដែលជួយលើកស្ទួយឱ្យកាន់តែធូរធា។ស្រូវប្រភេទនេះប្រើក្នុងរយៈពេល៣ខែអាចទទួលបានផលហើយ។
យ៉ាងណាក្តី ឯកឧត្តមបានបញ្ជាក់ដែរថា បច្ចុប្បន្នអ្វីដែលប្រជាពលរដ្ឋកំពុងប្រឈមនោះគឺការធ្វើស្រែដោយនៅពឹងផ្អែកទៅលើទឹកភ្លៀងនៅឡើយ ហើយបើភ្លៀងពុំគ្រប់គ្រាន់ទេ ទិន្នផលស្រូវរបស់ពួកគាត់ក៏ធ្លាក់ចុះដែរ។ទោះបីយ៉ាងណានាថ្ងៃខាងមុខនេះអាជ្ញាធរខេត្តនឹងរកវិធីដោះស្រាយជូនបងប្អូនសំដៅធ្វើយ៉ាងណាឱ្យបងប្អូនមានប្រព័ន្ធធារាសាស្រ្តគ្រប់គ្រាន់ក្នុងការធ្វើស្រែ។

គួរបញ្ជាក់ថាគម្រោងដាំស្រូវមិត្តភាពសង្គ្រោះសត្វព្រៃក្នុងដែនជម្រកសត្វព្រៃព្រះរកាកំពុងត្រូវបានអនុវត្តរួមគ្នាដោយអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) សហការជាមួយក្រសួងបរិស្ថាន។ ការបង្កើតគម្រោងនេះដែរ គោលបំណងសំខាន់ ដើម្បីបង្កើនជីវភាពរបស់ប្រជាសហគមន៍ នឹងទប់ស្កាត់ការទន្ទ្រានដីព្រៃមិនឱ្យប្រជាសហគមន៍រុករានចូលក្នុងតំបន់ការពារធម្មជាតិឡើយ៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់