នាទីស្តីការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃចន្ទ ១១កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បានប្រារព្ធពិធីប្រគល់រង្វាន់ និងវិញ្ញាបនបត្រដល់ជ័យលាភី ការប្រកួតវីដេអូបែបអត្ថាធិប្បាយ (វិដេអូសំណេរ) យុទ្ធនាការការពារព្រៃឈើ និងសត្វព្រៃក្នុងតំបន់ទេសភាពព្រៃឡង់ តាមរយៈការផ្លាស់ប្តូរឥរិយាបថសង្គម។ ក្នុងពិធីនេះ ក៏មានការចូលរួមពីសំណាក់លោកស្រី មាស ច័ន្ទធីតា អគ្គនាយករង អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន លោក រីឆាត ឈិន ប្រធានការិយាល័យសន្តិសុខស្បៀង និងបរិស្ថាន ទីភ្នាក់ងារជំនួយអាមេរិក USAID លោក ថៃ សីលា នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន ខាំបូធីកឃីក និងបេក្ខជន បេក្ខនារី ប្រកួតផលិតវីដេអូបែបអត្ថាធិប្បាយ ជាច្រើនរូបទៀត។
ក្នុងឱកាសនោះដែរ លោក រីឆាត ឈិន ប្រធានការិយាល័យសន្តិសុខស្បៀង និងបរិស្ថាន ទីភ្នាក់ងារជំនួយអាមេរិក USAID បានលើកឡើងថា ការបង្កើតការប្រកួតផលិតវីដេអូបែបអត្ថាធិប្បាយ (វីដេអូសំណេរ) ស្តីអំពីបរិស្ថាន គឺផ្តល់ឱកាសដល់យុវជនបញ្ចេញសមត្ថភាពផលិតវីដេអូតាមជំនាញរបស់ខ្លួន លើប្រធានបទការការពារព្រៃឈើ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ការប្រកួតផលិតវីដេអូសំណេរនេះ ប្រព្រឹត្តទៅបីសប្តាហ៍ ដែលបានបញ្ចប់នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០កន្លងទៅ។ ការប្រកួតផលិតវីដែអូអមជាមួយបទអត្ថាធិប្បាយនេះ ទទួលបានចំណាប់អារម្មណ៍ទូទាំងប្រទេស ហើយត្រឹមថ្ងៃកំណត់ យើងទទួលបាន១៨វីដេអូ លើប្រធានបទបរិស្ថានក្នុងតំបន់ទេសភាពព្រៃឡង់។ នេះគឺជាជោគជ័យមួយដែលបង្ហាញច្បាស់តាមរយៈការប្រកួតផលិតវីដេអូនេះ។ ប៉ុន្តែលើសពីនេះ យើងសង្ឃឹមថា ដំណើរការប្រកួតផលិតវីដេអូនេះ នឹងផ្តល់ព័ត៌មាន និងជំនាញចាំបាច់ដល់ប្រជាពលរដ្ឋកម្ពុជា ក្នុងការផ្លាស់ប្តូរឥរិយាបថវិជ្ជមាន ក៏ដូចជាជំរុញលើកទឹកចិត្តអ្នកដទៃទៀត ឱ្យផ្លាស់ប្តូរឥរិយាបថវិជ្ជមានដូចគ្នាផងដែរ។ លោក រីឆាត ឈិន បានជំរុញលើកទឹកចិត្តយុវជនកម្ពុជា ឱ្យចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការ និងការខិតខំប្រឹងប្រែងរបស់ពួកគេនាពេលអនាគត។ យុវជនកម្ពុជាទាំងអស់ នឹងទទួលបានឱកាសស្វែងយល់ និងឱ្យតម្លៃដល់ធម្មជាតិដែលមានក្នុងប្រទេសរបស់ខ្លួន ក៏ដូចជាលើកកម្ពស់កេរដំណែលជាតិបៃតង ក្នុងចំណោមមិត្តភក្តិ ក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិរបស់ខ្លួនទាំងមូល។
ជាមួយគ្នានេះដែរ លោកស្រី មាស ច័ន្ទធីតា អគ្គនាយករង តំណាងឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគម្រោងអនាគតបៃតង ដែលមានគំនិតផ្តួចផ្តើមក្នុងការរៀបចំកម្មវិធីប្រកួតវីដេអូខ្លីអំពីព្រៃឡង់នេះឡើង ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំរៀបចំការផ្សព្វផ្សាយ និងជម្រុះតាមដំណាក់កាលយ៉ាងយកចិត្តទុកដាក់ និងមានតម្លាភាពរហូតរកឃើញអ្នកឈ្នះរង្វាន់ជ័យលាភី។ លោកស្រីបានឱ្យដឹងទៀតថា សម្រាប់អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន ជាអង្គភាពជំនាញមួយ ក៏មានបេសកកម្មចម្បងរបស់ខ្លួន គឺ លើកកម្ពស់ចំណេះដឹងបរិស្ថាន ដើម្បីផ្លាស់ប្តូរផ្នត់គំនិតសាធារណជនឱ្យចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថាន។
ក្នុងនាមអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន លោកស្រីសូមលើកទឹកចិត្តឲ្យប្អូនៗយុវជនឱ្យចូលរួមការប្រកួតប្រជែងរបៀបនេះបន្តទៀត ប្រសិនជាមាន ទោះស្ថាប័ន ឬគម្រោងផ្សេងៗទៀតរៀបចំឡើងក៏ដោយ ព្រោះលោកស្រីសង្ឃឹមថា ប្អូនៗនឹងក្លាយជាកម្លាំងចលករក្នុងការជំរុញសាធារណជនឱ្យចូលរួមប្រែក្លាយចំណេះដឹងបរិស្ថាន ឱ្យទៅជាការប្រតិបត្តិមេត្រីភាពបរិស្ថានល្អ និងមានការផ្លាស់ប្តូរឥឥរិយាបថជាវិជ្ជមានចំពោះបរិស្ថាន និងធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា៕

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានបានរៀបចំការប្រឡងជ្រើសរើសនិស្សិត ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថាន សម្រាប់ឆ្នាំ២០២១
ថ្ងៃ អង្គារ, 12 តុលា, 2021 ក្រសួងបរិស្ថានបានរៀបចំការប្រឡងជ្រើសរើសនិស្សិត ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថាន សម្រាប់ឆ្នាំ២០២១
កិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ “High Level Segment – Leader’s Submit and Ministerial Segment Plenary” នៃសន្និសីទកំពូលរដ្ឋជាភាគីលើកទី១៥ នៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ (CBD-COP 15) តាមរយៈប្រព័ន្ធរូបភាព និងសំឡេង ( អនឡាញ)
ថ្ងៃ អង្គារ, 12 តុលា, 2021 កិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ “High Level Segment – Leader’s Submit and Ministerial Segment Plenary” នៃសន្និសីទកំពូលរដ្ឋជាភាគីលើកទី១៥ នៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ (CBD-COP 15) តាមរយៈប្រព័ន្ធរូបភាព និងសំឡេង ( អនឡាញ)
ចកវ៉កកម្ពុជា ឬចកវ៉កភ្នំក្រវាញ Cambodian Laughingthrush (Garrulax ferrarius)
ថ្ងៃ ចន្ទ, 11 តុលា, 2021 ចកវ៉កកម្ពុជា ឬចកវ៉កភ្នំក្រវាញ Cambodian Laughingthrush (Garrulax ferrarius)