នាទីស្តីការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា បុគ្គលិកអនាម័យ និងសន្តិសុខ ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត ដោយប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១។
ដើម្បីឲ្យយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព ធានាបាននូវវិធានការកំណត់របស់ក្រសួងសុខាភិបាលនោះ ក្រសួងបរិស្ថាន បានអនុវត្តន៍រៀបចំទីតាំងដោយអនុវត្តន៍តាមស្តង់ដារដែលបានកំណត់ ដើម្បីសម្រួលការងារចាក់វ៉ាក់សាំងឲ្យបានដំណើរការល្អ និងអនុវត្តន៍តាមវិធាននានា ដើម្បីការពារសុវត្ថិភាពមន្ត្រី ដែលបានចូលរួមចាក់វ៉ាក់សាំង។ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាសរុបជាង២០០០នាក់ នៃក្រសួងបរិស្ថាន ក្នុងនោះនៅទីស្តីការក្រសួងមានចំនួន៧០០នាក់ និងនៅតាមមន្ទីរបរិស្ថានរាជធានី-ខេត្ត សរុប១៣៩១នាក់ បានស្ម័គ្រចិត្តចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ។
គួរឲ្យដឹងថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាឧបករណ៍ថ្មីមួយបន្ថែមលើវិធានការសុខាភិបាលដែលមានស្រាប់ សម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងសង្គ្រោះជីវិតមនុស្ស ដោយជួយបុគ្គលមិនឲ្យឈឺធ្ងន់នៅពេលឆ្លងជំងឺកូវីដ-១៩ និងកាត់បន្ថយការព្យាបាលនៅមន្ទីរពេទ្យ។ ការចូលរួមចាក់វ៉ាក់សាំង ដោយស្ម័គ្រចិត្តនេះដែរ ក៏ដើម្បីការពារខ្លួនអ្នក ការពារក្រុមគ្រួសារអ្នក និងការពារសហគមន៍យើង ដើម្បីកុំឲ្យវីរុសកូវីដ-១៩ វាយលុកចូលទៅក្នុងខ្លួនយើង ចូលទៅក្នុងផ្ទះរបស់យើង និងចូលសហគមន៍របស់យើង ដែលធ្វើឲ្យមានមហន្តរាយសុខភាពសាធារណៈ ក៏ដូចជាមានការប៉ះពាល់ធ្ងន់ដល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិផងដែរ។
សូមរម្លឹកថា ដោយអនុវត្តន៍តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានកំណត់ក្រុមគោលដៅដែលត្រូវចាក់វ៉ាក់សាំង សរុបចំនួន៧៤ម៉ឺន៥ពាន់នាក់ សម្រាប់វ៉ាក់សាំង១,៥លានដូស (សម្រាប់ចំនួនដូសទី១) សម្រាប់ចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (SINOVAC) ដោយត្រូវអនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១តទៅ ជូនក្រុមមនុស្សដែលដល់វេនចាក់វ៉ាក់សាំង តាមបញ្ជីឈ្មោះដែលបានផ្ញើជូនគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩រួចហើយ នាពេលនេះរួមមាន៖
១)ក្រុមគ្រូពេទ្យ បុគ្គលិក និងមន្ត្រីសុខាភិបាលជួរមុខ
២)រដ្ឋសភា ព្រឹទ្ធសភា និងក្រុមគ្រួសារ
៣)អ្នកសារព័ត៌មាន ដែលពុំទាន់បានចាក់លើកមុន
៤)កងកម្លាំង និងមន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលពុំទាន់បានចាក់ពីមុននៅតាមបណ្តារាជធានី-ខេត្ត
៥)មន្ត្រីរាជការស៊ីវិល រួមទាំងបុគ្គលិកកិច្ចសន្យាទាំងអស់នៅគ្រប់ក្រសួង ស្ថាប័ន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំង សាស្ត្រាចារ្យ គ្រូបង្រៀន នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលនានាទូទាំងប្រទេស
៦)មន្ត្រី បុគ្គលិកបម្រើការនៃអគ្គិសនីកម្ពុជាទូទាំងប្រទេស នៃអាជ្ញាធរជាតិទាំងអស់ នៃគណៈមេធាវី នៃសាលាក្តីខ្មែរក្រហម នៃលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុនអាកាសចរនានា
៧)ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងកាណាឌីយ៉ាគ្រុប
និង៨)កម្មករ-កម្មការិនីនៅតាមរោងចក្រមួយចំនួន (ទៅតាមវេន) ដែលសម្របសម្រួលរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕

ព័ត៌មានបន្ថែម

ថ្ងៃទី១នៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩៖ មន្ត្រីក្រសួងបរិស្ថានចំនួន ២០០នាក់បានចាក់វ៉ាក់សាំងស៊ីណូវ៉ាក់
ថ្ងៃ សុក្រ, 2 មេសា, 2021 ថ្ងៃទី១នៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩៖ មន្ត្រីក្រសួងបរិស្ថានចំនួន ២០០នាក់បានចាក់វ៉ាក់សាំងស៊ីណូវ៉ាក់
កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី២៦ នៃក្រុមប្រឹក្សាអង្គការអន្តរជាតិភាពជាដៃគូក្នុងការគ្រប់គ្រង បរិស្ថានសមុទ្រនៅអាស៊ីបូព៌ា (PEMSEA)
ថ្ងៃ ព្រហស្បតិ៍, 1 មេសា, 2021 កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី២៦ នៃក្រុមប្រឹក្សាអង្គការអន្តរជាតិភាពជាដៃគូក្នុងការគ្រប់គ្រង បរិស្ថានសមុទ្រនៅអាស៊ីបូព៌ា (PEMSEA)
ក្រសួងបរិស្ថានត្រៀមរួចជាស្រេចចូលរួមបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនមន្ត្រី និងមន្ត្រីជាប់កិច្ចសន្យានៃក្រសួងបរិស្ថានដែលនឹងចាប់ផ្តើមនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ នេះតទៅ
ថ្ងៃ ពុធ, 31 មិនា, 2021 ក្រសួងបរិស្ថានត្រៀមរួចជាស្រេចចូលរួមបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនមន្ត្រី និងមន្ត្រីជាប់កិច្ចសន្យានៃក្រសួងបរិស្ថានដែលនឹងចាប់ផ្តើមនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ នេះតទៅ