ក្នុងអាណត្តិទី៥នេះ ការគ្រប់គ្រងសំរាមរាយប៉ាយ ជាពិសេសថង់ប្លាស្ទិក គឺជាកិច្ចការងារអាទិភាពមួយ របស់​ក្រសួង​​បរិស្ថាន ដើម្បីគ្រប់គ្រង​កាកសំណល់ដែលកំពុងបំពុលសុខភាព​ប្រជាពលរដ្ឋដោយសារ​តែការរាយ​ប៉ាយ​នៅតាម​ទីសាធារណៈ និងទីកន្លែងប្រជុំជនមួយចំនួន។ ដើម្បីគ្រប់គ្រងបញ្ហាសំរាមនេះ រដ្ឋាភិបាល​តាមរយៈ​សំណើរ​បស់ក្រសួងបរិស្ថាន បានចេញអនុក្រឹត្យលេខ១១៣ សំដៅ​ធ្វើឱ្យប្រសើរ​ឡើងនូវ​ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព សំដៅធានា​បាននូវ​សោភ័ណភាព​ កិច្ចគាំពារសុខភាពសាធារណៈ និងបរិស្ថាន។

ចេញកាលពីខែធ្នូ ឆ្នាំ២០១៦ អនុក្រឹត្យមួយនេះ បានប្រគល់មុខងារគ្រប់គ្រងសំរាម សំណល់ទីប្រជុំជន​ទៅឱ្យរដ្ឋ​បាលរាជធានី ក្រុងនិងស្រុក ធ្វើប្រតិភូកម្មមុខងារគ្រប់គ្រងសំរាមទៅឱ្យរដ្ឋបាលថ្នាក់ខណ្ឌ ដោយចាត់វិធានការ​ចាំបាច់ ដើម្បីបង្កើនប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។ បន្ថែមពីនេះ ការលើក​​កម្ពស់ការយល់ដឹងសាធារណៈ និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការរៀបចំ និងការអនុវត្ត​វិធានការ​គ្រប់គ្រងឱ្យមានប្រសិទ្ធភាពបំផុត គឺជាកិច្ចការងារដែលមិនអាចខ្វះបាននោះឡើយ។

ក្រោយការចេញអនុក្រឹត្យនេះ និងវិធានការម៉ឺងម៉ាត់របស់ក្រសួងបរិស្ថាន និងស្ថាប័នក្រោមឱវាទ កិច្ចការងារ​គ្រប់គ្រង​សំរាម​ត្រូវបានអនុវត្ត​បានល្អប្រសើរមួយកម្រិត ប៉ុន្តែការចោលសំរាមរាយប៉ាយនៅទីសាធារណៈ និង​ទីប្រជុំជន​នៅតែជាបញ្ហាចោទ​នៅឡើយព្រោះថាពលរដ្ឋមួយចំនួន​ខ្វះខាតការយល់ដឹង និងការចូលរួម​ដើម្បី​បរិស្ថាន​ស្អាត និងរក្សាអនាម័យសាធារណៈ។ សំរាមទាំងនោះគេសង្កេតឃើញនៅកន្លែងមួយចំនួនដូចជាប្រឡាយទឹករំដោះទឹកស្ទឹងមានជ័យដែលពោទៅដោយសំរាមប្លាស្ទិកដែលហាក់ដូចជាប្រឡាយថង់ប្លាស្ទិកយ៉ាងដូចនេះដែរ និងទីកន្លែងមួយចំនួនទៀត​ដែលនៅ​មាន​ការ​គំនរ​សំរាមរាយប៉ាយ។

ឆ្លើយតបនឹងបញ្ហានេះ ក្រសួងបរិស្ថានដែលកំពុងធ្វើការងារយ៉ាងសកម្មលើបញ្ហាសំណល់ និងថង់ប្លាស្ទិក បានទទួចអស់ពីចិត្តឱ្យគ្រប់ភាគីទាំងអស់​ដែលមានទាំងប្រជាពលរដ្ឋ ក្រុមហ៊ុនប្រមូលសំរាម អាជ្ញាធរដែនដី អង្គសង្គមស៊ីវិល ត្រូវតែចូលរួមឱ្យបានគ្រប់ៗគ្នាដើម្បីបរិស្ថានស្អាត និងសុខមាល​ភាព​សាធារណៈល្អ បើមិនដូច្នេះ​ទេការគ្រប់គ្រងសំរាម និងកាកសំណល់នឹងមិនមានប្រសិទ្ធភាពឡើយ។ ហើយបញ្ហាសំរាមរាយ​ប៉ាយ​នេះ នឹងបំបាក់​សោភ័ណភាព​ទីក្រុងភ្នំពេញដ៏ស្រស់ត្រកាលរបស់កម្ពុជាជាក់ជាមិនខាន។

អ្នកជំនាញបរិស្ថាន បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធបង្កើនការផ្សព្វផ្សាយសំដៅពង្រឹង​ការយល់ដឹងទៅដល់​ប្រជា​ពល​រដ្ឋដែលជាចំណុចសំខាន់បំផុត ព្រោះការចូលរួមរបស់ពលរដ្ឋគឺជាយន្តការ​គ្រប់គ្រងសំរាម​បានយ៉ាង​ល្អបំ​ផុត។ មួយវិញទៀត​អ្នកជំនាញ​បានមើលឃើញថា​ពលរដ្ឋកម្ពុជាមួយចំនួន​នៅពុំសូវមានចំណេះដឹង​ស្តីពីការគ្រប់​គ្រង​សំរាម និងការចូលរួមឱ្យបានផុលផុសនោះទេ។

បើទោះបីជាបែបណាក៏ដោយ ក្រសួងបរិស្ថានសង្ឃឹមយ៉ាងមុតម៉ាំថា ប្រជាពលរដ្ឋ ក្រុមហ៊ុន និងអាជ្ញាធរដែនដី និងគ្រប់ភាគីពាក់​ព័ន្ធផ្សេងៗទៀតនឹង​ប្រឹងប្រែងយក​អស់កម្លាំងកាយចិត្​តដើម្បី​គ្រប់គ្រង​ថង់ប្លាស្ទិក​ឱ្យមាន​ប្រសិទ្ធភាពបំផុត៕

ដោយ៖ ស៊ុន មេសា

វីដេអូ៖ Khmer Time

ព័ត៌មានបន្ថែម

រាជរដ្ឋាភិបាលដាក់ចេញយុទ្ធសាស្ត្រ៤ ដើម្បីគាស់រំលើងបញ្ហាចេញ និងកាយយកកំណើនភ្ញៀវទេសចរមកវិញ
ថ្ងៃ អង្គារ, 17 កញ្ញា, 2019 រាជរដ្ឋាភិបាលដាក់ចេញយុទ្ធសាស្ត្រ៤ ដើម្បីគាស់រំលើងបញ្ហាចេញ និងកាយយកកំណើនភ្ញៀវទេសចរមកវិញ
អបអរសាទរ ពិធីបុណ្យភ្ជុំបិណ្ឌ
ថ្ងៃ អង្គារ, 17 កញ្ញា, 2019 អបអរសាទរ ពិធីបុណ្យភ្ជុំបិណ្ឌ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ អង្គារ, 6 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩